COVID-19
ជាតិ
ក្រសួងក្រើនរំលឹកវិធានការការពារក្រោយការរកឃើញប្រភេទអូមីក្រុងបំប្លែងថ្មី BA.4, BA.5
12, Jul 2022 , 6:40 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាពិធីបើកយុទ្ធនាការជាតិស្តីពីវិធានការទប់ស្កាត់អូមីក្រុងបំប្លែងថ្មី កាលពីខែមីនា កន្លងមក។ រូបថត ក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាពិធីបើកយុទ្ធនាការជាតិស្តីពីវិធានការទប់ស្កាត់អូមីក្រុងបំប្លែងថ្មី កាលពីខែមីនា កន្លងមក។ រូបថត ក្រសួងសុខាភិបាល
ដោយ: រួបរួម
ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ បានចេញសេចក្តីណែនាំស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ ក្រោយកម្ពុជាបានរកឃើញអូមីក្រុងបំប្លែងថ្មីប្រភេទ BA.4 និង BA.5 ។ ជាករណីដែលស្ថិតក្នុងចំណោមការរាលដាលសារជាថ្មីឡើងវិញនៅកម្ពុជាចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ក្រោយស្ងប់ស្ងាត់អស់រយៈពេល៥២ថ្ងៃ។

 
ក្រសួងបានបញ្ជាក់ថា ករណីវិជ្ជមានកូវីដ-១៩ សារជាថ្មីនេះ ត្រូវបានរកឃើញនៅលើអ្នកដំណើរពីក្រៅប្រទេស អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រទៅបរទេស។ ចំណែកការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4, BA.5 គឺមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ ដូចជា BA.1, BA2។
 
«ពពួកបំប្លែងថ្មីនេះ មានលទ្ធភាពបញ្ជៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបានងាយស្រួលជាងមុន ដែលធ្វើឲ្យភាពស៊ាំរបស់បុគ្គលឆាប់ធ្លាក់ចុះលឿនជាងមុន»។ នេះជាការបញ្ជាក់របស់ក្រសួងសុខាភិបាល ដោយបន្ថែមថា រោគសញ្ញា BA.4, BA.5 មិនខុសប្លែកពីប្រភេទវីរុសជំនាន់មុនៗឡើយ ដោយមានការក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ ស្រដៀងផ្តាសាយធម្មតា។
 
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានក្រើនរំលឹកឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារដើម្បីបញ្ចៀសនូវការរីករាលដាលកូវីដ-១៩ ដ៏ធ្ងន់ធ្ងរសារជាថ្មី។ លោកបានអំពាវនាវដល់ប្រជាជនទាំងអស់ទាំងកម្ពុជា និងបរទេស ដែលរស់នៅកម្ពុជា បន្តនាំគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដោយមានគម្លាតពីមួយដូសទៅមួយដូសរយៈពេល៣ខែឡើងទៅ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com