ជាតិ
ពីនេះ ពីនោះ
អ្នកនាំពាក្យ៖ បើភ្លៀងបន្តធ្លាក់ទៀត កម្ពស់ទឹកស្ពានស្ទឹងសំរោង នឹងអាចប្រកាសអាសន្ន
12, Jul 2022 , 4:07 pm        
រូបភាព
ជំនន់ទឹកភ្លៀង ជន់លិចផ្ទះពលរដ្ឋ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រូបភាព រដ្ឋបាលខេត្តព្រះសីហនុ។
ជំនន់ទឹកភ្លៀង ជន់លិចផ្ទះពលរដ្ឋ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រូបភាព រដ្ឋបាលខេត្តព្រះសីហនុ។
ភ្លៀងធ្លាក់នៅក្នុងខេត្តព្រះសីហនុបណ្ដាលឱ្យកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចំណុចគីឡូម៉ែត្រ ១១៥ និង ១១៦ក្នុងភូមិស្ទឹងសំរោង  ឃុំអូរបាក់រទេះ  ស្រុកកំពង់សីលា ហក់ឡើងកម្ពស់ដល់ ៥,៦០ម៉ែត្រ ពីបាតស្ទឹង។អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ អះអាងថា ស្ថានភាពកម្ពស់នារសៀលថ្ងៃទី១២ កក្កដានេះ  ពុំទាន់ដល់កម្រិតប្រកាសអាសន្នឡើយតែភ្លៀងបន្តធ្លាក់មិនឈប់ នឹងអាចដល់ការប្រកាសអាសន្ន។

 
ជុំវិញបញ្ហាជំនន់ទឹកភ្លៀងនៅចំណុចខាងលើនេះ លោក ឃាង ភារម្យអះអាងប្រាប់ ThmeyThmey25 តាមតេឡេក្រាម ថា៖ «តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះកម្ពស់ទឹកអាចនឹងហក់ឡើងដល់កម្រិតប្រកាស អាសន្នកម្ពស់៦.២ម៉ែត្រនឹងលិចលើផ្លូវជាតិលេខ៤តែម្ដង»។
 
ជំនន់ទឹកភ្លៀងនេះ បានបង្កឱ្យប៉ះពាល់ដល់ការរស់នៅនិងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៤២គ្រួសារ។ នេះបើតាម លោក ឃាង ភារម្យ ដែលបន្ថែមថាគណៈបញ្ជាការឯកភាព ស្រុកកំពង់សីលា ក៏បានដឹកនាំកម្លាំងចុះពិនិត្យ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់នេះផងដែរ។ 


ជំនន់ទឹកភ្លៀង ចំណុចផ្លូវជាតិលេខ៤ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រូបភាព រដ្ឋបាលខេត្តព្រះសីហនុ។

ដោយឡែក បច្ចុប្បន្នចំណុចផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោងរថយន្ត តូច ធំ នៅតែអាចធ្វើ ដំណើរ ចរាចរណ៍ទៅមកធម្មតាដដែល។ប៉ុន្តែក្នុងករណីភ្លៀងនៅបន្តធ្លាក់ និងបណ្ដាលឱ្យជន់លិចផ្លូវជាតិលេខ៤នេះកាន់តែខ្លាំង នឹងអាចឈានទៅដល់ការផ្អាកចរាចរណ៍បណ្ដោះអាសន្នផងដែរ។ 
 
គួរជម្រាបផងដែរ តាមការព្យាករណ៍អាកាសធាតុរបស់ ក្រសួងធនធានទឹកនិងឧតុនិយម តំបន់មាត់សមុទ្រ នៅថ្ងៃទី១៣ និងទី១៤ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុងនិងខេត្តព្រះសីហនុ។ នៅលើផ្ទៃសមុទ្រវិញនឹងមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ ចំណែកចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ខែកក្កដា កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យមផងដែរ៕ 
 
 
 

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង
  ខេត្តព្រះសីហនុ
  ស្រុកកំពង់សីលា
© រក្សាសិទ្ធិដោយ thmeythmey.com