អន្តរជាតិ
ប្រជាជនជប៉ុន លាលោក អាបេ លើកចុងក្រោយ
12, Jul 2022 , 5:59 pm        
រូបភាព
ឡានដឹកសពលោក អាបេ ស៊ិនហ្សូ ទៅដល់ការិយាល័យនាយករដ្ឋមន្រ្តីក្នុងទីក្រុងតូក្យូ។ រូបថត AFP
ឡានដឹកសពលោក អាបេ ស៊ិនហ្សូ ទៅដល់ការិយាល័យនាយករដ្ឋមន្រ្តីក្នុងទីក្រុងតូក្យូ។ រូបថត AFP
ពិធីបុណ្យសពលោកអាបេ ស៊ិនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានរៀបចំឡើងនៅព្រះវិហារ Zojoji ក្នុងក្រុងតូក្យូ ៤ថ្ងៃក្រោយអតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ ប្រជាជនជប៉ុន ជាច្រើនរយនាក់ បានបង្ហាញវត្តមាននៅខាងក្រៅព្រះវិហារនោះ ខណៈពិធីបុណ្យ ត្រូវបានកម្រិតចំនួនមនុស្សចូលរួម។ ប៉ុន្តែនៅតាមដងផ្លូវដែលឡានដឹកសពបើកកាត់ ប្រជាជនជប៉ុនជាច្រើន ឈរលាអតីតនាយករដ្ឋមន្រ្តីរូបនេះ។

 
ប្រជាជនជាច្រើន ដោយភាគច្រើនស្ថិតក្នុងសំលៀកបំពាក់ពណ៌ខ្មៅ បានឈរនៅតាមកន្លែងថ្មើរជើងខាងក្រៅព្រះវិហារZojoji ដើម្បីជូនដំណើរលោក អាបេ ស៊ិនហ្សូ នាយករដ្ឋមន្រ្តីជប៉ុនចុងក្រោយ។ ស្របពេលកម្លាំងសន្តិសុខរក្សាសណ្តាប់ធ្នាប់យ៉ាងម៉ត់ចត់ ប្រជាជនមួយចំនួន បានកាន់រូបថតរូបអាបេ អ្នកខ្លះកាន់ទូរសព្ទថត ខណៈអ្នកផ្សេងទៀត បានស្រែកហៅឈ្មោះ លោក អាបេ និងអរគុណលោក។ 
 
ក្នុងពិធីបុណ្យនៅព្រះវិហារនោះ ចំនួនមនុស្សត្រូវបានកម្រិត។ នាយករដ្ឋមន្រ្តីជប៉ុន និងសមាជិកគ្រួសារសព បានចូលរួមក្នុងពិធីនេះ មុនកម្មវិធីបុណ្យឯកជនដែលត្រូវរៀបចំនៅពេលបន្ទាប់។ 
 
រថយន្តដឹកសព បានដឹកលោក អាបេ ទៅកាន់ទីតាំងសំខាន់ៗ ដែលអតីតនាយករដ្ឋមន្រ្តីជប៉ុនរូបនេះ ធ្លាប់បម្រើការងារ ក្នុងនោះមាន ការិយាល័យនាយករដ្ឋមន្រ្តី អគារសភា និងទីស្នាក់ការកណ្តាលរបស់បក្សប្រជាធិបតេយ្យសេរីផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន និងសមាជិកគណៈរដ្ឋមន្រ្តីផ្សេងទៀត បានឈររង់ចាំនៅច្រកចូលការិយាល័យនាយករដ្ឋមន្រ្តី ដែលលោកអាបេ ធ្លាប់ធ្វើការរយៈពេល ៨ឆ្នាំនៅទីនោះ។ ថ្នាក់ដឹកនាំជប៉ុន ក៏បានបង្ហាញកាយវិការគោរព ចំពោះលោកអាបេផង។ 
 
បន្ទាប់ពីលោកអាបេទទួលមរណភាព បណ្តាប្រទេសជាច្រើន បានផ្ញើសារចូលរួមរំលែកទុក។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលជប៉ុន បានទទួលសាររំលែកទុក្ខចំនួន ១៧០០ច្បាប់ ពីប្រទេស និងអង្គការតំបន់ និងអន្តរជាតិចំនួន២៥៩៕  
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com