ជាតិ
សង្គមជាតិ
ក្តីស្រលាញ់ និងឱកាសការងារ! ក្មេងស្រីកម្ពុជាកាន់តែច្រើន ចាប់យកជំនាញព័ត៌មានវិទ្យា​
12, Jul 2022 , 7:59 pm        
រូបភាព
ដោយ៖ លិវ លីម៉ឹង (Liv Liming) 
 
បច្ចុប្បន្ន ​ចំនួនកេ្មងស្រីនៅកម្ពុជាដែលរៀនជំនាញព័ត៌មានវិទ្យា(Information​ Technology) ហាក់មានកំណើនគួរឱ្យកត់សម្គាល់។ ក្តីស្រម៉ៃ ឆន្ទៈ និងមហិច្ឆតា​ រួមទាំងឱកាសការងារ បានជំរុញពួកគេឱ្យសម្រេចរៀនជំនាញនេះដោយមិនរុញរាឡើយ ព្រោះពួកគេ​ចង់ក្លាយជា​អ្នកសរសេរ​កូដកម្មវិធី​កុំ​ព្យូ​ទ័​រ ​អ្នក​រចនា​ក្រាហ្វិ​ក និងអ្នកអភិវឌ្ឍកម្មវិធីផ្សេងៗ​ដ៏ជំនាញ​។

 
កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍដែលត្រូវការអ្នកជំនាញខាងព័ត៌មានវិទ្យាច្រើន។ ការមើលឃើញនូវឱកាសបែបនេះ រួមផ្សំនឹងចិត្តស្រលាញ់ផងនោះ បានជំរុញ យុវតី ស៊ឹម កូលាប សម្រេចរៀនជំនាញនេះដោយភាពគ្មានភាពស្ទាក់ស្ទើរអ្វីឡើយ។ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ​ កុលាប បាននិយាយដូច្នេះ​៖ «ដំបូងខ្ញុំគិតថាជំនាញហ្នឹង គឺយើងពិបាកក្នុងការរៀន ហើយ[ខ្ញុំ]ក៏ធ្លាបឮបងៗថារៀនខាងហ្នឹងពិបាកដែរ ព្រោះយើងត្រូវចំណាយពេលលើវាច្រើន។ តែដល់ឮអ៊ីចឹងទៅ! ខ្ញុំក៏សម្រេចចិត្តថា នឹងខំប្រឹងប្រែងរៀនជំនាញនេះ»។
 

យុវតី ស៊ឹម កូលាប និស្សិតឆ្នាំទីបួនលើជំនាញព័ត៌មានវិទ្យានៅ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។ 

សម្រាប់ កូលាប ការរៀនជំនាញនេះគឺមិនលំបាកទេ។ នាងកាន់តែរីករាយនៅពេលធ្វើបានសម្រេចនូវគម្រោងណាមួយ ដែលលោកគ្រូដាក់ឱ្យអនុវត្ត។ គម្រោងក្នុងជំនាញព័ត៌មានវិទ្យាដែលកូលាបធ្លាប់ធ្វើកន្លងមក មានការគ្រប់គ្រងទិន្នន័យនៅតាមសណ្ឋាគារ និងរៀបចំប្រព័ន្ធទាញយកទិន្នន័យផ្សេងៗ។  យុវតីរូបវ័យ២៣ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «ចូលរៀនមុខវិទ្យាហ្នឹង! ខ្ញុំមិនគិតថាស្រីប្រុសអីទេ! ឱ្យតែមានការខិតខំប្រឹងប្រែង គឺយើងអាចរៀនបានដូចតែគ្នាហ្នឹង»។
 
​សព្វថ្ងៃ កូលាប​ ជានិស្សិតស្រីមួយរូបដែលត្រៀមបញ្ចប់ថ្នាក់បរិញ្ញបត្រលើជំនាញព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ក្នុងទឹកដីខេត្តព្រៃវែង  ខណៈនាងកំពុងបម្រើការងារឱ្យក្រុមហ៊ុនមួយកន្លែងនៅរាជធានីភ្នំពេញផ្នែកអភិវឌ្ឍគេហទំព័រ(Web Developer)។​
 
ជាមួយគ្នានេះ​ កញ្ញា  ហ៊ុច សេងហ៊ុន​ ដែលរៀនជំនាញជាមួយ កូលាប បានលើកឡើងថា ជំនាញនេះបានតម្រង់ទិសដៅជីវិតរបស់ខ្ញុំឱ្យកាន់តែប្រសើរ​។ សេងហ៊ុន សង្កេតឃើញថា ជំនាន់នាង គឺមាននិស្សិតស្រីរៀនជំនាញព័ត៌មានព័ត៌មានវិទ្យា​ច្រើនជាង​បុរសទៅទៀត។ សេងហ៊ុន បន្តរៀបរាប់ពីមូលហេតុដែលសព្វថ្ងៃមាននិស្សិតស្រីច្រើន រៀនជំនាញព័ត៌មានវិទ្យាប្រាប់សារព័ត៌មានថ្មីៗ​យ៉ាងដូច្នេះ៖ «ដោយសារពួកយើងមើលឃើញថា យើងក៏មានសមត្ថភាពដូចបុរសដែរ។ អ៊ីចឹង! បើបុរស អាចធ្វើបាន ពួកយើង[ស្រី្ត] ក៏អាចធ្វើបាន ដែរ។ ​មួយវិញទៅ! ពួកគាត់គិតថា អ្វីដែលយើងស្រលាញ់  គឺត្រូវទៅយកវាឱ្យបាន»។ 


 យុវតី ហ៊ុច សេងហ៊ុន  និស្សិតឆ្នាំទីបួនលើជំនាញព័ត៌មានវិទ្យានៅ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ។

សេងហ៊ុន ជានិស្សិតធ្លាប់ធ្វើប្រព័ន្ធគ្រប់គ្រងបណ្ណាគារ(Book Store)  សម្រាប់គ្រប់គ្រងការលក់សៀវភៅ , ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ(Library Management)  និងធ្វើWebsite នានា បានលើកទឹកចិត្តដល់​យុវតី​វ័យក្មេង​ដទៃទៀត ឲ្យ​ហ៊ាន​ជ្រើសរើស​ជំនាញ​ដែល​ពួកគេ​ស្រលាញ់ និង​ទទួលខុសត្រូវ​ចំពោះ​ការជ្រើសរើស​របស់ខ្លួន​។ 
 
សេងហ៊ុន បាននិយាយថា៖ «យុវតីជំនាន់ក្រោយ! បើសិនស្រលាញ់ជំនាញហ្នឹងហើយ គឺត្រូវផ្ដោតលើជំនាញហ្នឹង និងត្រូវព្យាយាមរៀនពីវាទៅ ព្រោះជំនាញនីមួយៗសុទ្ធតែពិបាក តែបើមានការតាំងចិត្ត និងតស៊ូយើងអាចជម្នះវាបាន»។ 
 
មិនខុសពីគ្នាពីនិស្សិតមកពីខេត្តព្រៃវែងទាំងពីរខាងលើប៉ុន្មានដែរ។ វ៉ាន់ ម៉ានុត ដែលជានិស្សិតស្រីឆ្នាំទីបីលើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ(Computer Science) នៅបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា សម្លឹងឃើញថា ក្រោយនាងបញ្ចប់ការសិក្សាលើជំនាញនេះ ទីផ្សារការងារគឺមិនខ្វះឡើយ។ 
 

កញ្ញា វ៉ាន់ ម៉ានុត និស្សិតស្រីឆ្នាំទីបីលើជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។

«នៅពេលដែលខ្ញុំព្យាយាមស្រាវជ្រាវអំពីឱកាសការងា នាពេលអនាគត ខ្ញុំគិតថាវិទ្យាសាស្រ្តកុំព្យូទ័រគឺស័ក្តិសមជាមួយខ្ញុំជាងគេ»។ នេះជាការលើកឡើងរបស់ ម៉ានុត ដោយបញ្ជាក់ថា ការសិក្សាលើជំនាញរៀន នាងទទួលបានការគាំទ្រពីឪពុកម្តាយ និងការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួន ផងដែរ។ 
 
បើតាមលោក នួន កក្កដា​ អ្នកជំនាញអភិវឌ្ឍគេហទំព័រប្រចាំក្រុមហ៊ុនឯកជនមួយកន្លែងនៅភ្នំពេញ ទីផ្សារការងារសម្រាប់អ្នកជំនាញព័ត៌មានវិទ្យាឬវិទ្យាសាស្ត្រ​កុំព្យូទ័រ គឺមិនខ្វះការងារឡើយ ព្រោះបច្ចុប្បន្ន ក៏ដូចអនាគត ក្រុមហ៊ុននីមួយៗត្រូវការជំនាញនេះជាចាំបាច់ ដើម្បីជួយដល់ដំណើរការងារប្រចាំថ្ងៃរបស់ក្រុមហ៊ុន។  លោក បញ្ជាក់ថា៖ «សម្រាប់ស្ត្រីដែលរៀនជំនាញនេះ មានឱកាសទទួលបានការងារខ្ពស់ជាងបុរស​។ មានន័យថា បើពួកគាត់មានសមត្ថភាពប្រហែលនឹងបុរស​ឬទាបជាងបុរសតិចតួចអី គឺក្រុមហ៊ុនភាគច្រើននឹងជ្រើសយកមនុស្សស្រីមកធ្វើការ ដោយសារពួកគាត់មានភាពម៉ត់ចត់ជាងបុរស ខណៈបច្ចុប្បន្ន គេជំរុញស្រ្តីឱ្យរៀន និងចូលប្រឡូកការងារក្នុងវិស័យនេះឱ្យបានច្រើន»៕
 

Tag:
 យុវជន
  ព័ត៌មានវិទ្យា
  BBC
© រក្សាសិទ្ធិដោយ thmeythmey.com