ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ អះអាងថា ខ្លួនមិនសុំទោស គ.ជ.ប ឡើយ
12, Jul 2022 , 10:59 pm        
រូបភាព
លោក សុន ស័យ អនុប្រធានគណបក្សភ្លើងទៀន ផ្ដល់បទសម្ភាសដល់ក្នុងអ្នកសារព័ត៌មានកាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២២។ រូបដោយ ឡាយ សុភាវតី
លោក សុន ស័យ អនុប្រធានគណបក្សភ្លើងទៀន ផ្ដល់បទសម្ភាសដល់ក្នុងអ្នកសារព័ត៌មានកាលពីថ្ងៃទី១១កក្កដា ឆ្នាំ២០២២។ រូបដោយ ឡាយ សុភាវតី
ភ្នំពេញ៖ ក្រោយចេញពីបំភ្លឺក្ដីតុលាការ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា លោកពុំមានអ្វីត្រូវសុំទោស គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឡើយ។ លោកសង្កត់ធ្ងន់ថា ការរិះគន់ដំណើរការបោះឆ្នោត ពុំមែនមានតែរូបលោកម្នាក់ឡើយ សូម្បីសង្គមស៊ីវិល និងបក្សដទៃទៀត ក៏រិះគន់ដែរ។

 
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ខាងមុខសាលដំបូងរាជធានីភ្នំពេញ លោក សុន ឆ័យ ដែលចេញពីបំភ្លឺក្ដី ជុំវិញពាក្យបណ្ដឹងរបស់ គ.ជ.ប បានការពារជំហរខ្លួនថា លោកនិយាយការពិតពីលទ្ធផល និងដំណើរការបោះឆ្នោត ។ 
 
«សុំទោសវាទាល់តែ យើងនិយាយមិនពិត! ធម្មតាមនុស្ស ត្រូវតែទទួលកំហុស បើយើងនិយាយមិនពិត យើងមានទៅខ្លាចនឹងសុំទោសទេ! ប៉ុន្តែខ្ញុំចង់ដឹងថាវាមិនពិតត្រង់ណា? ព្រោះមិនមែនតែខ្ញុំឯណា គណបក្សខ្ញុំធ្វើសេចក្ដីថ្លែងការណ៍មួយបែបហ្នឹង(បិទទ្វារាប់សន្លឹកឆ្នោត) គណបក្សបី -បួនទៀត ធ្វើរបាយការណ៍បែបហ្នឹង ហើយសង្គមស៊ីវិលក៏និយាយបែបហ្នឹង!»។ នេះជាការលើកឡើងរបស់លោក សុន ឆ័យ នៅថ្ងៃទី១២កក្កដា ដោយស្នើឲ្យពន្យល់លោកពីចំណុចដែលថា លោកនិយាយមិននពិត ពុំដូច្នោះទេ លោកមិនអាចសុំទោសបានឡើយ។ 
 
អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ត្រូវបាន គ.ជ.ប ប្ដឹងពីបទ បរិហារកេរ្តិ៍ជាសាធារណៈ ដោយសារលោករិះគន់ពីភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត។ បណ្ដឹងនេះ ប្ដឹងកាលពីថ្ងៃទី១៧មិថុនា ហើយ គ.ជ.ប ទាមទារលោក សុន ឆ័យ ចេញលិខិតសុំទោសជាសាធារណ។ 
 
លទ្ធផលនៃការចូលបំភ្លឺក្នុងតុលាការលើដំបូងនេះ លោក សុន ឆ័យ បានឲ្យដឹងថា តុលាការគ្រាន់សាកសួរប៉ុណ្ណោះ ពុំទាន់វាយតម្លៃនោះទេ។ 
 
ជុំវិញ ការរិះគន់លទ្ធផលនិងដំណើរការបោះឆ្នោតនេះ គណបក្ស CPP ក៏បានដាក់ពាក្យបណ្ដឹងដែរ ដោយបណ្ដឹងទាមទារសំណងជំងឺចិត្តពីលោក សុន ឆ័យ ១លានដុល្លារ។
 
អនុប្រធានបក្សភ្លើងទៀនរូបនេះ បញ្ជាក់ថា លោកនឹងចូលតុលាករបំភ្លឺរឿងក្ដីមួយទៀត ដែលគណបក្ស CPPជាអ្នកប្ដឹង នៅថ្ងៃទី១៥កក្កដា ។ ចំពោះ សំណងជំងឺចិត្តដែលបក្ស CPP ទាមទារ ៤ពាន់លានរៀល ដែលស្មើ១លានដុល្លារ លោក សុន ឆ័យ គិតថាជារឿង ហួសហេតុ ហើយឥតមានលទ្ធភាពឡើយ។ 
 
 
 
 
 
 

Tag:
 នយោបាយ
  សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com