កីឡាជាតិ
ជាតិ
អបអរសាទរ! កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ឈ្នះមេដាយមាស World Games នៅអាម៉េរិក
13, Jul 2022 , 7:01 am        
រូបភាព
ដោយ: រួបរួម
កីឡាការិនីប៉េតង់អ៊ុក ស្រីមុំ បានក្លាយជាម្ចាស់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាពិភពលោក The World Games 2022 នៅក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាម៉េរិក លើវិញ្ញាសាវាយយកពិន្ទុ។ ស្រីមុំ ឈ្នះកីឡាការិនីម្ចាស់ផ្ទះនៅវគ្គផ្តាច់ព្រ័ត្រ រីឯកីឡាការិនីថៃ បានមេដាយសំរឹទ្ធ ក្រោយឈ្នះដាណឺម៉ាក។


នាការប្រកួតជុំទីមួយនៃវិញ្ញាសាវាយយកពិន្ទុ Women’s Petanque Precision Shooting អ៊ុក ស្រីមុំ រកបាន៣១ពិន្ទុ ដោយត្រូវបន្តប្រកួតនៅជុំទីពីរ ខណៈកីឡាការិនីថៃ Phantipha Wongchuvej (៤៧ពិន្ទុ) និងកីឡាការិនីដាណឺម៉ាក Katrine Junge (៣២ពិន្ទុ) ឡើងទៅចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
 
នៅជុំទីពីរ ស្រីមុំ រកបានដល់ទៅ៤៦ពិន្ទុ (ទាំងជុំទីមួយសរុប៧៧ពិន្ទុ) ដោយត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ រួមជាមួយកីឡការិនីអាម៉េរិក Rebeka Howe ដែលសម្រេចបាន៣១ពិន្ទុ (ទាំងជុំទីមួយសរុប៦៣ពិន្ទុ)។ កីឡាការិនីអាល្លឺម៉ង់ បារាំង បែលហ្ស៊ិក និងកាណាដា បានហាលអាវ។
 
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្រីមុំ ឈ្នះដាណឺម៉ាក ៣៧ ទល់នឹង២៣ ខណៈកីឡាការិនីអាម៉េរិកឈ្នះថៃ ៣៨ទល់នឹង៣៧។ ក្រោយថៃឈ្នះដាណឺម៉ាក ៣៤-២០ សម្រាប់លេខ៣ ស្រីមុំឈ្នះអាម៉េរិក ៤១-២១ ក្នុងជំនួបដណ្តើមមេដាយមាស៕
 

 
 

© រក្សាសិទ្ធិដោយ thmeythmey.com