ជាតិ
សង្គមជាតិ
រកឃើញរោងចក្រលួចផលិតគ្រឿងញៀនទ្រង់ទ្រាយធំថ្មីទៀត, គ្រឿងញៀនជិត២តោន និងសារធាតុគីមីជិត៣០០តោន ត្រូវរឹបអូស
13, Jul 2022 , 9:37 am        
រូបភាព
រោងចក្រលួចផលិតគ្រឿងញៀន ដែលសមត្ថកិច្ចរកឃើញ (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
រោងចក្រលួចផលិតគ្រឿងញៀន ដែលសមត្ថកិច្ចរកឃើញ (រូបពីមន្ទីរប្រឆាំងគ្រឿងញៀន)
សមត្ថកិច្ចកម្ពុជា បានចេញប្រតិបត្តិការបង្ក្រាបករណីលួចកែច្នៃផលិតគ្រឿងញៀនក្នុងរោងចក្រទ្រង់ទ្រាយធំថ្មីបន្ថែមទៀត នៅ៤រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តកណ្តាល ដោយចាប់បានជនល្មើសជាជនជាតិចិន១១នាក់ (ប្រុសទាំងអស់) រឹបអូសបានគ្រឿងញៀន១,៨តោន និងសារធាតុគីមីសម្រាប់កែឆ្នៃចេញជាគ្រឿងញៀន២៧៦តោន។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។



មន្ទីរប្រឆាំងគ្រឿងញៀន អះអាងថា ប្រតិបត្តិការបង្ក្រាបករណីលួចផលិតគ្រឿងញៀននេះ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចង្អុលបង្ហាញពីក្រោយរបស់លោកនាយឧត្ដមសេនិយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងទៀតថា ក្នុងការចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំក្នុងរាជធានី-ខេត្តទាំង៤ខាងលើ សមត្ថកិច្ច រកឃើញ៧ទីតាំងផ្សេងគ្នា ដោយក្នុងនោះ ១ទីតាំង គឺជាទីតាំងកែច្នៃផលិតគ្រឿងញៀន ឯ៦ទីតាំងទៀត ជាទីតាំងស្តុកទុកសារធាតុគីមីសម្រាប់កែច្នៃគ្រឿងញៀន។ ចំពោះទីតាំងរោងចក្រ ដែលលួចផលិតកែច្នៃផលិតគ្រឿងញៀន គឺស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

«បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី»។ នេះជាការបញ្ជាក់របស់មន្ទីរប្រឆាំងគ្រឿងញៀន។

សូមរម្លឹកថា ចាប់តាំងពីចុងឆ្នាំ២០២១មក សមត្ថកិច្ចកម្ពុជា រកឃើញជាបន្តបន្ទាប់យ៉ាងតិច៤ករណីរួចមកហើយ ចំពោះការសុំនាំចូលសារធាតុគីមីផ្សំស្របច្បាប់ ហើយក្រោយមក ឈ្មួញបរទេសដែលភាគច្រើនជាជនជាតិចិន និងជាចិនតៃវ៉ាន់ បែរជាលួចកែច្នៃទៅជាគ្រឿងញៀនខុសច្បាប់។ 

នៅចុងឆ្នាំ២០២១ សមត្ថកិច្ច បង្ក្រាបបានរោងចក្រ១នៅខេត្តកំពង់ស្ពឺ ដែលលួចផលិតគ្រឿងញៀន ដោយគ្រឿងញៀនជាង២តោន សារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនជាង៨៤តោន ត្រូវរឹបអូស ហើយជនជាតិចិនជាង១០នាក់ ត្រូវចាប់ខ្លួន។

នៅខែមករា ឆ្នាំ២០២២ សមត្ថកិច្ច ចាប់បានសារធាតុគីមីផ្សំជាង១០០តោន ដែលត្រូវបានជនល្មើសជាជនជាតិចិន ប្រើប្រាស់ក្នុងគោលបំណងផលិតចេញជាគ្រឿងញៀន។ មកដល់ពេលនេះ គេ មិនទាន់ដឹងថា សមត្ថកិច្ចកម្ពុជា ចាប់បានជនល្មើសទាំងនោះហើយឬក៏នៅនោះទេ។

នៅខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ច បានបង្ក្រាបមន្ទីរពិសោធន៍៣ទីតាំង ដែលលួចកែច្នៃផលិតគ្រឿងញៀន ដោយ១ទីតាំង នៅរាជធានីភ្នំពេញ និង២ទីតាំង នៅខេត្តកំពង់ស្ពឺ។ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនតាមមន្ទីរពិសោធន៍ទាំង៣ទីតាំងនេះ សមត្ថកិច្ច រឹបអូសបានសារធាតុញៀនជាង១,៤តោន និងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនជាង១១តោន ហើយមានជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួន។

នៅខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ច ទើបនឹងបានបង្ក្រាបករណីលួចកែច្នៃគ្រឿងញៀននៅខេត្តព្រះសីហនុ ដោយចាប់បានជនល្មើសជាជនជាតិ​ចិនតៃវ៉ាន់៧នាក់ រឹបអូសបានសារធាតុគីមីផ្សំសម្រាប់កែច្នៃជាគ្រឿងញៀនជាង១៤តោន និងគ្រឿងញៀន១៦០គីឡូក្រាម៕ 


Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com