ជាតិ
ពីនេះ ពីនោះ
អាជ្ញាធរបើកចរាចរណ៍ផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោងវិញ ក្រោយជំនន់ទឹកភ្លៀងថយចុះ
13, Jul 2022 , 10:43 am        
រូបភាព
អាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤ឡើងវិញ បន្ទាប់ពីជំនន់ទឹកភ្លៀងស្រកជាបណ្ដើរឡើងវិញ។ រូបភាព រដ្ឋបាលខេត្តព្រះសីហនុ។
អាជ្ញាធរខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៤ឡើងវិញ បន្ទាប់ពីជំនន់ទឹកភ្លៀងស្រកជាបណ្ដើរឡើងវិញ។ រូបភាព រដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសបើកចរាចរណ៍ឡើងវិញនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥ និង១១៦។ កំណាត់ផ្លូវខាងលើនេះ ស្ថិតនៅក្នុងភូមិសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលាខេត្តព្រះសីហនុ។


រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ១៣ ខែកក្កដា អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលើនេះបន្ទាប់ពីកម្រិតជំនន់ទឹកភ្លៀងថយចុះជាបណ្ដើរៗ ស្រកផុតកំណាត់ចំណុចផ្លូវខាងលើនេះ។ 
 
គួរជម្រាបផងដែរ តាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយមក្នុងសប្ដាហ៍នេះ កម្ពុជានឹងរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្មនៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំងនៅថ្ងៃទី១៣-១៤ ខែកក្កដា។   
 
តាមការព្យាករដដែល ចាប់ពីថ្ងៃទី១៥ ដល់ទី១៩កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ស្ថានភាពទាំងពីរខាងលើនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាបឮនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់៕
 
 

Tag:
 ThmeyThmey25
  ជំនន់ទឹកភ្លៀង២០២២
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com