អន្តរជាតិ
ប្រធានាធិបតីស្រីលង្កាភៀសខ្លួនទៅម៉ាល់ឌីវ មុនពេលចុះចេញពីតំណែងជាផ្លូវការ
13, Jul 2022 , 11:39 am        
រូបភាព
លោក Gotabaya Rajapaksa ចុះចេញពីតំណែងប្រធានាធិបតីនៅថ្ងៃទី១៣ ខែកក្កដា។ រូបថត AFP
លោក Gotabaya Rajapaksa ចុះចេញពីតំណែងប្រធានាធិបតីនៅថ្ងៃទី១៣ ខែកក្កដា។ រូបថត AFP
ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានចាកចេញពីប្រទេសនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ប៉ុន្មានម៉ោងមុនពេលលោកត្រូវចុះចេញ​ពីតំណែងជាផ្លូវការ។​ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍បែបនេះនៅថ្ងៃទី១៣ ខែកក្កដា ខណៈវិបត្តិនយោបាយ និងសេដ្ឋកិច្ចកាន់តែដុនដាបទៅ ហើយ​ក្រុម​អ្នក​តវ៉ានៅតែបន្តប្រឆាំឱ្យមេដឹកនាំប្រទេសលាលែងពីតំណែងឱ្យដាច់ស្រេច។

 
មន្ត្រីអន្តោប្រវេសន៍ស្រីលង្កា បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដាថា លោកប្រធានាធិបតី Gotabaya Rajapaksa ភរិយារបស់លោក និងអង្គរក្សពីរនាក់ បានធ្វើដំណើរចាក ចេញ​ពីប្រទេសតាមយន្តហោះរបស់កងទ័ពអាកាសស្រីលង្កា។ ប្រភពរដ្ឋាភិបាលមួយក៏បានបញ្ជាក់ថា​ លោក Rajapaksa បានធ្វើដំណើរទៅរដ្ឋធានីរបស់ម៉ាល់ឌីវ ហើយលោកអាចនឹងធ្វើដំណើរ​ទៅប្រទេស​មួយ​ផ្សេងទៀតក្នុងតំបន់អាស៊ី។
 
ការចាកចេញនេះ ធ្វើឡើងមុនលោក Rajapaksa លាលែងពីតំណែងផ្លូវការ។ បើតាមមន្ត្រី​អន្តោ​ប្រវេសន៍ខាងលើ ស្ថិតក្រោមច្បាប់ស្រីលង្កា អាជ្ញាធរមិនអាចហាមឃាត់ប្រធានាធិបតី​ដែល​នៅ​មាន​សិទ្ធិ​អំណាចមិនឱ្យចាកចេញពីប្រទេសបាននោះឡើយ។ មេដឹកនាំរូបនេះ ទំនងបារម្ភពីការចាប់ខ្លួនក្រោយការលាលែងទើបសម្រេចចិត្តចាកចេញប្រទេស។
 
តាមការប្រកាសកន្លងមក លោក Rajapaksa ត្រូវចុះចេញពីតំណែងជាប្រធានាធិបតីនៅថ្ងៃទី១៣ ខែ កក្កដា ដើម្បីបើកផ្លូវសម្រាប់រដ្ឋាភិបាលថ្មីមានតំណាងគ្រប់ភាគីចូលកាន់តំណែងបណ្ដោះអាសន្ន។ 
 
លោក Rajapaksa មិនត្រូវបានឃើញជាសាធារណៈចាប់តាំងពីថ្ងៃទី៨ ខែកក្កដាឯណោះ។ នៅថ្ងៃទី៩ ខែកក្កដា បាតុករក៏សម្រុកចូលការិយាល័យប្រធានាធិបតី និងនិវេសនដ្ឋានផ្លូវការរបស់លោកទៀតផង។
 
ខណៈវិបត្តិនយោបាយ និងសេដ្ឋកិច្ចកាន់តែដុនដាបទៅ សភាស្រីលង្កាក៏នឹងនៅតែបន្តរៀប​ចំ​បោះឆ្នោត​ជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដា។ មេដឹកនាំគណបក្សប្រឆាំងលោក Sajith Premadasa ដែលទទួលបានអាសនៈចំនួន៥៤ នៅក្នុងសភាដែលមានសមាជិកចំនួន២២៥ ប្រកាសថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីឈានជើងចូលក្នុងរដ្ឋាភិបាល៕
 
 
 
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com