ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី៖ ស្ថានភាពលោក កឹម សុខា ប្រៀបដូចជា គុយទាវមួយតុ ឲ្យម៉ុកចេញលុយតែឯង
13, Jul 2022 , 4:19 pm        
រូបភាព
លោក កឹម សុខា ឆ្លៀតនិយាយជាមួយអ្នកកាសែត ពេលលោក ចេញពីផ្ទះ រៀបឡើងរថយន្ត ធ្វើដំណើរទៅតុលាការភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០។ រូបពី AFP
លោក កឹម សុខា ឆ្លៀតនិយាយជាមួយអ្នកកាសែត ពេលលោក ចេញពីផ្ទះ រៀបឡើងរថយន្ត ធ្វើដំណើរទៅតុលាការភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០។ រូបពី AFP
មេធាវីការពារក្តីឲ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មើលឃើញថា តុលាការ ហាក់ចង់ដាក់ការទទួលខុសត្រូវគ្រប់បែបយ៉ាងឲ្យលោក កឹម សុខា រ៉ាប់រងតែម្នាក់ឯង ក្នុងសំណុំរឿងគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដែលត្រូវចាត់ចូលជាអំពើក្បត់ជាតិ។ ឃើញកូនក្តីរបស់ខ្លួនជួបស្ថានភាពបែបនេះ មេធាវី ក៏នឹកឃើញដល់ពាក្យ «គុយទាវ១តុ ឲ្យម៉ុកចេញលុយតែម្នាក់ឯង» ដែលគេបាននិយាយតៗគ្នាក្នុងសង្គមខ្មែរ។

 
ក្រោយចេញពីសវនាការលើកទី៤៩ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ចាន់ ចេន មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា បានថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅមុខតុលាការភ្នំពេញយ៉ាងដូច្នេះថា៖«អ្វីដែលខ្ញុំសង្កេតឃើញ តំណាងអយ្យការ តាំងសំណួរយ៉ាងក្តៅគគុកមកលើឯកឧត្តម កឹម សុខា ហាក់បីដូចជា គ្រប់រឿងទាំងអស់ទម្លាក់មកលើឯកឧត្តម កឹម សុខា ដូចពាក្យគេ និយាយបែបសាមញ្ញថា គុយទាវ១តុ ឲ្យម៉ុកចេញលុយតែឯង ស្ថានភាពឯកឧត្តម កឹម សុខា គឺដូចគ្នា»។ 
 
ពាក្យ «គុយទាវ១តុ ឲ្យម៉ុកចេញលុយតែម្នាក់ឯង» គឺចេញពីមាត់លោក ឈិន ជឿន ហៅតាម៉ុក ដែលជាមេដឹកនាំលំដាប់កំពូល និងមានឥទ្ធិពលម្នាក់ក្នុងសម័យខ្មែរក្រហម ដោយគាត់ ប្រើពាក្យនេះ ក្រោយពីសង្កេតឃើញថា មេដឹកនាំខ្មែរក្រហមផ្សេងទៀត ហាក់ចង់ទម្លាក់កំហុសលើគាត់តែម្នាក់ឯង ចំពោះឧក្រិដ្ឋដែលកើតឡើងក្នុងរបបខ្មែរក្រហម។ គេ អាចកាត់ន័យយល់ថា តាម៉ុក ប្រើពាក្យនេះ គឺចង់បង្ហាញថា ការឲ្យគាត់ទទួលកំហុសតែម្នាក់ឯង គឺមិនសមហេតុផលឡើយ។ តាម៉ុក គឺជាលេខាបក្សកុម្មុយនីស្តកម្ពុជាប្រចាំភូមិភាគនិរតី ហើយគាត់ និងកងទ័ពរបស់គាត់ ដែលឈរជើងនៅភូមិភាគនិរតី ត្រូវគេជឿថា ទទួលបានការជឿទុកចិត្តជាងគេពីសំណាក់ ប៉ុល ពត ជាបងធំទី១នៃរបបខ្មែរក្រហម។ 
 
លោក ចាន់ ចេន បញ្ជាក់ថា សវនាការលើកទី៤៩នេះ ក៏មិនខុសពីសវនាការលើកមុនៗដែរ គឺតំណាងអយ្យការ លើកឡើងនូវសំណួរ ដែលធ្លាប់សួរលោក កឹម សខុា ជាច្រើនដងរួចមកហើយ ហើយភាគីតំណាងអយ្យការ និងភាគីលោក កឹម សុខា នៅតែមានភាពតានតឹងដាក់គ្នា ដោយពុំបានស្រាកស្រាន្តនោះទេ។ បើតាមលោកមេធាវី ក្នុងសវនាការលើកទី៤៩នេះ តំណាងអយ្យការ បានលើកយកការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យចាស់ កាលពីឆ្នាំ២០១៣ ទៅសួរលោក កឹម សុខា ឡើងវិញ។ លោកមេធាវី បន្តថា សម្រាប់លើកនេះ តំណាងអយ្យការ មិនបានសួរលោក កឹម សុខា អំពីហិង្សាជុំវិញការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យចាស់ នាពេលនោះទេ តែអ្វីដែលតំណាងអយ្យការ ប្រឹងសួរលោក កឹម សុខា ប្រៀបហាក់ដូចជាការព្យាយាមកៀងត្រីឲ្យចូលស៊ង តាមការចង់បានរបស់តំណាងអយ្យការ។  
 
លោកមេធាវី បានយកសម្តីរបស់លោក កឹម សុខា ដែលតបនឹងតំណាងអយ្យការ ទៅរៀបរាប់ប្រាប់អ្នកកាសែតថា រាល់កិច្ចកាដែលលោក កឹម សុខា ធ្វើ គឺប្រកបដោយសន្តិវិធី និងអហិង្សា។ លោកមេធាវី សង្កត់ធ្ងន់អំពីសម្តីរបស់លោក កឹម សុខា ទៀតថា ដំណើររបស់លោក កឹម សុខា និងអតីតគណបក្សសង្គ្រោះជាតិ កាលពីមិនទាន់ត្រូវបានរំលាយ គឺឆ្ពោះទៅរកការបោះឆ្នោត និងការគោរពរដ្ឋធម្មនុញ្ញ ដោយគ្មានបំណងធ្វើបដិវត្តពណ៌ ឬផ្តួលរំលំរដ្ឋាភិបាលនោះទេ។ 
 
សូមរម្លឹកខ្លីថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានចោទពីបទសន្ទិដ្ឋភាព ឬបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ហើយ២-៣ខែក្រោយ គឺនៅខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេ ក៏ត្រូវតុលាការកំពូលរំលាយចោល ក្រោមការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបទចោទនេះ៕ 
 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com