កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់អ៊ុយក្រែនដំណើរការឡើងវិញ ដោយកីឡដ្ឋានត្រូវបំពាក់ «លេណដ្ឋាន» ការពារគ្រាប់
14, Jul 2022 , 8:29 am        
រូបភាព
ការប្រកួតលីគកីឡាបាល់ទាត់កំពូលអ៊ុយក្រែន (UPL) នឹងចាប់ផ្តើមជាថ្មីនៅថ្ងៃទី២៣ ខែសីហា ដោយគ្មានអ្នកគាំទ្រ។ កីឡដ្ឋាននីមួយៗត្រូវបានបំពាក់«លេណដ្ឋាន» និងស៊ីរ៉ែនផ្តល់សញ្ញា ដើម្បីការពារការវាយប្រហារតាមអាកាសរបស់រុស្ស៊ីផងដែរ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីកីឡាអ៊ុយក្រែន នៅថ្ងៃទី១២ ខែកក្កដា។

 
អ៊ុយក្រែនបានផ្អាកការប្រកួតលីគរបស់ខ្លួនចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានទឹកដីនៅក្នុងខែកុម្ភៈម្ល៉េះ។ ការ​ប្រកួត​ជុំ​ចុង​ក្រោយ​ត្រូវ​បាន​លេងនៅ​ក្នុង​ខែ​ធ្នូ មុន​ពេល​លីគ​​សម្រាក​រយៈ​ពេល​៣​ខែ។
 
Shakhtar Donetsk ឈរនៅលើកំពូលតារាង UPL បណ្តោះអាសន្នមាន៤៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត១៨លើក នាំមុខគូប្រជែង Dynamo Kyiv ចំនួន២ពិន្ទុ និងក្រុមលេខ៣ SC Dnipro-1 ចំនួន៧ពិន្ទុ។
 
តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីកីឡាអ៊ុយក្រែនលោក Vadym Guttsait ប្រកាសថា UPL ​នឹងចាប់ផ្តើមវិញនៅថ្ងៃទី២៣ ខែសីហា ដោយគ្មានអ្នកគាំទ្រ ។ អំឡុងពេលប្រកួតនឹងមានវត្តមានយោធារក្សាសន្តិសុខ ក៏ដូចជាការផ្តល់សុវត្ថិភាពផ្សេៗដល់កីឡាករ។ លើសពីនេះកីឡដ្ឋាននីមួយត្រូវបំពាក់«លេណដ្ឋាន» និងស៊ីរ៉ែន ដើម្បីគេចពីការវាយប្រហាណាមួយពីសំណាក់យោធារុស្ស៊ី។
 
Everton នៃក្របខណ្ឌ Premier League ក៏បានអះអាងនៅថ្ងៃទី១២ ខែកក្កដាដែរថា ពួកគេនឹងធ្វើម្ចាស់ផ្ទះទទួលក្រុម Dynamo Kyiv ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីនៅថ្ងៃទី ២៩ ខែកក្កដា។ ប្រាក់ចំណូលពីការប្រកួតនេះ នឹងត្រូវបរិច្ចាគទៅអង្គការមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែន ដែលរងគ្រោះដោយសារសង្គ្រាម៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  UPL
© រក្សាសិទ្ធិដោយ thmeythmey.com