កីឡាអន្តរជាតិ
អន្តរជាតិ
Leeds លក់ Raphinha ឱ្យ Barcelona តម្លៃ៥៨លានដុល្លារ ខណៈ Chelsea ត្រៀមទទួលខ្សែការពារ Koulibaly ពី Napoli
14, Jul 2022 , 3:42 pm        
រូបភាព
Raphinha ខ្សែប្រយុទ្ធ Leeds United នឹងទៅចូលរួមជាមួយ Barcelona បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ៥៨លានដុល្លារអាម៉េរិក។ ឯ Chelsea ក៏ខិតជិតទទួលបានខ្សែការពារ Kalidou Koulibaly ពី Napoli ក្រោយទិញយកខ្សែប្រយុទ្ធ Raheem Sterling ពី Manchester City ក្នុងតម្លៃ៥៨លានដុល្លារ។


 
ខ្សែបម្រើសញ្ជាតិប្រេស៊ីល Raphinha ត្រូវបានរាយការណ៍ថាបានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំឱ្យក្រុមយក្សអេស្ប៉ាញ Barcelona។ ក្លិប Leeds និង Barca បានប្រកាសរួមគ្នាថា ខ្សែបម្រើស្លាបវ័យ២៥ឆ្នាំរូបនេះមានការទិញដូររួចរាល់ហើយក្នុងតម្លៃ៥៨លានដុល្លារ និងត្រូវរង់ចាំតែការពិនិត្យសុខភាពប៉ុណ្ណោះ។
 
តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ក្លិបអ្នកមានបុណ្យ Raphinha បានពាក់អាវរបស់ Barcelona រួចហើយ និងស្ថិតនៅជាមួយក្រុមដើម្បីប្រកួតមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលនៅទឹកដីអូស្ត្រាលី។
 
Raphinha ត្រូវក្រុមនៅលីគកំពូលអង់គ្លេស Leeds ទិញពីក្រុម Rennes នៃលីគកំពូលបារាំងក្នុងតម្លៃ២០លានដុល្លារកាលពីឆ្នាំ២០២០។ ៦៥ប្រកួតនៅ Premier League រដូវកាលមុន អតីតកីឡាករ Sporting Lisbon រូបនេះ ស៊ុតបញ្ចូលទី១៧គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទីបាន១២លើក។
 
ដោយឡែក Chelsea វិញគ្រោងនឹងចុះហត្ថលេខាទិញយកខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពី Napoli ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ បន្ទាប់ពីយកបានខ្សែប្រយុទ្ធ Sterling ពី Man City ក្នុងតម្លៃ៥៩លានដុល្លារ។
 
Koulibaly ខ្សែការពារដ៏រឹងមាំវ័យ៣១ឆ្នាំរូបនេះ ជាគោលដៅសំខាន់សម្រាប់អ្នកចាត់ការទូទៅលោក Thomas Tuchel ដើម្បីពង្រឹងតំបន់ការពារ ខណៈរូបគេបានទៅដល់ក្រុងឡុងដ៍ហើយដើម្បីពិនិត្យសុខភាព។
 
មិនតែប៉ុណ្ណោះក្រុមរហស្សនាមតោខៀវ ក៏កំពុងទាក់ទងខ្សែការពារសញ្ជាតិហូឡង់ Nathan Ake របស់ Manchester City ផងដែរ។ ទាំង Koulibaly និង Ake នឹងត្រូវជំនួសកន្លែង Antonio Rudiger និង Andreas Christensen ដែលបានផ្លាស់ទៅ Real Madrid និង Barcelona៕
 

Tag:
 Raphinha
  Kalidou Koulibaly
© រក្សាសិទ្ធិដោយ thmeythmey.com