អន្តរជាតិ
អាម៉េរិក-អុីស្រាអែល ប្រកាសរួមគ្នាប្រឆាំងអុីរ៉ង់មានអាវុធនុយក្លេអ៊ែរ
15, Jul 2022 , 4:48 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Yair Lapid( ខាងស្តាំ)។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Yair Lapid( ខាងស្តាំ)។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Yair Lapid នៅថ្ងៃទី១៤ ខែកក្កដា បានបញ្ជាក់ពីការប្រឆាំងអ៊ីរ៉ង់ក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ នៅក្នុងសេចក្តីប្រកាសរួមមួយអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក នៅអ៊ីស្រាអែល។ បើតាមសេចក្តីប្រកាសរួមនោះ អាម៉េរិក បានបញ្ជាក់ថា ខ្លួននឹងប្រើគ្រប់ចំណាត់ការទាំងអស់ដើម្បីប្រឆាំងអ៊ីរ៉ង់ ក្នុងការទទួលបានអាវុធនុយក្លេអ៊ែរ។

 
បន្ទាប់ពីជំនួបទ្វេភាគីនៅព្រឹកថ្ងៃទី១៤ ខែកក្កដា នាទីក្រុងហ៊េរុយសាឡិមខាងលិច ប្រធានាធិបតី អាម៉េរិក និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Yair Lapid បានអនុម័តសេចក្តីប្រកាសរួមភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងទំនាកទំនងប្រទេសទាំងពីរ ជុំវិញបញ្ហាសន្តិសុខ ដែលបង្កដោយអ៊ីរ៉ង់។ ក្នុងសេចក្តីប្រកាសរួមនោះ អាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងប្រើគ្រប់លទ្ធផលដែលមានដើម្បីទប់ស្កាត់អ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ 
 
«អាម៉េរិកសង្កត់ធ្ងន់ថា ភាពចាំបាច់មួយផ្នែកនៃការសន្យា ជាការប្តេជ្ញាមិនឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ»។ សេចក្តីថ្លែងការណ៍រួមអាម៉េរិក និងអ៊ីស្រាអែល បានសរសេរបែបនេះ ដោយបន្ថែមថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងសហការជាមួយប្រទេសជាដៃគូផ្សេងទៀត ក្នុងការប្រឈមមុខនឹងសកម្មភាពបង្កអស្ថិរភាព និងការឈ្លានពានរបស់ក្រុងតេហេរ៉ង់ ដែលព្យាយាមពង្រីកឥទ្ធិពលដោយខ្លួនឯងផ្ទាល់ ឬតាមរយៈអង្គការភេរវកម្ម។ 
 
កន្លងមក រដ្ឋាភិបាលតេហេរ៉ង់ ត្រូវបានទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) ប៉ាន់ប្រមាណថា បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមពី២០ភាគរយ នៅក្នុងខែមេសា ទៅ៦០ភាគរយ ដែលនេះជាការតួ្រសត្រាយផ្លូវក្នុងការផលិតអាវុធនុយក្លេអ៊ែរ។ កម្រិតចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតអាវុធ ស្ថិតក្នុងបរិមាណបន្សុទ្ធ៩០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សេចក្តីប្រកាសដដែល ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់អាម៉េរិក ក្នុងការផ្តល់ជំនួយដល់អ៊ីស្រាអែល ក្នុងទំហំ៣៨ពាន់លានដុល្លារផង ដើម្បីពង្រឹងសន្តិសុខ។ ជំនួយមួយនេះ ត្រូវបានចុះហត្ថលេខានៅក្នុងឆ្នាំ២០១៦ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា។
 
ក្នុងសន្នីសិទសារព័ត៌មានរួមគ្នាបន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសខាងលើ មេដឹកនាំអាម៉េរិក និងអ៊ីស្រាអែល បានយល់ឃើញផ្សេងគ្នាជុំវិញចំណាត់ការទប់ស្កាត់អ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រាប់លោកបៃឌិនថា ការទូតមិនអាចបញ្ឈប់អ៊ីរ៉ង់បានទេ ហើយវាមានលទ្ធភាពតែមួយគត់ គឺការប្រើប្រាស់កម្លាំងទ័ព ប្រសិនបើក្រុងតេហេរ៉ង់ ហ៊ានបំភាន់ភ្នែករបស់ពិភពលោក។ 
 
ប៉ុន្តែប្រធានាធិបតីអាម៉េរិកបានតបវិញថា លោកនៅតែជឿថា ការទូតនៅតែជាវិធីដ៏ល្អបំផុតដើម្បីធ្វើឱ្យអ៊ីរ៉ង់បោះបង់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែលោក បៃឌិន នៅតែធានាផ្នែកសន្តិសុខដល់អ៊ីស្រាអែលដដែល។ 
 
យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍របស់អ៊ីស្រាអែល លោកបៃឌិន មិនបានច្រានចោលលទ្ធភាពក្នុងការប្រើប្រាស់កម្លាំងទ័ពដើម្បីទប់ស្កាត់អ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្ន ការចរចាដើម្បីទប់ស្កាត់អ៊ីរ៉ង់ដែលធ្វើនៅអូទ្រីស ដំណើរការយឺតៗប៉ុណ្ណោះ។
 
បន្ទាប់ពីចេញពីអ៊ីស្រាអែល លោក បៃឌិន បានបន្តទស្សនកិច្ចនៅ អារ៉ាប៊ីសាអូឌីត ទៀត ដោយប្រភពថាមពល សិទ្ធិមនុស្ស ទំនាក់ទំនងទ្វេភាគី រួមទាំងបញ្ហាតំបន់ នឹងក្លាយជាប្រធានបទដ៏សំខាន់នៃជំនួបថ្នាក់ដឹកនាំប្រទេសទាំងពីរ៕ 
 

Tag:
 អ៊ីរ៉ង់
  អាម៉េរិក
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com