COVID-19
ជាតិ
រដ្ឋចាយអស់ជិត ៩លានដុល្លារ លើអ្នកព្យួរការងារក្នុងវិស័យទេសចរណ៍
16, Jul 2022 , 8:59 am        
រូបភាព
ដោយ:
រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួន ៨.៩៥លានដុល្លារអាម៉េរិក លើការផ្ដល់ប្រាក់ឧបត្ថម្ភ ១ខែ៤០ដុល្លារ​ សម្រាប់បុគ្គលិក ២៣ ០១០នាក់ ដែលបានព្យួរការងារក្នុងវិស័យទេសចរណ៍ ដោយសារជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍ពីក្រសួងទេសចរណ៍។

 
វិស័យទេសចរណ៍កម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពីជំងឺកូវីដ-១៩រីករាលដាលដំបូង។ អាជីវកម្មទេសចរណ៍មួយចំនួនធំត្រូវបានបិទបន្តបន្ទាប់ ដោយសារមិនអាចរ៉ាប់រងការខាតបង់ជាប្រចាំ ជាពិសេសអ្នករកស៊ីក្នុងខេត្តសៀមរាប។ ការណ៍នេះធ្វើឱ្យបុគ្គលិកក្នុងវិស័យទេសចរណ៍ ជាច្រើន ត្រូវបានបាត់បង់ការងារ។ 
 
ដើម្បីសម្រួលជីវភាពបុគ្គលិកដែលព្យួរការងារ រដ្ឋាភិបាលសម្រេចផ្ដល់ប្រាប់ឧបត្ថម្ភមួយខែ ៤០ដុល្លារដល់​បុគ្គលិក​នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ទេសចរណ៍​។​ ក្នុងរបាយការណ៍ដដែលបានលម្អិតទៀតថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលបាន​ចំណាយថវិកាប្រហែល ៨,៩៥លានដុល្លារអាម៉េរិក ដល់បុគ្គលិកចំនួន ២៣ ០១០នាក់ ដែលព្យួរការងារក្នុងវិស័យទេសចរណ៍។
 
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់អ្នកព្យួរការងារក្នុងវិស័យទេសចរណ៍ចាប់តាំងពីខែមេសា ឆ្នាំ២០២០​ ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលសម្រេចបញ្ចប់ការផ្ដល់ប្រាក់ឧបត្ថម្ភនេះហើយ ដោយលើកលែងតែបុគ្គលិកសណ្ឋាគារក្នុងខេត្តសៀមរាប នៅទទួលបានប្រាក់ឧបត្ថម្ភដដែល៕
 
 
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com