ជាតិ
ពីនេះ ពីនោះ
ត្រីប៉ាសាណាក៖ រកឃើញត្រីនិមិត្តរូបតំបន់មេគង្គ នៅកម្ពុជា
15, Jul 2022 , 8:59 pm        
រូបភាព
​ត្រីប៉ាសាណាក ទម្ងន់ ៦ គីឡូក្រាម  ដែលអ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ​ នៅក្នុងស្តុកទឹកវារីអគ្គិសនី ​សេសាន​២ ​ផ្នែក​ខាង​លើ​។ រូបភាព៖ ឈុត ឈាណា / Wonders of the Mekong
​ត្រីប៉ាសាណាក ទម្ងន់ ៦ គីឡូក្រាម ដែលអ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ​ នៅក្នុងស្តុកទឹកវារីអគ្គិសនី ​សេសាន​២ ​ផ្នែក​ខាង​លើ​។ រូបភាព៖ ឈុត ឈាណា / Wonders of the Mekong
ដោយ:
ភ្នំពេញ៖ ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ អ្នកនេសាទ​ក្នុង​ប្រទេស​កម្ពុជា ​មិនធ្លាប់​ចាប់​បាន «​ត្រីប៉ាសាណាក» ទេ។ ត្រីប្រភេទនេះ ​ត្រូវបានចាត់ទុកថា​ ត្រីសាលម៉ុនយក្ស មានឈ្មោះជាភាសាអង់គ្លេស Giant salmon carp និងឈ្មោះវិទ្យាសាស្រ្ត (Aaptosyax grypus) ។ តាមពិតទៅ អ្នកនេសាទភាគច្រើនបានគិតថា ត្រីប្រភេទ​នេះបានវិនាសផុតពូជពីតំបន់មេគង្គ ជាពិសេស ពីទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា ទៅហើយ។ ទោះយ៉ាងណា កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​ ២០២២ កន្លងទៅនេះ ត្រីប៉ាសាណាក មួយក្បាល ទម្ងន់ ៦ គីឡូក្រាម មានស្តង់ដាដងខ្លួនប្រវែង​ ៧៤​ សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប ៨៨​ សង់ទីម៉ែត្រ ត្រូវអ្នកនេសាទម្នាក់ចាប់បាន នៅផ្នែកខាងលើនៃអាងស្តុកទឹកវារីអគ្គិសនី សេសានក្រោម២​។

ត្រីប៉ាសាណាក (Aaptosyax grypus) គឺជាប្រភេទត្រីប្លែកពីប្រភេទត្រីដទៃ ដែលរស់នៅក្នុងអន្លង់ទឹកជ្រៅ ក្នុងទន្លេមេគង្គ នៅភាគកណ្តាលប្រទេសថៃ និងឡាវ។ នៅកម្ពុជា ត្រីប៉ាសាណាក មានរស់នៅក្នុងទន្លេមេគង្គផ្នែកខាងលើ​ នាខេត្តក្រចេះ និងស្ទឹងត្រែង។
 
ពាក្យថា «ប៉ាសាណាក» គឺជាភាសាថៃ និងឡាវ ដែលមានន័យថា «ត្រីសាណាក»។ លោកបណ្ឌិត ឆៃវុត គ្រុឌផាន់ មកនាយកដ្ឋានជលផល នៃសាកលវិទ្យាល័យ អូប៊ុន រ៉ាតចាថានី ក្នុងប្រទេសថៃ ដែលលោកមានជំនាញក្នុងការកំណត់អត្តសញ្ញាណកម្មត្រី ក្នុងតំបន់មេគង្គ បានពន្យល់ថា ពាក្យ​ «សាណាក» ក្នុងភាសាថៃ មានន័យថា «ប្រណាក»។ ប្រណាក ​គឺជាឧបករណ៍​សម្រាប់កាត់បំបែកផ្លែស្លា ដែលអ្នកនិយម​ពិសាស្លាម្លូរប្រើប្រាស់។ ចំណែកពាក្យថា «ប្លា ឬប៉ា» ភាសាថៃ និងឡាវ មានន័យថា «ត្រី»។ លោកបណ្ឌិត ឆៃវុត គ្រុឌផាន់ បន្ថែមថា៖ «ដោយសារត្រីប៉ាសាណាក ​មាត់របស់វាមានរូបរៀងដូចប្រណាក ទើបជនជាតិថៃ និងឡាវ ឱ្យឈ្មោះវាថា ​(ប៉ាសាណាក) ដែលក្នុងខេមរភាសាមានន័យថា (ត្រីប៉ាសាណាក»។ 
 

រូបភាពបង្ហាញពីទម្រង់មាត់របស់ ត្រីប៉ាសាណា​ក។ រូបភាព៖ ឈុត ឈាណា / Wonders of the Mekong
 
លោកបណ្ឌិត ឆៃវុត គ្រុឌផាន់ បានចាត់ទុក ត្រី​ប៉ាសាណាក ជានិមិត្តរូបនៃតំបន់មេគង្គ ហើយបានសម្តែងការភ្ញាក់ផ្អើលចំពោះវត្តមានត្រីប៉ាសាណាក នៅក្នុងអាងស្តុកទឹកនេះ។ លោកបានមានប្រសាសន៍ថា៖ «ត្រីប៉ាសាណាក គឺជាប្រភេទត្រីកម្រ និងជិតផុតពូជ ដែលស្ថិតនៅក្រោមការស្រាវជ្រាវ ហើយចំនួនរបស់វាទៀតសោត ក៏ត្រូវបានកត់ត្រាតិចតួចបំផុត ព្រោះវាមិនមែនជាប្រភេទត្រីគោលដៅរបស់អ្នកនេសាទ។ លោកបណ្ឌិតបន្ថែមថា៖ «វត្តមានរបស់ត្រីប៉ាសាណាក នេះ គឺគួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់ខ្ញុំ»។ ​
 
យោងតាមការឱ្យដឹង លោកបណ្ឌិត ឆៃវុត គ្រុឌផាន់ ​ធ្លាប់រួមដំណើរជាមួយសាស្រ្តាចារ្យចូលនិវិត្តន៍ម្នាក់ មកពីប្រទេសជប៉ុន ឈ្មោះ យ៉ូសហ្ស៊ីអូ តូម៉ូដា ដើម្បីធ្វើការស្ទង់មតិលើត្រីប៉ាសាណាក នៅតាមសហគមន៍មូលដ្ឋាន ក្នុងខេត្តអូប៊ុន រ៉ាតចាថានី ប្រទេសថៃ ខេត្តចំប៉ាសាក់ ប្រទេសឡាវ ក្នុងចន្លោះឆ្នាំ​២០០៨-០៩។ លោក​បន្ត​ថា ត្រីប៉ាសាណាក ​ធ្វើ​ចរាចរផ្លាស់ទីទៅ​ក្នុងអន្លង់ទឹក​ជ្រៅ ​ក្នុង​ទន្លេ​មេគង្គ ​ក្នុង​រដូវរងា ខណៈ​ពេលដែលមានអាកាស​ធាតុ​ត្រជាក់ និង​មាន​ខ្យល់​បក់​ខ្លាំង។ ក្នុងពេល​ធ្វើចរាចរផ្លាស់ទីចូលទៅក្នុងអន្លង់ទឹកជ្រៅ ពួកវាបានលោតខ្ពស់ចេញផុតពីផ្ទៃទឹក។ លោកបណ្ឌិតឆៃវុត មានប្រសាសន៍ថា៖ «វាហាក់ដូចជាត្រីប្រភេទនេះ ចង់បង្ហាញអ្នកនេសាទថា ពួកគេមានវត្តមាននៅទីននេះ​មានពេលនេះ ហើយលើកទឹកចិត្តឱ្យពួកអ្នកនេសាទចុះមកទន្លេ មកនេសាទពួកវាទៅ»។ លោក​បន្ថែម​ថា​៖ «​ដោយសារ​ទង្វើ​នេះ អ្នកនេសាទនៅ​ប្រទេស​ថៃ ​បានហៅ​ ត្រីប៉ាសាណាក ថា (ត្រី​ល្ងង់)​»។
 

រូបភាពបង្ហាញពីទម្រង់មាត់របស់ ត្រីប៉ាសាណា​ក។ រូបភាព៖ ឈុត ឈាណា / Wonders of the Mekong
 
លោក ចាន់ សុខហេង អនុប្រធានការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍជលផលទឹកសាប នៃរដ្ឋបាលជលផល ដែលជាអ្នកចងក្រងសៀវភៅ «ត្រីទឹកសាបនៅព្រះរាជាណាចក្រកម្ពុជា​ (លក្ខណៈសម្គាល់ និងជីវសាស្ត្រសង្ខេប)» ដែលមានត្រីសរុបចំនួន ៣៨៨ ប្រភេទ រួមទាំងប្រភេទត្រីរស់នៅតំបន់ទឹកភ្លាវផងដែរ​ បានឱ្យដឹងថា លោកបានតាមដានរកត្រីប៉ាសាណាកនេះ អស់រយៈពេល ៣០ឆ្នាំ មកហើយ នៅក្នុងប្រទេសកម្ពុជា។
 
លោក ចាន់ សុខហេង គឺជាអ្នកដែលបាន​ដំណឹងអំពីការចាប់បានត្រីប៉ាសាណាក និងរៀបចំដឹកការដឹកជញ្ជូនត្រីពីស្ទឹងត្រែង មកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល ហើយ​សហការជាមួយ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ​រៀបចំធ្វើសំណាក ដើម្បីរក្សាទុកក្នុងមន្ទីរពិសោធន៍។ លោក សុខហេង មានប្រសាសន៍ថា៖ «ខ្ញុំតាមប្រមាញ់ ត្រីប៉ាសាណាក ហ្នឹង យូរមកហើយ។ ខ្ញុំធ្វើការនៅតំបន់មេគង្គជិត ៣០ឆ្នាំហើយ។ ខ្ញុំចុះឡើង ចុះឡើងធ្វើការ។ នេះជាលើកទីពីរហើយ ដែលខ្ញុំបានឃើញ ត្រីប៉ាសាណាក។ លោក សុហេង បានបន្តថា៖ «លើកទី១  អ្នកនេសាទចាប់បាន​ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ទម្ងន់២០គីឡូក្រាម នៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។ លើកទីពីរនេះ អ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២​ទម្ងន់ ៦ គីឡូក្រាម ក៏នៅ​ក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី សេសានក្រោម២​ ដែរ»។
 

ត្រីប៉ាសាណាក ទម្ងន់ ២០គីឡូក្រាម អ្នកនេសាទចាប់បាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនី សេសាន ក្រោម២។ រូបភាព៖ ចាន់​ សុខហេង ​/ រដ្ឋបាលជលផល
 
លោក ចាន់ សុខហេង បញ្ជាក់បន្ថែមថា មុនមានការសាងសង់វារីអគ្គិសនី លោកធ្លាប់បានចុះទៅធ្វើការនៅតាមទន្លេស្រែពក។ លោក សុខហេង មានប្រសាសន៍ថា៖ «អ្នកនេសាទនិយាយប្រាប់ខ្ញុំថា ពួកគាត់ធ្លាប់ចាប់បានត្រីប៉ាសាណាក នៅតាមអន្លង់នានា នៅក្នុងទន្លេស្រែពក។ ​ដូច្នេះ ខ្ញុំសន្និដ្ឋានថា ត្រីប៉ាសាណាក ច្បាស់ជាធ្លាប់រស់នៅតាមអន្លង់នានា ក្នុងទន្លេស្រែពកនេះ។ ក្រោយការសាងសង់វារីអគ្គិសនី​ ត្រីទាំងអស់នោះ ក៏ជាប់នៅក្នុងទំនប់នោះតែម្តង»។ 
 
ដោយគិតថា ត្រីប៉ាសាណាក នៅមានវត្តមាននៅឡើយ លោក ចាន់ សុហេង ក៏មានគំនិតចង់សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីធ្វើការស្រាវជ្រាវ និងអភិរក្សទីជម្រករបស់ត្រីដ៏សំខាន់នេះ។ លោក សុខហេង មានប្រសាសន៍ថា៖ «ខ្ញុំរីករាយនឹងសហការ ធ្វើការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ​ លើការស្រាវជ្រាវ និងអភិរក្សត្រីកម្រ និងជិតផុតពូជប្រភេទនេះ»។
 

ត្រីប៉ាសាណាក ទម្ងន់ ៦ គីឡូក្រាម  ដែលអ្នកនេសាទចាប់បាន កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ​ នៅក្នុងស្តុកទឹកវារីអគ្គិសនី ​សេសាន​២ ​ផ្នែក​ខាង​លើ​។ រូបភាព៖ ឈុត ឈាណា / Wonders of the Mekong
 
នៅក្នុងប្រទេសកម្ពុជា «ត្រីប៉ាសាណាក» មានរស់នៅតែក្នុងតំបន់មេគង្គលើ នាខេត្តក្រចេះ និងស្ទឹងត្រែង ប៉ុណ្ណោះ។ ប្រជាជនកម្ពុជា ភាគច្រើន ពុំធ្លាប់បានឃើញ និងស្គាល់វាឡើយ។ វាជាប្រភេទត្រីមានស្រកា មានមាត់រាងដូចមាត់ដង្កាប់ មានដងខ្លួនស្រឡូនទ្រវែង ប្រវែងរហូតដល់ ១៣០សង់ទីម៉ែត្រ និងទម្ងន់រហូតដល់ ៣០គីឡូក្រាម។ ត្រីប៉ាសាណាក ជាត្រីដែលរហ័សរហួន និងសកម្មក្នុងការស្វែងរកចំណី។ វាស៊ីត្រីផ្សេងៗ ជាអាហារ។ ត្រីប៉ាសាណាក គឺជាត្រីកម្រ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រី «កំពុងរងគ្រោះថ្នាក់ឈានទៅវិនាសផុតពូជ» ក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN Red List៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com