អន្តរជាតិ
ឥណ្ឌូណេស៊ី អំពាវនាវឱ្យក្រុមប្រទេសG20 ដោះស្រាយបញ្ហាសន្តិសុខស្បៀង និងជីកសិកម្ម
15, Jul 2022 , 9:29 pm        
រូបភាព
កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅឥណ្ឌូណេស៊ី។ រូបថត AFP
កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅឥណ្ឌូណេស៊ី។ រូបថត AFP
រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងកសិកម្មនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) នៅថ្ងៃទី១៥ ខែកក្កដា បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកជួយដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារ និងវិបត្តិការផ្គត់ផ្គង់ជី ដែលអាចនឹងកើតឡើងនាពេលខាងមុខ។

 
ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ នៅថ្ងៃទី១៥ ខែកក្កដា បានរៀបចំកិច្ចប្រជុំរួមគ្នារវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងកសិកម្ម នៅកោះបាលី ឥណ្ឌូណេស៊ី ដើម្បីពិភាក្សាពីបញ្ហាប្រឈមផ្សេងៗ ដែលដរចេញពីសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះមានដូចជា វិបត្តិស្បៀងអាហារ និងបញ្ហាច្រវាក់ផ្គត់ផ្គង់ជីសម្រាប់ធ្វើកសិកម្ម ដែលអាចកើតឡើងនៅពេលខាងមុខ។ 
 
នៅចំពោះមុខមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសផ្សេង លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានលើកឡើងថា ពិភពលោក កំពុងប្រឈមហានិភ័យនៃភាពអត់ឃ្លានសកល ដោយសារតែសង្រ្គាម, ការរឹតត្បិតការនាំចេញ និងផលប៉ះពាល់នៃជំងឺឆ្លងសកល។ មិនតែប៉ុណ្ណោះ មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ផលវិបាកនៃវិបត្តិជីសម្រាប់ធ្វើកសិកម្ម អាចធ្វើឱ្យវិបត្តិស្បៀងអាហារ កាន់តែអាក្រក់នៅក្នុងឆ្នាំ២០២៣ និងឆ្នាំខាងមុខ។
 
«ក្រុមប្រទេស G20 ធ្លាប់ទទួលជោគជ័យក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ និងសុខាភិបាល។ យើងសង្ឃឹមថា ការប្តេជ្ញាដដែលអាចធ្វើឡើងដើម្បីពង្រឹងសមត្ថភាពរបស់យើង ក្នុងការកៀងគរហិរញ្ញវត្ថុ រួមទាំងការដាក់ចេញគោលនយោបាយឆ្លងប្រទេស និងត្រូវបានគាំទ្រដោយអង្គការអន្តរជាតិ»។ រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់បែបនេះ។ 
 
នៅក្នុងឆ្នាំ២០២១ ក្រុមប្រទេស G20 ក៏បានរៀបចំកិច្ចប្រជុំចម្រុះ នៅអ៊ីតាលីដែរ ដោយកាលនោះមានរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងសុខាភិបាល បានពិភាក្សាពីការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលមិនស្មើភាព។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen ក្នុងកិច្ចប្រជុំនៅកោះបាលីដដែល បានជំរុញឱ្យសមាជិកក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ បន្ថែមការចំណាយ ដើម្បីកំណត់ពីបញ្ហាប្រឈមលើសន្តិសុខស្បៀង។ ត្រង់ចំណុចនេះ លោកស្រី Yellen ដែលចោទលោកប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីំមៀ ពូទីន យកស្បៀងអាហារធ្វើជាអាវុធនៃសង្រ្គាម បានអះអាងថា ប្រជាជននៅក្នុងប្រទេសក្រីក្រ ជាអ្នកប្រឈមបញ្ហាដោយផ្ទាល់ ហើយបញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំកាត់បន្ថយភាពក្រីក្រ។ 
 
បន្ថែមពីនេះ មន្រ្តីជាន់ខ្ពស់អាម៉េរិក បានចោទរុស្ស៊ីថា បានបំផ្លាញឃ្លាំងស្តុកផលិតផលកសិកម្ម, លួចគ្រាប់ធញ្ញជាតិ និងសម្ភារកសិកម្ម រួមទាំងបិទកំពង់ផែអ៊ុយក្រែន ក្នុងការនាំចេញទៅសមុទ្រខ្មៅផង។
 
ការលើកឡើងរបស់រដ្ឋមន្រ្តីខាងលើធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ ក្រោយការអំពាវនាវពីសំណាក់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជំរុញឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ទុកជម្លោះនៅដោយឡែក និងធ្វើការជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាព ដើម្បីជួយសង្រ្គោះជីវិតប្រជាជនស៊ីវិលជាច្រើនលាននាក់។ ប្រជាជន ដែលរងគ្រោះភាគច្រើនស្ថិតនៅក្នុងតំបន់អាហ្វ្រិក និងអាស៊ី៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  G20
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com