ជាតិ
អ្នកស្រី ឡោ ស្រីល័ក្ខ យកត្នោតទុំច្នៃជាការ៉េមបង្កើតរសជាតិបែបខ្មែរ
16, Jul 2022 , 8:59 pm        
រូបភាព
 អ្នកស្រី ឡោ ស្រីល័ក្ខ នៅហាងការ៉េមក្នុងផ្សារផលិតផលកម្ពុជា។
អ្នកស្រី ឡោ ស្រីល័ក្ខ នៅហាងការ៉េមក្នុងផ្សារផលិតផលកម្ពុជា។
សៀមរាប៖ ការ៉េមត្នោតខ្មែរ ជាផលិតផលថ្មីមួយរបស់ហាងការ៉េម ដឹផាម អាយគ្រីម (The Palm Ice Cream) ដែលមានអ្នកស្រី ឡោ ស្រីល័ក្ខ ជាម្ចាស់។ អ្នកស្រីបានចាប់ផ្តើមយកត្នោតទុំ កែច្នៃជាការ៉េមនៅចុងឆ្នាំ២០២១ ក្នុងបំណងបង្កើតរសជាតិការ៉េមបែបខ្មែរ ផ្សព្វផ្សាយពីសក្តានុពលរបស់ត្នោតខ្មែរ។

 
អ្នកស្រី ឡោ ស្រីល័ក្ខ បានប្រាប់​សារព័ត៌មានថ្មីៗថា អ្នកស្រីចាប់មានគំនិតយកត្នោតទុំ បញ្ចូលជាមួយរសជាតិការ៉េម ដោយមានការណែនាំពីគ្រូ អំឡុងពេលសិក្សានៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ុល ឌុយប្រ៉ូល។ ដោយយល់ថា វាជាអត្តសញ្ញាណជាតិខ្មែរផង ទើបស្ត្រីវ័យ៣២ឆ្នាំរូពនេះ ខិតខំស្រាវជ្រាវ និងសាកល្បងច្រើនដង ទម្រាំកែច្នៃត្នោតទុំធ្វើជាការ៉េម លក់នៅលើទីផ្សារ។
 

 ការ៉េមត្នោតទុំ។ រូបភាពផ្តល់ដោយអ្នកស្រី ឡោ ស្រីល័ក្ខ

បច្ចុប្បន្ន ការ៉េមត្នោតទុំខ្មែរ មានដាក់លក់នៅផ្សារផលិតផលខ្មែរ ដែលមានទេសចរបរទេសភាគច្រើនចូលសាក និងភ្លក់រសជាតិ។ ដ្បិតជាផលិតផលថ្មី តែការ៉េមត្នោតទុំ ទទួលបានការគាំទ្រ និងសរសើរពីអតិថិជន ដែលថាប្លែក និងឆ្ងាញ់។ ក្រៅពីលក់នៅតូបហើយ អ្នកស្រី ឡោ ស្រីល័ក្ខ ក៏ផលិតចែកចាយតាមហាង និងភោជនីយដ្ឋានមួយចំនួន ក្នុងក្រុងសៀមរាបផងដែរ។ 

ភ្ញៀវទេសចរចូលទិញការ៉េមត្នោតទុំនៅផ្សារផលិតផលកម្ពុជា។ រូបភាពផ្តល់ជូនដោយអ្នកស្រី ឡោ ស្រីល័ក្ខ 
 
កើតក្នុងគ្រួសារដែលជាអ្នកផលិតការ៉េម ជាង២០ឆ្នាំមកហើយ អ្នកស្រី ឡោ ស្រីល័ក្ខ មានបំណងចាក់គ្រឹះទីផ្សារការ៉េមត្នោតទុំ នៅក្រុងសៀមរាប បានខ្លាំងបន្ដិចសិន មុននឹងឈានជើងមួយជំហានទៀត ទៅកាន់ទីផ្សាររាជធានីភ្នំពេញ ដែលអ្នកស្រីយល់ថា ជាទីផ្សារធំមួយ និងចុងក្រោយ អ្នកស្រីចង់យកការ៉េមត្នោតទុំនេះ ទៅកាន់ទីផ្សារបរទេសផងដែរ៕
 

អ្នកស្រី ឡោ ស្រីល័ក្ខ ម្ចាស់ហាងដឹផាម អាយគ្រីម 
 
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអ្នកស្រី ឡោ ស្រីល័ក្ខ ដូចតទៅ៖ 
 

Tag:
 ត្នោត
  ការ៉េមត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com