ជាតិ
អង្ករបាត់ដំបង បង្គាក្រៀមកំពង់សោម កោះកុង ប្រហុកត្រីសៀមរាប ផ្កាអំបិលកំពត-កែប នឹងត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ
16, Jul 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនការចុះម៉ាកសម្គាល់ភូមិសាស្រ្តលើផលិតផលសក្តានុពល ៥មុខទៀតក្នុងពេលដ៏ខ្លីខាងមុខ។ ផលិតផលទាំង ៤មុខនេះរួមមាន អំបិល និងផ្កាអំបិលកំពត-កែប អង្ករបាត់ដំបង បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង និងប្រហុកត្រីសៀមរាប។

 

 
ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ពិតជាមានសារសំខាន់ ដល់កិច្ចការការពារ​ប្រយោជន៍ និងបង្កើនតម្លៃដល់អ្នកផលិត ជាពិសេសទប់ស្កាត់ការក្លែងបន្លំប្រភពដើម។ 
ថ្មីៗនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចុះទៅសិក្សា និងកំណត់ផលិតផលសក្តានុពល សម្រាប់កសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមួយចំនួនដែលរួមមាន បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង ​ អំបិល និងផ្កាអំបិលកំពត-កែបជាដើម។ 
 

 
មិនតែប៉ុណ្ណោះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា ក៏បានយកសំណាកទឹកសមុទ្រ ដី និងអំបិល ទៅពិនិត្យមើលគុណភាព អំបិល និងផ្កាអំបិល តាមមណ្ឌលផលិតកម្មចំនួន៧ក្នុងខេត្តកែប និងកំពត ដើម្បីរៀបចំបង្កើតសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង សៀវភៅបន្ទុកម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិល និងផ្កាអំបិលកំពត-កែប» និងឯកសារពាក់ព័ន្ធផ្សេងៗ។   
 
លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងកាលពីថ្ងៃទី១៤ កក្កដា នេះ ថា ក្រៅពី អំបិល និងផ្កាអំបិលកំពត-កែប ក្រសួងពាណិជ្ជកម្ម ក៏កំពុងស្វះស្វែងរកអង្គការដៃគូអភិវឌ្ឍន៍ និងសិក្សាលទ្ធភាពក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ឬម៉ាកសមូហភាព លើវិស័យកសិកម្ម និងជលផលរួមមាន អង្ករបាត់ដំបង បង្គាក្រៀមកំពង់សោម បង្គាក្រៀមកោះកុង និងប្រហុកត្រីសៀមរាប ដែលសុទ្ធសឹងតែជាផលិតផលសក្តានុពលរបស់ប្រទេសកម្ពុជា។ 
 

 
លោក បានជំរុញឱ្យ គ្រប់ភាគីពាក់ព័ន្ធ នឹងចូលរួមអនុវត្តគម្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «អំបិល និងផ្កាអំបិលកំពត-កែប»នេះ ឱ្យបានទទួលជោគជ័យ ក្នុងពេលឆាប់ៗ។
 
កន្លងមក លោក ប៊ុន ណារិន ប្រធានបច្ចេកទេសនៃការផលិតអំបិល មន្ទីរឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត ប្រាប់ ThmeyThmey25 ថា រយៈពេល៤ខែ​ ឆ្នាំ២០២២មកនេះ កសិករផលិតអំបិល បានត្រឹមជិត២ម៉ឺនតោនប៉ុណ្ណោះ ព្រោះតែបញ្ហាអាកាសធាតុ ជាពិសេសភ្លៀងធា្លក់ច្រើន នាអំឡុងខែកុម្ភៈ និងខែមីនា ដែលជារដូវសំខាន់នៃការប្រមូលអំបិល។ បើតាមលោក ណារិន កន្លងមកអំបិលកម្ពុជា ក៏ត្រូវបាននាំចេញទៅទីផ្សារប្រទេសមួយចំនួន ក្នុងតំបន់អឺរ៉ុប ក្នុងបរិមាណ១ ទៅ២តោនផងដែរ ដូចជាប្រទេសបារាំង​​ និងឆែក ជាដើម។
 
ក្រៅពីខេត្តកំពត កម្ពុជាក៏មានស្រែអំបិលនៅខេត្តកែប ប្រមាណ ១ ០០០ហិកតាផងដែរ។ តាមរយៈ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ ឆ្នាំ​២០២០-២០៣៥ ដីស្រែអំបិលកំពត និងកែបនេះ កម្ពុជានឹងត្រូវបង្កើតសារមន្ទីរ «ស្រែអំបិល» ដើម្បីទាក់ទាញអ្នកទេសចរ៕ 
 
 
 

Tag:
 អំបិលកំពត
  បង្គាក្រៀមកំពង់សោម
  បង្គាក្រៀមកោះកុង
  ប្រហុកត្រីសៀមរាប
  អង្ករបាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com