ជាតិ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ស្នើឱ្យមីយ៉ាន់ម៉ា នាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត
17, Jul 2022 , 8:59 pm        
រូបភាព
Front លោក Thit Linn Ohn នៅខាងឆ្វេង រីឯលោក ប៉ាន សូរស័ក្តិ នៅខាងស្ដាំ។ រូបពី ក្រសួងពាណិជ្ជកម្ម
Front លោក Thit Linn Ohn នៅខាងឆ្វេង រីឯលោក ប៉ាន សូរស័ក្តិ នៅខាងស្ដាំ។ រូបពី ក្រសួងពាណិជ្ជកម្ម
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យមីយ៉ាន់ម៉ា ពិនិត្យមើលលទ្ធភាពនាំចូលផលិតផលកសិកម្មមានសក្កានុពលពីកម្ពុជាបន្ថែមទៀត ដើម្បី ជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។


 
ក្នុងជំនូបពិភាក្សា រវាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយ លោក Thit Linn Ohn ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា កម្ពុជា បានស្នើឱ្យមីយ៉ាន់ម៉ា ជួយជំរុញឱ្យមានការនាំចូលផលិតផលកសិកម្មមានសក្កានុពល របស់កម្ពុជាដូចជា ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ង និងស្ករត្នោត បន្ថែមទៀត។
 
ជាការឆ្លើយតប លោក Thit Linn Ohn នឹងពាំនាំនូវសំណើរនេះទៅកាន់ប្រទេសខ្លួន  និងបន្តការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ ប៉ុន្តែ លោក ក៏ស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត ជាពិសេស ចៀសវាងយកពន្ធត្រួតគ្នា និងការពារការវិនិយោគ រវាងភាគីទាំងពីរផងដែរ។
 
នាជំនួបដដែល ភាគីទាំងពីរ ក៏ពិភាក្សាលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការលើកកម្ពស់ការចូលរួមសហការឱ្យកាន់តែជិតស្និទ្ធរវាងសភាពាណិជ្ជកម្ម និងវិស័យឯកជន តាមរយៈការផ្គូរផ្គងធុរកិច្ច ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជន និងសកម្មភាពពិព័រណ៍ ។
 
ជាមួយគ្នានេះ កម្ពុជា និងមីយ៉ាន់ម៉ា នឹងប្តេជ្ញាបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន៕ 
 
 

Tag:
 ក្រសួងពាណិជ្ជកម្ម
  ផលិតផលកសិកម្មកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com