ជាតិ
ទុរេនព្រះវិហារ ១២០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារចិនលើកដំបូង
17, Jul 2022 , 2:36 pm        
រូបភាព
កម្មករ មមាញឹកនឹងការប្រមូលផលទុរេន ក្នុងចម្ការ ធីខេវ៉ាយ ហ្វាម។ រូបពី មន្ទីរកសិកម្ម ខេត្តព្រះវិហារ
កម្មករ មមាញឹកនឹងការប្រមូលផលទុរេន ក្នុងចម្ការ ធីខេវ៉ាយ ហ្វាម។ រូបពី មន្ទីរកសិកម្ម ខេត្តព្រះវិហារ
ភ្នំពេញ៖ ក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម (TKY Farm) ខេត្តព្រះវិហារ បានសាកល្បងនាំចេញសាច់ទុរេនបង្កកចំនួន ១២០តោន ទៅកាន់ទីផ្សារចិនជាលើកដំបូងក្នុងរដូវប្រមូលផលឆ្នាំនេះ។ លោក យី ស៊ីណាត នាយក​ប្រតិបត្តិកក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម បានឱ្យដឹងថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុន បានសម្រេចការនាំចេញ ៥០តោនរួចហើយ ដោយសល់ប្រមាណ ៧០តោនទៀត នឹងត្រូវនាំចេញនាពេលខាងមុខ។

 
ធីខេវ៉ាយ ហ្វាម ជាក្រុមហ៊ុន ដាំដុះទុរេនដ៏ធំមួយនៅខេត្តព្រះវិហារ ដែលមានលទ្ធភាពផលិតទុរេនបានច្រើនជាង ៣០០តោនក្នុងមួយឆ្នាំ។ ជំហានដំបូងនៃការនាំចេញសាច់ទុរេនបង្កកនេះ ទទួលបានការសាទរយ៉ាងខ្លាំង។ លោក យី ស៊ីណាត នាយក​ប្រតិបត្តិកក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម បានឱ្យដឹងថា លោក មានក្ដីស្រមៃនាំចេញទុរេនទៅចិនយូរមកហើយ។ ថ្មីៗនេះ ក្រុមហ៊ុនរបស់លោក បានទទួលសិទ្ធលើការងារនាំចេញសាច់ទុរេនបង្កកប្រភេទ «ម៉ាន់ថង» លេខ១ ចំនួន ១២០តោនទៅកាន់ទីផ្សារចិន តាមរយៈក្រុមហ៊ុនដៃគូផ្សេងទៀត។ 

លោក យី ស៊ីណាត នាយកប្រតិបត្តិកក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម។ រូបពី TKY Farm Khmer Durian 

មកដល់ពេលនេះ ក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម សម្រេចបានការនាំចេញ ៥០តោនរួចហើយ ខណៈនៅសល់ប្រមាណ ៧០តោនទៀត នឹងត្រូវនាំចេញបន្តបន្ទាប់គ្នា។ លោក ស៊ីណាត់ ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖«រាល់ឆ្នាំយើងលក់តែក្នុងស្រុកទេ ហើយឆ្នាំនេះជាការសាកល្បងលើកដំបូងសម្រាប់ការនាំចេញទៅក្រៅប្រទេស។ ដូចយើងដឹងហើយថា ប្រទេសជិតខាងយើង គេបាននាំចេញទៅចិនយូរហើយ អ៊ីចឹង ក្ដីស្រមៃរបស់យើង ចង់បានការនាំចេញទៅចិនដូចគ្នា ដើម្បីឱ្យគេស្គាល់ពីរសជាតិទុរេនខ្មែរ និងជាមោទកភាពមួយសម្រាប់ខ្មែរយើងដែរ»។ 
ក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម បានដាំដុះទុរេន អស់រយៈពេល ៨ឆ្នាំហើយ លើផ្ទៃដី ២០០ហិកតា​ ស្ថិតក្នុង​ភូមិអូពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្រុមហ៊ុន មានទុរេនសរុប ១ ៦០០០ ដើម ក្នុងនោះមានតែ ៤ ០០០ដើមប៉ុណ្ណោះដែលហុចផល ហើយនៅឆ្នាំក្រោយនឹងមានដើមថ្មីដែលអាចប្រមូលផលបានប្រមាណ ២០០០ ដើមថែមទៀត។ 

 
នាយក​ប្រតិបត្តិកក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម បានលើកឡើងថា ភាគីចិនមានការពេញចិត្តយ៉ាងខ្លាំងចំពោះរសជាតិ និងសាច់ទុរេនប្រភេទម៉ាន់ថងស្ងួតខេត្តព្រះវិហារ ជាពិសេសជំរុញឱ្យលោក ពង្រីកការនាំចេញឱ្យបាន ៥០០តោននៅឆ្នាំក្រោយ។ 
 
លោក បន្ថែមដូច្នេះថា៖«បើតាមដៃគូយើង គេចង់ឱ្យផ្គត់ផ្គង់ច្រើនជាងហ្នឹង ហើយយើងនឹងខិតខំធ្វើឱ្យបានច្រើនជាងនេះថែមទៀត តាមអ្វីដែលយើងចង់បានដូចគ្នា»។ ក្រៅពីទីផ្សារចិន ក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម ក៏ជាផ្នែកមួយផ្គត់ផ្គង់ទុរេន តាមបណ្ដាហាង និងផ្សារទំនើបទូទាំងប្រទេសកម្ពុជាផងដែរ។
 
ជាមួយគ្នានេះ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ប្រាប់ឱ្យដឹងដែរថា លោកពិតជាសប្បាយរីករាយ ក្រោយទទួលបានដំណឹងនាំចេញទុរេនខេត្តព្រះវិហារ លើកដំបូងទៅកាន់ទីផ្សារចិន។ ទុរេនព្រះវិហារមានរសជាតិឆ្ងាញ់ សាច់ច្រើន គ្រាប់តូច និងសំបកស្ដើង ដែលចំណុចទាំងនេះជាមូលហេតុទាក់ទាញឱ្យមានការបញ្ជាទិញពីភាគីចិន។ 

 
 
លោក ប្រាប់ដូច្នេះថា៖«យើងពិតជារីករាយចំពោះក្រុមហ៊ុន ធីខេវ៉ាយ ហ្វាម ដែលបានដោះស្រាយបញ្ហាទីផ្សារ ក្នុងការនាំទុរេនចេញ។ នេះជាចំណុចល្អមួយដែលអាចស្វែងរកឱកាសនាំចេញទៅក្រៅប្រទេសបាន»៕ 
 
 
 
 
 

Tag:
 ទុរេនព្រះវិហារ
  សាច់ទុរេនបង្កក
  មន្ទីរកសិកម្មខេត្តព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com