ជាតិ
សង្គមជាតិ
បុរសម្នាក់ ត្រូវនាំខ្លួនទៅសាកសួរ ក្រោយបោះពាក្យ «មកពីលុយដល់» ទៅកាន់សមត្ថកិច្ចដែលកំពុងពន្លត់អគ្គិភ័យ
18, Jul 2022 , 5:50 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន 
 
ភ្នំពេញ៖ ខណៈកម្លាំងសមត្ថកិច្ច កំពុងបំពេញបេសកកម្មពន្លត់អគ្គិភ័យមួយកន្លែងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ហើយរូបភាព និងវីដេអូអំពីការពន្លត់អគ្គិភ័យនេះ ក៏ត្រូវបានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកដែរនោះ ស្រាប់តែមានបុរសម្នាក់ បានចូលទៅសរសេរពាក្យ «លុយដល់ចឹង» ក្នុងប្រអប់ឆ្លងឆ្លើយ (Comment)។ ដោយសារពាក្យនេះ រូបគេ ក៏ត្រូវសមត្ថកិច្ច នាំខ្លួនទៅសាកសួរ នៅព្រឹកថ្ងៃទី១៨ កក្កដា ឆ្នាំ២០២២។

 
ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ទុកសម្តីរបស់បុរសនោះ ថាជាការបំពុលសង្គម ជាការប្រមាថដល់សមត្ថកិច្ច និងធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំលើកងកម្លាំងសមត្ថកិច្ច ដែលបានចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គិភ័យ។ 
 
ពេលទៅដល់ដល់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសនោះ បានសារភាពកំហុស និងសុំទោស។ វីដេអូដែលបង្ហាញពីការសុំទោសរបស់គាត់ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ «ខ្ញុំសូមអភ័យទោសជាសាធារណៈ ប្រសិនបើមានលើកក្រោយទៀត ខ្ញុំសូមទទួលទោសតាមផ្លូវច្បាប់»។ នេះជាសម្តីរបស់គាត់ ហើយគាត់ សុំឲ្យសមត្ថកិច្ចលើកលែងទោស។ 
 
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យសាធារណជន រួមគ្នាចែកចាយព័ត៌មានពិត៕ 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com