ជាតិ
ក្រសួងឧស្សាហកម្ម នឹងធ្វើរោងចក្រប្រព្រឹត្តិកម្ម​ទឹកស្អាត​នៅបាត់ដំបងក្រោមថវិកា១២០លានដុល្លារពីដៃគូអភិវឌ្ឍនានា
19, Jul 2022 , 7:59 pm        
រូបភាព
លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
លោក ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ដោយ​៖ ចៀន និតា
 
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិងបណ្តាញ ទឹកស្អាត នៅក្នុងខេត្តបាត់ដំបង ក្រោមជំនួយជិត១២០លានដុល្លារពីដៃគូអភិវឌ្ឍនានា។បើតាមក្រសួងឧស្សាហកម្មកញ្ចប់ថវិកាទាំងនេះ គឺជាកម្ចីនិងជំនួយពីធនាគារអភិវឌ្ឍអាស៊ី(ADB)ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងសហភាពអឺរ៉ុប(EU)។​



ការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញ ទឹកស្អាត ក្នុងខេត្តបាត់ដំបងដែលមានសមត្ថភាពប្រព្រឹត្តិកម្មទឹកស្អាតបានដល់៥០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នឹងត្រូវបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២៣។​នេះបើយោងតាមក្រសួងឧស្សាហកម្ម ដោយបញ្ជាក់ថា​ គម្រោងសាងសង់នេះមានទំហំទឹកប្រាក់សរុប១១៩,១៧លានដុល្លារ។​
 
ក្នុងពិធីកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ​ រវាងក្រសួងឧស្សាហកម្ម និងក្រុមហ៊ុនChina Civil Engineering Construction Corporation(CCECC) នាថ្ងៃទី១៨កក្កដា លោក​ រស់ សាលីន អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានរៀបរាប់ថា គម្រោងទឹកស្អាត និងអនាម័យខេត្ត(PWSSP)នេះគឺជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី(ADB)។ គម្រោងនេះគឺអនុវត្តនៅ ខេត្តបាត់ដំបងកំពង់ចាម ព្រះសីហនុ និងសៀមរាប។ ដោយឡែក ចំពោះការងារទឹកស្អាតត្រូវបានអនុវត្តតែនៅខេត្តបាត់ដំបង និងកំពង់ចាមប៉ុណ្ណោះ។
   


អនុរដ្ឋលេខាធិការ និងជានាយកគម្រោងទឹកស្អាត និងអនាម័យខេត្ត នៃក្រសួងឧស្សាហកម្មរូបនេះ បានបញ្ជាក់ថាថវិកាសម្រាប់អនុវត្តគម្រោងនេះ គឺមាន៥0លានដុល្លារជាឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD), ថវិកាប្រមាណ៤៣លានដុល្លារ បានពីADBនិងជាង៥លានដុល្លារទៀតកម្ពុជាបានពីជំនួយឥតសំណងរបស់សហភាពអឺរ៉ុប(EU)។
 
សម្រាប់គម្រោងនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ​បានចាត់ទុកថាមានសារៈសំខាន់សម្រាប់ជំរុញគោលដៅអភិវឌ្ឍទឹកស្អាតរបស់រាជរដ្ឋាភិបាលម្រាប់ឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៍ ទឹកស្អាតជាសាកលសម្រាប់ឆ្នាំ២០៣០។ ជាមួយគ្នានេះលោក ស្នើនិងជំរុញការអនុវត្តគម្រោងនេះ ឱ្យដំណើរការស្របតាមកិច្ចសន្យាប្រកបដោយគុណភាព ដោយក្រសួងឧស្សាហកម្ម​នឹងខិតខំសហការឲ្យបានរលូន និងជោគជ័យ តាមការគ្រោងទុក ៕​

Tag:
 បាត់ដំបង
  លោក ចម ប្រសិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com