ជាតិ
សេដ្ឋកិច្ច
ផ្លូវល្បឿនលឿន៖ តម្លៃ២៤ដុល្លារ សម្រាប់រថយន្តគ្រួសារធ្វើដំណើរទៅ-មក ចាប់ពីខែវិច្ឆិកា
20, Jul 2022 , 10:03 am        
រូបភាព
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២០០០លានដុល្លារ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិន។ រូបថត៖_MPWT
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២០០០លានដុល្លារ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនចិន។ រូបថត៖_MPWT
ផ្លូវល្បឿនលឿន(Expressway)ភ្នំពេញ-ក្រុងព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់ បណ្ដោះអាសន្ននៅថ្ងៃទី១តុលា ឆ្នាំ២០២២។ នេះជាការបញ្ជាក់សារជាថ្មីរបស់លោក ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​និងដឹកជញ្ជូន ដោយបន្ថែមថា ការធ្វើដំណើរលើផ្លូវនេះ គឺឥតគិតថ្លៃក្នុងរយៈពេលមួយខែ។

 
បច្ចុប្បន្ន ការសាងសង់ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណ២០០០លានដុល្លារអាម៉េរិក គឺសម្រេចបាន៩៥ភាគរយ។ ផ្លូវប្រវែង១៨៧គីឡូម៉ែត្រដែលភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុនេះ គ្រោងដាក់ឱ្យដំណើរជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។​ លោក ស៊ុន ចាន់ថុល ថ្លែងបែបនេះ​ទៅកាន់ក្រុមអ្នកសារព័ត៌មាន​ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ​ នៅថ្ងៃទី១៩កក្កដា។ 
 
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះបន្តនិយាយដូច្នេះ៖« បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែ»។ បើតាមលោក ស៊ុន ចាន់ថុល ពេលផុតរយៈពេលនេះ ពលរដ្ឋត្រូវបង់ប្រាក់ជូនក្រុមហ៊ុន​ ដោយតម្លៃគិតតាមប្រភេទយានយន្ត។ 
 
លោក បានបញ្ជាក់ថា៖ «សម្រាប់រថយន្តគ្រួសារនឹងត្រូវគិតថ្លៃចំនួន២៤ដុល្លាអាម៉េរិក។ ក្នុងនោះប្រាក់១២ដុល្លារសម្រាប់ធ្វើដំណើរទៅ និង១២ដុល្លារទៀតសម្រាប់ការធ្វើដំណើរមកវិញ។  ដោយឡែក នៅឆ្នាំទីពីរក្រុមហ៊ុន នឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់»។
 
ផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ផ្លូវនេះបានឆ្លងកាត់ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ៕ 
 

Tag:
 ផ្លូវល្បឿនលឿន
  ព្រះសីហនុ
  លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com