កីឡាអន្តរជាតិ
អន្តរជាតិ
​ចិន​នឹង​ធ្វើ​​ម្ចាស់​ផ្ទះ​ Asian Games 2022 នៅ​ឆ្នាំ​២០២៣ ក្រោយពន្យារ​ពេល​ដោយសារកូវីដ-១៩
20, Jul 2022 , 10:29 am        
រូបភាព
ចិននឹងរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ី Asian Games 2022 នៅឆ្នាំ ២០២៣ នៅទីក្រុងហាងចូវ បន្ទាប់ពីពន្យារពេលគ្មានកំណត់ ដោយសារវិបត្តិកូវីដ-១៩។ នេះបើតាមការអះអាងរបស់អ្នករៀបចំនៅថ្ងៃទី១៩ ខែកក្កដា។

 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ប្រកាសថា Asian Games នឹងដំណើរការចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។ ដើមឡើយ ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលធ្វើឡើងនៅក្រុងហាងចូវ ត្រូវធ្វើនៅថ្ងៃទី១០ រហូតដល់ ២៥ ខែកញ្ញាឆ្នាំ២០២២ ប៉ុន្តែត្រូវផ្អាកទៅវិញ ដ្បិតជំងឺឆ្លងកូវីដ-១៩ នៅរាលដាលខ្លាំងនៅឡើយ។
 
ក្រុងហាងចូវ មានចម្ងាយពីទីក្រុងសៀងហៃដែលផ្ទុះជំងឺខ្លាំងឡើងវិញត្រឹម២០០គីឡូម៉ែត្រ ហើយត្រូវបិទខ្ទប់រយៈពេលជាច្រើនខែនៅដើមឆ្នាំ២០២២ ដើម្បីការពារមិនឱ្យកូវីដ-១៩រាលដាលខ្លាំងថែមទៀត។
 
OCA បញ្ជាក់ជុំវិញការសម្រេចចិត្តរៀបចំ Asian Games នៅចន្លោះខែកញ្ញា និងតុលាឆ្នាំ២០២៣ ព្រោះដើម្បីជៀសវាងប៉ះពាល់ជាមួយព្រឹត្តិការណ៍កីឡាអន្តរជាតិសំខាន់ៗផ្សេងទៀត។
Asian Games ដែលជាធម្មតាមានអត្តពលិកជាងមួយម៉ឺននាក់ក្នុងតំបន់អាស៊ីចូលរួម ជឿជាក់ថានឹងដំណើរការរលូន ស្របពេលម្ចាស់ផ្ទះចិនប្តេជ្ញាចិត្តក្នុងការលុបបំបាត់ការរីករាលដាលកូវីដ-១៩ ក្នុងស្រុកតាមរយៈការបិទខ្ទប់ប្រទេសនេះ។
 
មួយវិញទៀត ក្រុងហាងចូវ ដែលមានប្រជាជនប្រមានជាង១២លាននាក់ស្ថិតនៅភាគខាងកើតប្រទេសចិន បានសាងសង់ទីកន្លែងប្រកួតដល់ទៅ ៥៦ សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games និង Asian Para Games 2022 នេះ៕
 

Tag:
 Asian Games
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com