ជាតិ
អន្តរជាតិ
អាម៉េរិក បញ្ចូលកម្ពុជា វៀតណាម និងម៉ាកាវ ក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស
20, Jul 2022 , 2:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ជាមួយសមភាគីកម្ពុជា លោក ប្រាក់ សុខុន។ រូបភាពយកពីក្រសួងការបរទេសកម្ពុជា
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ជាមួយសមភាគីកម្ពុជា លោក ប្រាក់ សុខុន។ រូបភាពយកពីក្រសួងការបរទេសកម្ពុជា
អាម៉េរិក នៅថ្ងៃទី១៩ ខែកក្កដា បានដាក់បញ្ចូលវៀតណាម កម្ពុជា និងម៉ាកាវ ទៅក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស ក្រោយហេតុផលមានកិច្ចខិតខំតិចតួច ដើម្បីបញ្ឈប់ការងារចាប់បង្ខំផ្លូវភេទ ឬការជួញដូរមនុស្ស។ ក្នុងបញ្ជីខ្មៅនេះ កម្ពុជា អាចនឹងរងទណ្ឌកម្មពីសំណាក់អាម៉េរិក ពាក់ព័ន្ធនឹងបញ្ហាការជួញដូរមនុស្ស។

 
ក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១៩ ខែកក្កដា បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្តីពីការជួញដូរមនុស្ស ដោយក្នុងនោះ អាម៉េរិក បានទម្លាក់កម្ពុជា វៀតណាម តំបន់ម៉ាកាវ និងប្រទេសផ្សេងទៀតពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិតពីរ (Tier 2 Watch List) ទៅកម្រិតបី ដែលជាកម្រិតដ៏អាក្រក់មួយ និងអាចរងទណ្ឌកម្ម។ ការទម្លាក់កម្ពុជាមកកម្រិត៣ នេះ ធ្វើឡើងក្រោមហេតុផល កម្ពុជាមានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្ស។ 
 
«រដ្ឋាភិបាលកម្ពុជា មិនបានគោរពតាមស្តង់ដារអប្បបរមានៃការលុបបំបាត់ការជួញដូរ និងមានកិច្ចខិតខំស្តួចស្តើងលើបញ្ហាទាំងនេះ»។ របាយការណ៍នៃក្រសួងការបរទេសអាម៉េរិក បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ដូចនេះ កម្ពុជាត្រូវបានទម្លាក់ទៅកម្រិត៣។ 
 
សម្រាប់របាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ អាម៉េរិក បានបែងចែកចំនួន ៥កម្រិត ដោយកម្រិត១ គឺល្អ និងគោរពស្តង់ដារអប្បបរមា, កម្រិត២ រដ្ឋាភិបាលគោរពស្តង់ដារនៃការជួញដូរ មិនបានពេញលេញ ប៉ុន្តែមានកិច្ចខិតខំក្នុងការកែលម្អ។ ចំណែកកម្រិត ២ ក្នុងបញ្ជីឃ្លាំមើល គឺរដ្ឋាភិបាលគោរពស្តង់ដារនៃការជួញដូរមិនបានពេញលេញ និងមានកិច្ចខិតខំកែលម្អបញ្ហានេះ ប៉ុន្តែអត្រានៃការជួញដូរនៅតែបន្តកើនឡើង ហើយកម្រិត៣ ជាកម្រិតដែលរដ្ឋាភិបាលមិនគោរពស្តង់ដារអប្បបរមានៃការជួញដូរឱ្យបានពេញលេញ និងមិនមានកិច្ចខិតខំទប់ស្កាត់ការជួញដូរមនុស្ស។ កម្រិតចុងក្រោយ គឺករណីពិសេស។
 
ក្នុងរបាយការណ៍ដដែល អាម៉េរិកបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការមួយចំនួនដែរដូចជាការបន្តចាប់ខ្លួន កាត់ទោសអ្នកជួញដូរមនុស្ស និងជួយជួយជនរងគ្រោះនៅបរទេសឱ្យត្រលប់មកប្រទេសវិញ។ ប៉ុន្តែអំពើពុករលួយ បានបង្អាក់ប្រតិបត្តិការអនុវត្តច្បាប់ និងការទទួលខុសត្រូវចំពោះឈ្មួញជួញដូរ។ 
 
ក្នុងករណីវៀតណាមវិញ អាម៉េរិកបានអះអាងថា រដ្ឋាភិបាលក្រុងហាណូយ មិនបានចាត់វិធានការលើមន្រ្តីទូត និងបុគ្គលិកស្ថានទូតនៅអារ៉ាប៊ីសាអូឌីត ដែលមានពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ 
 
បើតាម លោកស្រី Kari Johnstone មន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសអាម៉េរិក ដែលទទួលបន្ទុកលើការប្រយុទ្ធប្រឆាំងសិទ្ធិមនុស្ស រដ្ឋាភិបាលអាស៊ីមួយចំនួន ត្រូវបានដាក់ក្នុងកម្រិត៣ ដោយសារពួកគេ ធ្លាប់ស្ថិតក្នុងបញ្ជីឃ្លាំមើលកម្រិតពីរ និងមិនមានការកែប្រែអ្វីឡើយ។
 
សូមបញ្ជាក់ថា បណ្តាប្រទេសដែលស្ថិតក្នុងបញ្ជីខ្មៅនេះ មានដូចជា ព្រុយណេ មីយ៉ាន់ម៉ា កម្ពុជា ម៉ាឡេស៊ី និងវៀតណាម។ ចិន ក៏ជាប្រទេសមួយស្ថិតក្នុងកម្រិត៣ នៃការជួញដូរមនុស្សផងដែរ៕ 
 

Tag:
 កម្ពុជា
  អាម៉េរិក
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com