ជាតិ
វីដេអូ
វ័យ៦២ឆ្នាំ លោក អិក អៀម ជាអ្នកជំនាន់ទី៣ ដែលបន្តការងារជួសជុលប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ
23, Jul 2022 , 12:55 pm        
រូបភាព
សៀមរាប៖ លោក អិក អៀម ជាអ្នកជំនាន់ទី៣ ដែលបានបន្តការងារជួសជុល អភិរក្ស និងថែទាំប្រាង្គប្រាសាទនានាពីឪពុក និងជីតា នៅក្នុងរមណីយដ្ឋានអង្គរ។ មានវ័យ៦២ឆ្នាំ​ លោក អៀម មានជំនាញឆ្លាក់ថ្មប្រាសាទ។ បើគិតមកដល់បច្ចុប្បន្ន លោក អិក អៀម ធ្វើការងារនេះជាង២០ឆ្នាំហើយ។



នៅក្នុងការដ្ឋានជួសជុលខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលមានជាងចាស់ក្មេង និងកម្មករប្រុសស្រីជាង១០នាក់ លោក អិក អៀម មានវ័យចំណាស់ជាងគេ។ អ្នកទាំងនោះកំពុងមមាញឹកបំពេញការងារតាមជំនាញរៀងៗខ្លួន ដោយអ្នកខ្លះជួសជុលផ្នែកខាងក្រោម​ អ្នកខ្ល ជាន់រន្ទាដែក ដើម្បីឡើងជួសជុលផ្នែកខាងលើ ហើយអ្នកខ្លះទៀ តកំពុងកាយផ្លូវត្រៀមរំដោះទឹកចេញពីបរិវេណខ្លោងទ្វារប្រាសាទ។ ចំណែកលោក អិក អៀម កំពុងឆ្លាក់លើផ្ទាំងថ្មថ្មីផ្នែកខាងលិចនៃខ្លោងទ្វារប្រាសាទតានៃ។
  


និយាយជាមួយសារព័ត៌មានថ្មីៗបណ្ដើរ លោក អិក អៀម​ ក៏ឆ្លៀតធ្វើការងារបណ្ដើរ។ បុរសវ័យ៦២ឆ្នាំរូបនេះ ពាក់អាវដៃវែងពណ៌ទឹកសណ្ដែក ខោជើងវែងពណ៌ប្រផេះ និងមានស្ពាយកាបូបសម្រាប់ដាក់សម្ភារៈមួយចំនួនផងដែរ។ ស្ថិតក្នុងការដ្ឋានសំណង់ប្រាសាទបុរាណលោក អៀម ក៏មិនភ្លេចពាក់មួកការពារក្បាល និងពាក់វ៉ែនតា ដើម្បីឱ្យមើលឃើញច្បាស់ចម្លាក់លើផ្ទាំងថ្មផងដែរ។
 
លោក អិក អៀម បានចូលរួមការងារជួសជុល អភិរក្ស និងថែទាំប្រាង្គប្រាសាទលើទឹកដីអង្គរ រយៈពេល២២ឆ្នាំហើយ តាំងពីឆ្នាំ១៩៩៩មកម្លេ៉ះ ដែលកាលពីចាប់ផ្ដើមដំបូងនោះ លោក គឺជាកម្មកររុះរើ និងរៀបថ្មប្រាសាទ រហូតបច្ចុប្បន្នមានជំនាញឆ្លាក់ថ្មប្រាសាទ។ «ខ្ញុំធ្វើការមុនដំបូង ខ្ញុំរកថ្ម រកថ្មហើយខ្ញុំដាប់រៀប ដាប់រៀបចេះអស់ហើយបានខ្ញុំចូលឆ្លាក់។ បាទ! ឆ្លាក់ក្បាច់ ឆ្លាក់ខ្សែដូចធម្មតា»។ លោក អិក អៀម រៀបរាប់ដូច្នេះ ដោយបន្ថែមថា ជំនាញឆ្លាក់នេះគឺលោក សុំរៀនពីមេជាងឆ្លាក់ម្នាក់នៅការដ្ឋានជួសជុលប្រាសាទមួយ។
 
រយៈពេលជាង២០ឆ្នាំមកនេះ លោក អិក អៀម បានចូលរួមជួសជុលប្រាសាទបុរាណជាច្រើនដូចជា ប្រាសាទបាពួន ប្រាសាទតាព្រហ្ម ប្រាសាទប្រែរូប ប្រាសាទមេបុណ្យ បារាយណ៍ កំពង់ទឹកប្រាសាទបន្ទាយឆ្មារ ស្រះស្រង់ និងប្រាសាទតានៃនេះឯង។ ដូចអ្នករៀបថ្មប្រាសាទ អ្នកជំនាញ ស្ថាបត្យករ បុរាណវិទូ និងកម្មករមួយចំនួន ដែលសារព័ត៌មានថ្មីៗធ្លាប់បានសម្ភាសសុទ្ធសឹងតែបំពេញការងារខ្លួនដោយផ្ដើមចេញពីក្ដីស្រឡាញ់ ពីការខិតខំប្រឹងប្រែង និងសមានចិត្តចំពោះបេតិកភណ្ឌវប្បធម៌ជាតិ។ 
 
លោក អិក អៀម និយាយថា៖«ការងារនេះបើនិយាយទៅខ្ញុំស្រឡាញ់មែនទែន។ ពីមុនខ្ញុំធ្វើការសំណង់ តែខ្ញុំសុំការងារប្រាសាទនេះបាន ខ្ញុំសុខចិត្តលះបង់ចោលការងារសំណង់ [ដែល] ១ខែ [ទទួលបាន] ជាង២ជី។ ខ្ញុំលះបង់ចោល មកធ្វើនេះមិនបាន១ជីទេ តែខ្ញុំស្រឡាញ់។ ខ្ញុំចូលមកខ្ញុំធ្វើខាងឆ្លាក់នេះ ខ្ញុំស្រឡាញ់ឆ្លាក់នេះ ឆ្លាក់ក្បាច់»។ លោក ស្រឡាញ់ស្នាដៃចម្លាក់របស់បុព្វបុរសខ្មែរ ព្រោះលោក យល់ថាអស្ចារ្យ ស្រស់ស្អាត និងចង់មានទេពកោសល្យដូច្នោះដែរ។ 
 



ទោះគ្មានសមត្ថភាពអស្ចារ្យដូចដូនតាអ្នកកសាងប្រាសាទ តែក្នុងនាមជាអ្នកជំនាន់ក្រោយ ដែលបានចូលរួមជួសជុល អភិរក្សសម្បត្តិវប្បធម៌ លោក អៀម សប្បាយចិត្ត និងមានមោទកភាពចំពោះខ្លួនឯង ហើយក៏ចង់ឃើញប្រាង្គប្រាសាទទាំងអស់ក្នុងរមណីយដ្ឋានអង្គរងើបឈរឡើងវិញក្នុងពេលណាមួយ។  លោក អិក អៀម មិនបារម្ភខ្លាចអស់ការងារធ្វើឡើយ ដ្បិតប្រាសាទមានច្រើនសន្ធឹក។ 
 
លោក ឆ្លើយមកកាន់សារព័ត៌មានថ្មីៗដូច្នេះថា៖«អត់អស់ទេ ធ្វើម៉េចអស់។ ខ្ញុំធ្វើនេះ៣ជំនាន់ហើយប្រាសាទនេះ។ តាខ្ញុំក៏ធ្វើប្រាសាទនេះដែរ។​ តារួចឪ ឪខ្ញុំ តា អិក គាត់ធ្វើប្រាសាទដែរ ដល់ខ្ញុំទៀត ខ្ញុំធ្វើប្រាសាទទៀត មិនទាន់រលួសផង»។ លោក បញ្ជាក់បន្ថែមទៀតថា ជីតារបស់លោក ជាកម្មករជួសជុលប្រាសាទបុរាណតាំងពីជំនាន់បារាំង បន្តមកឪពុក និងលោកជាអ្នកជំនាន់ទី៣ ដែលធ្វើការងារនេះ។
 
លោក អិក អៀម រំលឹកដូច្នេះថា៖«ខ្ញុំតមកពីឪខ្ញុំ។ ខ្ញុំកាលពីក្មេង ឪខ្ញុំគាត់មកធ្វើប្រាសាទ គាត់តែងនាំខ្ញុំមកមើលគេធ្វើកន្លែងនេះកន្លែងនោះ។ ខ្ញុំឃើញចម្លាក់មានតែស្រឡាញ់តាំងពីតូចមក គ្រាន់តែធ្វើដងជំពាមក៏ខ្ញុំឆ្លាក់លេងដែរ»។ លោក អះអាងថា ជីតាលោកជាកម្មកររើ និងរៀបថ្មប្រាសាទ ចំណែកឯឪពុកលោក គឺជាជាងចម្លាក់ថ្មប្រាសាទដូចលោកកំពុងធ្វើសព្វថ្ងៃនេះ។ លោក មានអារម្មណ៍សោកស្ដាយបន្តិចដែរ ដែលមិនបានរៀនពីឪពុក ដ្បិតកាលណោះលោក នៅក្មេងពេក និងអំឡុងពេលស្រុកមានសង្គ្រាមថែមទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com