ជាតិ
សង្គមជាតិ
អាជ្ញាធរ តាមរកបុរសនីហ្សេរីយ៉ាកើតជំងឺអុតស្វា ដែលគេចពីថៃ ហើយសង្ស័យចូលទៅខេត្តព្រះសីហនុ
23, Jul 2022 , 2:47 pm        
រូបភាព
បុរសនីហ្សេរីយ៉ា ដែលត្រូវអះអាងថា កើតជំងឺអុតស្វា ហើយកំពុងស្ថិតក្នុងព្រះសីហនុ។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ
បុរសនីហ្សេរីយ៉ា ដែលត្រូវអះអាងថា កើតជំងឺអុតស្វា ហើយកំពុងស្ថិតក្នុងព្រះសីហនុ។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលបានព័ត៌មានថា មានបុរសនីហ្សេរីយ៉ាម្នាក់ ដែលកើតជំងឺអុតស្វា បានរត់គេចចេញពីថៃ ចូលទៅដល់ខេត្តព្រះសីហនុ។ លោក បានចេញសារបន្ទាន់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ ទៅកាន់មន្រ្តី អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងខេត្តព្រះសីហនុ ដើម្បីជូនដំណឹងអំពីករណីបុរសជនជាតិនីហ្សេរីយ៉ានេះ។



លោក គួច ចំរើន បង្គាប់ទៅមន្រ្តីក្នុងខេត្តព្រះសីហនុដូច្នេះថា៖«ក្នុងករណីដែលបានឃើញបានដឹងករណីនេះ នៅកន្លែងណា សូមឲ្យរាយការណ៍មកខាងសុខាភិបាល ដើម្បីចាត់វិធានការគ្រប់គ្រងបញ្ហាសុខភាពឲ្យបានលឿនបំផុត»។ សាររបស់លោក ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយអមជាមួយរូប និងលិខិតឆ្លងដែនរបស់បុរសនីហ្សេរីយ៉ានេះ។

ចំណែក អ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ អះអាងថា ថៃ បានស្នេីសុំកិច្ចសហការពីអាជ្ញាធរខេត្តបន្ទាយមានជ័យ​ ដេីម្បីស្វែងរក​បុរសនីហ្សេរីយ៉ាខាងលើ។ លោក បញ្ជាក់ថា​ អាជ្ញាធរ​ និងសមត្ថកិច្ចតាមព្រំដែនទាំងអស់​ បន្តតាមដានទៅលេីអត្តសញ្ញាណបុរសនីហ្សេរីយ៉ា​រូបនេះ។ ប្រសាសន៍របស់លោក ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។

អ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់អ្នកកាសែតក្នុងក្រុមតេឡេក្រាមថា បុរសជនជាតិនីហ្សេរីយ៉ា ដែលមានកេីតជំងឺអុតស្វា បានគេចខ្លួនចេញពីថៃតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ អ្នកស្រី សរសេរបែបនេះថា៖«គ្រាន់តែឮថា ប្រហែលជាចូលមកកម្ពុជា ដោយអាជ្ញាធរថៃក៏បាត់ទំនាក់ទំនងដែរនោះ អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា កំពុងឆែកឆេរ ស្វែងរក និងបង្កេីនការប្រុងប្រយ័ត្ននៅគ្រប់ទីតាំង និងច្រកចេញចូល តែមកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានណាដែលបញ្ជាក់ថា ជនជាតិនេះ បានមកដល់កម្ពុជា ឬបានមកដល់ខេត្តព្រះសីហនុហេីយនោះទេ»។ 

អ្នកស្រី បន្ថែមថា មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់រកឃេីញវត្តមានបុរសនីហ្សេរីយ៉ា ដែលមានជំងឺអុតស្វានេះ នៅកម្ពុជានៅឡេីយទេ។ អ្នកនាំពាក្យរូបនេះ អំពាវនាវឲ្យសាធារណជន ជួយផ្តល់ព័ត៍មាន បេីឃេីញបុរសជនជាតិនីហ្សេរីយ៉ារូបនេះ ទៅអាជ្ញាជ្ញាធរសុខាភិបាល ឬហៅទៅលេខទូរស័ព «១១៥» ។ 

ក្រសួងសុខាភិបាល បានសេចក្តីណែនាំមួយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ជុំវិញជំងឺអុតស្វានេះ។ ក្រសួងសុខាភិបាល ពន្យល់ថា អ្នកកើតជំងឺអុតស្វា មានសញ្ញា ដូចជា ចេញកន្ទួលរមាស់ដូចពងទឹកលើខ្លួន ក្តៅខ្លួនលើសពី៣៨,៥អង្សា ឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំ ឈឺចង្កេះ និង អស់កម្លាំង ជាដើម។

ដ្បិតកម្ពុជា មិនទាន់មានករណីឆ្លងជំងឺអុតស្វា តែតាមរយៈសេចក្តីណែនាំរបស់ខ្លួន ក្រសួងសុខាភិបាល ក្រើនរម្លឹកប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច ហើយត្រូវអនុវត្តវិធានការការពារជំងឺដោយផ្ទាល់ខ្លួន។ បើតាមក្រសួងសុខាភិបាល មានករណីឆ្លងជំងឺអុតស្វាជិត៨ពាន់នាក់ហើយ នៅតាមបណ្តាប្រទេសជាង៦០លើពិភពលោក។ តួលេខនេះ ក្រសួង អះអាងថា ស្រង់ចេញពីរបាយការណ៍របស់អង្គការសុខភាពពិភពលោក៕ 

Tag:
 បុរសនីហ្សេរីយ៉ា
  អុតស្វា
© រក្សាសិទ្ធិដោយ thmeythmey.com