ជាតិ
ឈើជាង៨០០០ ដើម ត្រូវបានដាំក្នុងព្រៃសង្ឃរុក្ខាវ័ន ដើម្បីស្ដារគម្របព្រៃនៅឧត្តរមានជ័យ
23, Jul 2022 , 8:59 pm        
រូបភាព
ដោយ:
ឧត្តរមានជ័យ៖ គណៈកម្មការនៃព្រៃសង្ឃសហគមន៍រុក្ខាវ័នបង្ហាញថា បច្ចុប្បន្នផ្ទៃវាល ព្រៃសង្ឃរុក្ខាវ័ន មានជាង៥០ហិកតា ដែលត្រូវការដាំដើមឈើបន្ថែម។ មកដល់ពេលនេះ ឈើ ៨០០០ដើម ត្រូវបាន ដាំនៅព្រៃសង្ឃរុក្ខាវ័ន  ដើម្បីស្ដារគម្រកព្រៃឈើ ដែលអាចក្លាយជម្រកមនុស្ស សត្វ និង អុកស៊ីសែនសម្រាប់ភពផែនដីនាអនាគត។


 
 
លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានThmeyThmey25 ថា ព្រៃសង្ឃសហគមន៍រុក្ខាវ័ន មានព្រៃឈើចម្រុះចំនួន៤ប្រភេទផ្សេងៗគ្នាតាមតំបន់ ដោយព្រៃតំបន់ខ្លះមានភាពសឹករេចរឹលតម្រូវឱ្យដាំដើមឈើបន្ថែម ​ដើម្បីបំពេញគម្របព្រៃឈើ និងទុកជាជម្រកសត្វ។
 
លោក សារ ថ្លៃ លើកឡើងដូច្នេះ៖ « ព្រៃសង្ឃរុក្ខាវ័ន មានកន្លែងខ្លះជាទីវាល ខ្លះព្រៃស្រោង ខ្លះព្រៃរបោះ។ ធាតុពិតនៅទីនេះមានទីវាលមិនតិចជាង៥០ហិកតាទៀតទេដែលត្រូវដាំកូនឈើបន្ថែម ឬត្រូវអភិវឌ្ឍអ្វីមួយដើម្បីស្ដារព្រៃ។ លើសពីនេះ ការដាំកូនឈើប្រណីតលាយជាមួយឈើហូបផ្លែជាង៥០០ដើមក្នុងឆ្នាំ២០២២ ជាវិធីសាស្រ្តល្អបំផុត ដែលអាចឱ្យសហគមន៍ទទួលផលបានលឿន ជំរុញដល់ស្ថេរភាពនៃការអភិរក្សព្រៃ និងសត្វនៅទីនេះ»។
  
រូបពីលើ  ផ្ទៃដី៥ហិកតាដែលដាំកូនឈើនៅឆ្នាំ២០២២ ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន

ប្រធានបណ្ដាញសហគមន៍ព្រៃឈើខាងលើបានបញ្ជាក់ថា បច្ចុប្បន្នសហគមន៍កំពុងរៀបចំគម្រោងដើម្បីដំណើរការ ការអភិវឌ្ឍសេវាទេសចរណ៍បែបធម្មជាតិ ដែលអាចជួយរកចំណូលបន្ថែមទៅក្នុងសហគមន៍ ​និងពលរដ្ឋនៅជុំវិញ។
 
 « សម្រាប់ដំណើរការនៃ គម្រោងអភិវឌ្ឍកន្លែងនេះ ឱ្យក្លាយជាកន្លែងទេសចរណ៍ ប្រហែលជា៣ទៅ៤ឆ្នាំទៀត អាចនឹងដំណើរការហើយ ដោយសារបច្ចុប្បន្ន ក្រុមការងារកំពុងសិក្សា​ពីភូមិសាស្រ្តតំបន់សក្ដានុពល ដែលអាចច្នៃបន្ថែម ដើម្បីសម្រួលដល់ការកម្សាន្តរបស់ភ្ញៀវនៅពេលមកដល់សហគមន៍»។ នេះជាការលើកឡើងរបស់ លោក សារ ថ្លៃ។ 
 
លោក អូត ឡាទីន ជាមន្ត្រី​សម្របសម្រួល​គម្រោង​សមាគម​បណ្ដាញ​យុវជន​កម្ពុជាដែលហៅថា (CYN) បានលើកឡើងថា  ​សមាគមន៍​បណ្ដាញ​យុវជន​កម្ពុជាបានកំពុងជំរុញលើកទឹកចិត្តដល់យុវជនចូលរួមការពារនិងថែរក្សាធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។  លោកបង្ហាញថាសកម្មភាពនៃការចូលរួមដោយផ្ទាល់របស់យុវជន នៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័នជាការបណ្ដុះស្មារតីនៃការគិត និងស្វែងយល់ពីផលប្រយោជន៍បានមកពីធនធានធម្មជាតិបញ្ហាកំពុងប្រឈម  ចន្លោះដែលត្រូវបំពេញបន្ថែមនៅពេលបន្ទាប់តាមរយៈការមើលឃើញដោយផ្ទាល់ភ្នែក។
  

 លោក សារ ថ្លៃ ប្រធានបណ្ដាញសហគមន៍ព្រៃឈើខេត្តឧត្តរមានជ័យ

« យើងឃើញថាយុវជនជាអ្នកបន្តវេនដ៏សំខាន់ ដូច្នេះពួកយើងត្រូវជំរុញ ឱ្យគាត់ចូលរួមសកម្មនៅក្នុងដំណើរការនៃការការពារធនធានធម្មជាតិ ​ដើម្បីឱ្យគាត់មានឱកាសបានសិក្សា​ស្វែងយល់ និងចូលទាំង គំនិត កំលាំង ចំណេះដើម្បីអាចដោះស្រាយ ​បញ្ហាទាក់ទងនឹងធនធានធម្មជាតិ។ ពេលខ្លះពួកគាត់ អាចចុះទៅល្បាតជាមួយសហគមន៍ និងអាចចែករំលែកគ្នាទៅវិញទៅមក»។ នេះជាការលើកឡើងរបស់ ឡាទីន។ 
 
លោក សុន ប៊ុយជាយុវជនម្នាក់ចូលរួមក្នុងកម្មវីធីដាំកូនឈើនៅព្រៃសង្ឃសហគមន៍រុក្ខាវ័នបានបង្ហាញភាពរីករាយនៅពេលបានក្លាយជាផ្នែកមួយជួយស្ដារជម្របព្រៃក្នុងទឹកដីខេត្តឧត្តរមានជ័យ។ជាមួយគ្នានេះ យុវជនខាងលើបានបង្ហាញថា សកម្មភាពនៃការចូលរួមរបស់យុវជននៅក្នុងព្រៃសង្ឃសហគមន៍ជាសកម្មភាពមួយក្នុងការចូលរួមបង្កើនធនធាននៅក្នុងប្រទេសកម្ពុជា កាន់តែសម្បូរបែប។ 
  

អូត ឡាទីន ជាមន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា ( CYN)

លោក សុន ប៊ុយ រៀបរាប់ថា៖    « នេះជាលើកទី១ដែលខ្ញុំបានមកដាំកូនឈើនៅក្នុងព្រៃសង្ឃរុក្ខាវ័ន។ ជាមួយគ្នានេះខ្ញុំគិតថាយុវជនទាំងអស់គួរចូលរួមសកម្មភាពផ្សេង​ក្នុងកិច្ចការពារព្រៃ ការដាំកូនឈើការផ្សព្វផ្សាយពីធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា​ ដើម្បីជាប្រយោជន៍រួម»។
 
​ព្រៃ​សង្ឃសហគមន៍​រុក្ខាវ័ន​មាន​ផ្ទៃដី ៣០២៥៤ហិកតាស្ថិតនៅ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ ​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន្ត​បាន​ក្លាយ​ជា​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខាវ័ននៅ​ឆ្នាំ​២០១៨ ការណ៍នេះក៏ដោយសារ​មាន​ការ​តស៊ូ​ការពារ​តាំងពី​ឆ្នាំ​២០០១ របស់អតីតព្រះសង្ឃលោក ប៊ុន សាលួត និងសមាជិកសហគមន៍ផ្សេងៗទៀតដែលស្រឡាញ់ព្រៃ និងធនធានធម្មជាតិ ។ព្រៃឈើក្នុងសហគមន៍នេះ អាចជាព្រៃចុងក្រោយនៅក្នុងខេត្តឧត្តរមានជ័យ ដែលនៅសេសសល់ព្រៃឈើ និងសត្វព្រៃប្រភេទកម្រ​​ ដូចជាខ្ទីង ទន្សោង និងប្រភេទផ្សេងជាច្រើនទៀត៕
 

លោក សុន ប៊ុយ ជាយុវជនម្នាក់ចូលរួមក្នុងកម្មវីធីដាំកូនឈើនៅព្រៃសង្ឃសហគមន៍រុក្ខាវ័ន

រូបពីលើដីព្រៃសង្ឃសហគមន៍រុក្ខាវ័ន ឆ្នាំ២០២២
 

Tag:
 ខេត្តឧត្តរមានជ័យ
  ដើមឈើ
  ព្រៃសង្ឃរុក្ខាវ័ន
© រក្សាសិទ្ធិដោយ thmeythmey.com