ជាតិ
រថយន្ត
ជប៉ុនផ្តល់រថយន្តដឹកសំរាម១០គ្រឿងដើម្បីរួមចំណែកសាងបរិស្ថានស្អាតនៅកម្ពុជា
24, Jul 2022 , 11:19 am        
រូបភាព
រថយន្តដឹកសំរាម ១០គ្រឿងរបស់ជប៉ុន ផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជា។​ រូបភាពពី ក្រសួងបរិស្ថាន។
រថយន្តដឹកសំរាម ១០គ្រឿងរបស់ជប៉ុន ផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជា។​ រូបភាពពី ក្រសួងបរិស្ថាន។
ដោយ​ ៖ ធន់ សេងហុង
 
 
ជប៉ុនបានប្រគល់រថយន្តដឹកសំរាមចំនួន ១០គ្រឿងដល់កម្ពុជា។ រថយន្តទាំងនេះនឹងចូលរួមគាំទ្រការប្រមូលសំរាម កែលម្អការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានធម្មជាតិនៅក្នុងតំបន់គោលដៅនានា។

 
ក្រោមជំនួយឥតសំណងជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (KUSANONE) រថយន្តប្រមូលសំរាមចំនួន១០គ្រឿង ត្រូវបានប្រគល់ជូនកម្ពុជា។ ការប្រគល់រថយន្តទាំងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែ​កក្កដា នៅក្រសួងបរិស្ថាន។
 
ដោយឡែក ក្រសួងបរិស្ថានក៏បានផ្តល់រថយន្តដឹកសំរាមចំនួន ៥គ្រឿងបន្ថែមទៀត សរុបចំនួន ១៥គ្រឿងដើម្បីបានចែកជូនបន្តដល់មន្ទីរបរិស្ថាននិងរដ្ឋបាលក្រុងស្រុកចំនួន១៥ នៃខេត្តចំនួន១១ រួមមាន ខេត្តកំពង់ឆ្នាំង បន្ទាយមានជ័យ កោះកុង កំពង់ស្ពឺ កែប តាកែវ ស្ទឹងត្រែង ស្វាយរៀង ពោធិ៍សាត់ ព្រះសីហនុ និងខេត្តសៀមរាប។
 
បើតាមក្រសួងបរិស្ថាន រថយន្តដឹកសំរាមទាំងនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព។
 
ទន្ទឹមនេះ វាក៏អាចធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ជាពិសេស នឹងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
 
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជាយល់ឃើញថា វានឹងចូលរួមក្នុងការធានានូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជា និងជួយពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត៕
 
 
 

Tag:
 ជប៉ុន បរិស្ថាន រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com