ជាតិ
ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ខ្វះការថែទាំ?
24, Jul 2022 , 12:59 pm        
រូបភាព
សៀមរាប៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរនៅដើមឆ្នាំ២០២២ និងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៤ ខែមេសា ឆ្នាំដដែល បន្ទាប់ពីបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំងនេះ ពិតជារួមចំណែកកែប្រែមុខមាត់ និងសោភ័ណភាពក្រុងសៀមរាបបានមួយផ្នែកធំ។ យ៉ាងណា កង្វះការថែទាំ និងការរៀបចំ ធ្វើឱ្យបណ្ដាផ្លូវទាំង៣៨ខ្សែ ធ្លាក់សម្រស់ជាខ្លាំង។

 
កំណកដីក្រាស់ កាកសំណល់គ្របមាត់លូ ស្មៅដុះស្តុក សួនផ្កាប្រែជាសួនស្មៅ ដើមឈើខ្លះបានងាប់ អ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់និងអនាម័យ។ល។ សុទ្ធសឹងបាននិងកំពុងកើតមានលើផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។ តើអាជ្ញាធរមានបានឃើញ និងគិតគូរដែរឬទេ? នេះជាសំណួររបស់មហាជន ដែលបានចោទសួរ។ 
 


ក្នុងចំណោមផ្លូវទាំង៣៨ខ្សែ មានតែផ្លូវ និងវិថីសំខាន់ៗមួយចំនួនតូចតែប៉ុណ្ណោះដែលទទួលបានការថែទាំក្នុងកម្រិតមួយ ក្នុងនោះមានផ្លូវតំបន់ផ្សារចាស់កណ្ដាលក្រុង និងតំបន់ជុំវិញ ផ្លូវព្រះនរោត្តមសីហនុ (អតីតផ្លូវហ្សាលដឺហ្គោល) ផ្លូវកូម៉ៃ និងកំណាត់ផ្លូវជាតិលេខ៦ជាដើម។ ក្រៅពីនោះ ផ្លូវផ្សេងៗទៀតមិនមែនការថែទាំដិតដល់ ដោយសម្អាតបោសដីចេញទេ ផ្លូវមានសួនក៏ពុំមានការកាត់ស្មៅ និងដកស្មៅតាមសួនផ្កាឡើយ។ ក៏មានដែរ ពលរដ្ឋខ្លះដែលចូលរួមសម្អាត។
 
អ្នកស្រី ពៅ ស្រីមុំ ពលរដ្ឋនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ប្រាប់ថា អ្នកស្រីតែងសម្អាតមុខផ្ទះជាប្រចាំ ដោយបារម្ភខ្លាចកំណកដីស្ទះមាត់លូ។ អ្នកលក់ផ្ការូបនេះបន្ថែមថា ពេលជន់ទឹកភ្លៀងខ្លាំងម្ដងៗ មាត់លូមុខផ្ទះក៏មានការស្ទះម្ដងម្ដាលដែរ ដោយសារកំណតដីហូរពីលើផ្លូវ លាយនឹងសំរាមផ្សេងៗ។ 
 


ចំណែកអ្នកលក់ផ្លែឈើ គឺអ្នកស្រី ឡៃ វីរ័ត្ន ក៏តែងតែបោសសម្អាតសំរាមមុខតូបជាប្រចាំដែរ ដើម្បីទាក់ទាញភ្ញៀវ។ អ្នកស្រីលើកឡើងថា៖« ពេលបោសស្អាតទៅភ្ញៀវចូលទិញទៅ ដល់លក់ហើយកខ្វក់ ភ្ញៀវមិនចូលទេ»។ អ្នកស្រីបន្ថែមថា កំណកដីតាមចិញ្ចើមផ្លូវតែងតែហុយជារឿយៗ ពេលមានឡានធំៗបើកកាត់ម្ដងៗ ពេលខ្លះឡានធុនធំទាំងនោះដែលភាគច្រើនជាឡានដឹកដី បាននាំកំណកដីមកជាមួយ បង្កភាពមិនស្អាតតាមដងផ្លូវ។
 
រីឯលោក នុង ទិត កំពុងកើបកំណកដីមុខផ្ទះជួលដែលលោកបើកបញ្ចូលហ្គាសនៅលើផ្លូវក្រោលសេះ សង្កាត់ស្វាយដង្គំ។ លោកថា  ដីដ៏ក្រាស់នេះ តែងបង្កឱ្យស្ទះមាត់លូពេលជន់ភ្លៀងម្ដងៗ។ ការយល់ឃើញរបស់លោក ទិត ដោយសារក្បែរនោះគេកំពុងចាក់ដី ទើបកំណកដីមានច្រើនតោងជាប់តាមឡាន។ 
 
ដ្បិតថា មានប្រជាពលរដ្ឋមួយចំនួនបានចូលរួមសម្អាតមុខផ្ទះខ្លួនក៏ពិតមែន តែក្នុងចំនួនតិចបំផុត ពិសេសអ្នកដែលមានការយល់ដឹងតិចតួច។ ពួកគេយល់ថា ផ្លូវសាធារណជាតួនាទីរបស់អាជ្ញាធរជាអ្នកសម្អាត។ ក្រៅពីមិនបានចូលរួមសម្អាតហើយ ខ្លះថែមទាំងបោសសំរាម ឬដី ទម្លាក់ចូលផ្លូវទៀតផង។ ចំណុចទាំងនេះហើយ ដែលកន្លងមក លោក ទៀ សីហា ក៏ធ្លាប់អំពាវនាវជារឿយៗឱ្យពលរដ្ឋជួយសម្អាត និងបោសសម្អាតដីតាមផ្លូវមុខផ្ទះផង ដើម្បីសោភ័ណភាពក្រុងទាំងអស់គ្នា។ យ៉ាងណា ទិដ្ឋភាពទាំងនោះពុំមានអ្វីផ្លាស់ប្ដូរទេ។


 
ជុំវិញបញ្ហាទាំងនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី សំរិទ្ធ ប្រាប់ថា រដ្ឋបាលខេត្តក៏មានផែនការចុះសម្អាតដែរ តែដោយសារខ្នែងផ្លូវភាគច្រើនក្នុងក្រុងមានជាប់ផ្លូវដីក្រហម ដូច្នេះហើយទើបការសម្អាតមិនបានល្អ ហើយផ្លូវមួយចំនួនក៏មិនទាន់រៀបចិញ្ចើមផ្លូវបានរួចរាល់ដែរ។ 
 
លោក លី សំរិទ្ធ ក៏សំណូមពរដល់ពលរដ្ឋ ចូលរួមសម្អាតមុខផ្ទះរៀងៗខ្លួន ដោយមិនត្រូវរង់ចាំតែអាជ្ញាធរទេ ដ្បិតអាជ្ញាធរមានកម្លាំងតិច និងកង្វះមធ្យោបាយផង។ល។ លោក លី សំរិទ្ធ៖« យើងមិនអាចបង្ខំបានទេ តែប្រសិនបើគាត់ [ពលរដ្ឋ] យល់ សំរាម កំណកដី ដែលហូរមកភ្ជិតមាត់លូ ជួយឆ្កឹះផង កំណកដីអី តិចតួចឈូសចេញទៅ»។
 
ចំណែកលោក ហាយ យ៉ុង ប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ នៃរដ្ឋបាលក្រុងសៀមរាប ពន្យល់ថា ក្រុងពុំទាន់មានកញ្ចប់ថវិកាសម្រាប់ចុះសម្អាតផ្លូវទាំង៣៨ខ្សែនៅឡើយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនាពេលកន្លងមក លោក ហាយ យ៉ុង ប្រាប់ថា៖«យើងកំពុងរៀបចំផែនការ ដោយសារយើងខ្វះថវិកាមួយចំនួនសម្រាប់ទ្រទ្រង់ទៅលើប្រេងសាំង ការចំណាយសម្ភារ អ៊ីចឹងបានជាផែនការនេះរៀងយឺតបន្ដិច ដោយសារយើងអត់បានគ្រោងថវិកាសម្រាប់ប្រេងឡានចាក់ឡានសម្អាត ក្រុងយើងមានឡានបោសថ្នល់ចំនួន៣គ្រឿង តែឥឡូវនេះយើងកំពុងតែខ្វះខាតបញ្ហាប្រេង អ៊ីចឹងទេចាំមើលលទ្ធកម្មប្រេងសាំងចេញ ខ្ញុំនឹងធ្វើផែនការសម្អាតលើផ្លូវផ្សេងទៀត»៕
 











 

Tag:
 ផ្លូវ៣៨ខ្សែ
  ក្រុងសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com