អន្តរជាតិ
របបយោធាមីយ៉ាន់ម៉ាប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់
25, Jul 2022 , 10:49 am        
រូបភាព
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព៖ Xinhua
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព៖ Xinhua
អាជ្ញាធររបស់យោធាមីយ៉ាន់ម៉ា បានប្រហារជីវិតមនុស្សចំនួន៤រូប ក្នុងនោះរួមមានសកម្មជនប្រជាធិបតេយ្យ ដែលត្រូវបានចោទពាក់ព័ន្ធនឹងភេរវកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតរដ្ឋ the Global New Light of Myanmar នៅថ្ងៃទី២៥ ខែកក្កដា។ នេះជាការកាត់ទោសប្រហារជីវិតលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនៅមីយ៉ាន់ម៉ា។



 
កាសែតរដ្ឋមីយ៉ាន់ម៉ា the Global New Light of Myanmar បានបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ា បានប្រហារជីវិតមនុស្សចំនួន ៤រូប មានដូចជាលោក Kyaw Min Yu និងលោក Phyo Zeya Thaw ដែលជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់។ អ្នកទាំង ៤រូបនេះ ត្រូវបានចោទក្រោមច្បាប់ប្រឆាំងភេរវកម្ម និងច្បាប់ព្រហ្មទណ្ឌ។ 
 
លោក Kyaw Min Yu សកម្មជនប្រជាធិបតេយ្យដ៏សំខាន់មួយរូប និងជាទីប្រឹក្សាសន្តិសុខ និងនយោបាយនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា (NUG) នៅក្នុងខែមករាកន្លងទៅ ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិត ក្រោមហេតុផលមានពាក់ព័ន្ធនឹងភេរវកម្ម។ ទន្ទឹមនេះ លោក Phyo Zeya Thaw អតីតសមាជិកសភាមកពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NUG) ត្រូវបានចាប់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមបទចោទភេរវកម្មដែរ។ 
 
នេះជាការកាត់ទោសប្រហារជីវិតលើកដំបូងនៅមីយ៉ាន់ម៉ា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។ តាមការបញ្ជាក់របស់ក្រុមសិទ្ធិមនុស្ស AAPP ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ អនុវត្តទោសប្រហារជីវិតចុងក្រោយ នៅអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០។ ទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងតាមរយៈព្យួរក។ 
 
មកទល់ពេលនេះ មនុស្សច្រើនជាង ២១០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ខណៈអ្នកជាប់ឃុំមានជាច្រើនពាន់នាក់។ យ៉ាងណាមិញ របបសឹកចាត់ទុករបាយការណ៍នេះ ជាការពន្លើស។ 
 
ពាក់ព័ន្ធនឹងការអនុវត្តទោសប្រហារជីវិតខាងលើ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានសរសេរលិខិតជូនទៅលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីបង្ហាញការមើលឃើញរបស់សម្តេច អំពីផលមិនល្អនៃគម្រោងអនុវត្តទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា។ 
 
បើតាមសម្តេចហ៊ុន សែន ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួន ដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅអាស៊ាន៕ 
 

Tag:
 មីយ៉ាន់ម៉ា
  របបសឹក
  កម្ពុជា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com