កីឡាជាតិ
ជាតិ
អត្តពលិកកីឡាបាល់ទះកម្ពុជា២៦នាក់ ចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី
26, Jul 2022 , 7:59 am        
រូបភាព
កិច្ចសំណេះសំណាល រវាងលោក ស សុខា អនុប្រធានសហព័ន្ធបាល់ទះកម្ពុជា និងអត្តពលិកត្រៀមប្រកួតអាស៊ានប៉ារ៉ាហ្គេម(រូបពី ស សុខា)
កិច្ចសំណេះសំណាល រវាងលោក ស សុខា អនុប្រធានសហព័ន្ធបាល់ទះកម្ពុជា និងអត្តពលិកត្រៀមប្រកួតអាស៊ានប៉ារ៉ាហ្គេម(រូបពី ស សុខា)
ដោយ៖ហៀក ឆក

សហព័ន្ធកីឡាបាល់ទះ បញ្ជូនអត្តពលិក ២៦នាក់ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៧ កក្កដា។



គណៈប្រតិភូអត្តពលិក ២៦នាក់ទទួលបានថវិការជាង ៥០០០ដុល្លារពីប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាលោក នេត សាវឿន និងបន្ថែមពីលើ ៥០០ដុល្លារទៀតពីអនុប្រធានសហព័ន្ធលោក ស សុខា ក្នុងភារកិច្ចចូលរួមប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ដើម្បីចំណាយលើបញ្ហាទូទៅ ក៏ដូចជាការស្នាក់នៅ និងពេលប្រកួត។
 


ក្នុងកិច្ចសំណេះសំណាលជាមួយគណៈប្រតិភូ និងគ្រូបង្វឹក កីឡាករកីឡាការិនី នាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី២៥ ខែកក្កដា លោក ស សុខា បានលើកទឹកចិត្តដល់អត្តពលិកឲ្យប្រជែងយកមេដាយ និងបទពិសោធដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមានវត្តមានក្នុងកិច្ចសំណេះសំណាលនោះ បានស្រង់សម្ដីលោក ស សុខា ប្រាប់សារព័ត៌មានថ្មីៗ ថា៖«សូមឲ្យកីឡាករកីឡាការិនីគិតគូរទៅដល់កិត្យានុភាពជាតិជាគោល»។
 
គួបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ជូនអត្តពលិកកម្ពុជា២៦នាក់ ប្រកួតលើវិញ្ញាសាបាល់ទះអង្គុយបុរស និងនារី ដែលចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា នាប្រទេសឥណ្ឌូណេស៊ី៕
 

Tag:
 បាល់ទះ
 អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com