ជាតិ
៦ខែ ខ្នងផ្សាទទួលបានទេសចរជាង ៨ពាន់នាក់
26, Jul 2022 , 8:59 am        
រូបភាព
ទេសភាព ខ្នងផ្សា ។ រូបភាពពី ហ្វេសប៊ុក លោក ជួន ភិរម្យ
ទេសភាព ខ្នងផ្សា ។ រូបភាពពី ហ្វេសប៊ុក លោក ជួន ភិរម្យ
ដោយ:
៦ខែនេះ ភ្ញៀវទេសចរទៅខ្នងផ្សាចំនួន ៨ ០២៥នាក់ ក្នុងនោះទេសចរអន្តជាតិ ១០៥នាក់។ ទិន្នន័យនេះកើនឡើងជាង ២ពាន់នាក់បើធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។

 
រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសបានបើកទទួលភ្ញៀវឡើងវិញ នៅឆ្នាំ២០២២នេះ ខណៈនិន្នាការដើរកម្សាន្តនៅតំបន់ទេសចរណ៍ផ្សងព្រេង នៅតែមានសន្ទុះខ្លាំង។ ជារៀងរាល់ចុងសប្តាហ៍ទេសចរ ដែលភាគច្រើនជាយុវវ័យ បានធ្វើដំណើរជាក្រុមៗ ទៅបោះតង់នៅខ្នងផ្សា។
 
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ៦ខែ ឆ្នាំ២០២២នេះ ទេសចរទៅខ្នងផ្សា កើនឡើងជាង២ពាន់នាក់បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១។ ក្នុងរបាយការណ៍លម្អិតថា ទេសចរទៅខ្នងផ្សា នាឆមាសទី១ ឆ្នាំ២០២២នេះ មាន៨ ០២៥នាក់​ ក្នុងនោះទេសចរបរទេស ចំនួន១០៥នាក់។ 
 
កំណើនទេសចរទៅខ្នងផ្សា កើនឡើងនៅឆមាសទី១នេះ  ដោយសារចង់បញ្ចេញអារម្មណ៍តប់ប្រមល់ និងស្រូបយកអាកាសធាត់ធម្មជាតិ ក្រោយខកខានដើរកម្សាន្ត២ឆ្នាំ ព្រោះតែការរីករាលដាលជំងឺកូវីដ-១៩ ។ យ៉ាងណាមិញភ្ញៀវទេសចរទៅខ្នងផ្សាក្នុងខែមិថុនា កន្លងមក ហាក់ថមថយបន្តិចព្រោះបញ្ហាអាកាសធាតុ។
 
សូមជម្រាបដែរថា រយៈពេល៦ខែឆ្នាំ២០២២នេះ ខេត្តកំពង់ស្ពឺទទួលបានទេសចរ ២៩៤ ៨៤៨នាក់ ក្នុងនោះទេសចរអន្តរជាតិ ១០៩ ៩៧៨នាក់។ ចំណែកតំបន់ទេសចរណ៍ផ្សងព្រេងភ្នំឱរ៉ាល់ ទទួលបានទេសចរ៣៥៥នាក់ ក្នុងនោះទេសចរអន្តរជាតិ ៧៥នាក់ នា៦ខែនេះ៕
 

Tag:
 ThmeyThmey25
  ខ្នងផ្សា
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com