ជាតិ
ហេតុអ្វី បោកទូរសព្ទ កាត់ខ្សែអង្រឹង ស៊ីអាចម៌គោ... ផ្ទុះ​ខ្លាំងក្នុង​បណ្តាញសង្គមជាងវីដេអូអប់រំ ?
26, Jul 2022 , 9:29 am        
រូបភាព
ផ្ទុះខ្លាំង! មិនមែន​ជា​ការ​សម្ពោធភាពយន្តថ្មី ការចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី ឬ​ការបង្ហាញនូវសិល្បៈវប្បធម៌ណាមួយ​នោះឡើយ តែ​ជារឿងហែកហួរគ្នាក្នុង​គ្រួសារ ការ​លក់​ផលិត​ផល​ក្លែម​ដោយ​រូបភាពស៊ិចស៊ី ហើយ​និន្នាការ​ដ៏គួរឲ្យ​កត់សម្គាល់មួយទៀតនោះ គឺការ​ផលិត​​វីដេអូ​ពីសកម្មភាព​ប្លែកៗ និង​វីដេអូ​បោក​បញ្ឆោត (Video Prank)​ ផ្សេងៗ ។ វីដេអូ​ទាំងនោះ ជាទូទៅទទួលបាន​នូវ​ការចូលទស្សនា (Views), ការ​ចែក​រំលែក​ (Shares) និងការ​ចុច​សញ្ញាប្រតិកម្ម (Likes) ក្នុងចំនួន​ដ៏ច្រើន។ មិនជាបញ្ហាឡើយ​​សម្រាប់វីដេអូដែលបម្រើឲ្យអារម្មណ៍​សប្បាយ​រីករាយ ឬ​បង្កប់ន័យ​អប់រំ ប៉ុន្តែ​អ្នក​បង្កើត​មាតិកាមួយចំនួន​បែរជា​បង្ហាញ​ការ​លេង​សើច​ខុស​របៀប គ្មាន​សីលធម៌ ដោយមិនគិតពីផល​ប៉ះពាល់​ដល់សង្គម។

 
កាត់ខ្សែអង្រឹង, បោកទូរសព្ទអ្នក​ដទៃតាមទីសាធារណៈ, ស៊ីស្បែកជើង, ស៊ីអាចម៌​គោ, ខាំគ្រាប់បែក, បរិភោគសត្វល្អិត ឬអសិរពិស ជាដើម សុទ្ធតែ​ស្ថិតក្នុងចំណោម​វីដេអូ​ដែល​គេនិយម​ហៅ​ថាផ្ទុះខ្លាំងនៅ​លើ​បណ្តាញ​សង្គម ជាពិសេស​ហ្វេសប៊ុក និង TikTok ដោយ​យោងតាមចំនួន Views, Likes, Shares។ គេមិនអា​ចដឹងពីចេតនាពិត​ប្រាកដ​របស់អ្នក​បង្កើតមាតិកា ដោយអ្នកខ្លះពិតជាធ្វើ​ក្នុង​បំណង​បម្រើ​ភាព​សប្បាយ​រីករាយ តែអ្នកខ្លះទៀតមិន​ខ្វល់​ខ្វាយ​នោះឡើយ ដោយ​គិត​តែពីប្រជាប្រិយភាព និង​ការរក​លុយតាមរយៈ​វីដេអូ​របស់ខ្លួន។
 
Views, Likes, Shares គឺជាអ្វីៗទាំងអស់

វីដេអូស្តីពី​សកម្ម​កាត់ខ្សែអង្រឹង ខណៈមនុស្ស​ស្រីម្នាក់​កំពុង​គេងលក់ ទាក់ទាញ​ការ​ចូល​ទស្សនា​ជិត​ពី​រលាន និង​ចែក​រំលែក​តៗគ្នា​រាប់ពាន​ដង តែក្នុង​រង្វង់ប៉ុន្មាន​ខែប៉ុណ្ណោះ​ក្រោយ​ការបង្ហោះនៅ​លើ​ទំព័រ​ហ្វេសប៊ុកមួយ។ ទោះបីវីដេអូនេះ កើត​កើតចេញពី​ការ​សំដែង​របស់ភាគីទាំង​សង​ខាងក៏ដោយ ប៉ុន្តែវាបាន​បង្ហាញពីការលេង​សើច​ជ្រុលខុសទំនង ដោយគ្មានន័យ​អប់រំអ្វីទាល់តែសោះ។
 
«Video Prank ហាក់ដូចជាសុសសាយក្នុងសង្គម តែវីដេអូទាំងនោះហាក់បានបង្រៀនមនុស្សក្នុងសង្គម ឲ្យ​គ្មានសីលធម៌ និងសុជីវធម៌ ក្នុងការរស់នៅប្រចាំថ្ងៃ។ ឥទ្ធិពល Like, Share បានធ្វើឱ្យយុវជនមួយចំនួនធំ ក្លាយទៅជាឃាតកសីលធម៌ និងសុជីវធម៌របស់សង្គមទៅហើយ។ វីដេអូខ្លះ បានជះឥទ្ធិពលដល់ពួកក្មេងៗនៅជនបទ ដែលពួកគេស្ថិតនៅក្នុងវ័យចង់ដឹង ចង់ឮ និងចង់ឃើញ»។ នេះជាការបញ្ចេញ​មតិ​យោបល់​របស់​ម្ចាស់គណនី​មួយឈ្មោះ Chanthouen ដែល​បាន​ចែក​រំលែក​វីដេអូ​កាត់អង្រឹង។

ងាកមកវីដេអូបញ្ឆោតមួយទៀត គឺជាការ​បោកទូរសព្ទអ្នកដទៃតាមទីសាធារណៈ ដែលជាស្នាដែរបស់​​ម្ចាស់​មាតិកា (Vlogger) ម្នាក់ឈ្មោះ ធារ៉ា។ វីដេអូនេះ មានការ​ចូល​ទស្សនា​ខ្ទង់លាន​ដង និង​ចែក​រំលែក​រាប់​ម៉ឺនដង​ផងដែរ។ ក្នុងចំណោម​ការបញ្ចេញមតិ​យោបល់ជាង​៥០០០ គណនីឈ្មោះ Lee Hong បាន​សរសេរថា៖ «ថ្វីដ្បិតថា វាជាការ prank របស់អ្នកប៉ុន្តែអ្នកត្រូវចាំថា របស់គេវាមានតម្លៃជាងអា11pro របស់អ្នក។ ពេលខ្លះវាជាកាដូរបស់ម៉ាក់ប៉ាទិញឱ្យ ហើយត្រូវអ្នកយកមកបោកចោល»។
 
មិនត្រឹមតែវីដេអូ Prank នោះ ប៉ុន្តែក៏មានវីដេអូមួយចំនួនទៀតដែរ ដូចជា ស៊ីអាចម៌គោ ស៊ីស្បែកជើង និងស៊ីសំបកទុរេនជាមួយអំបិលម្ទេស ក៏ជាការខាំទំពា​សត្វល្អិត សត្វអសិរពិស ដែលសុទ្ធសឹងតែជាវីដេអូ បង្ហាញទង្វើគ្មានសីលធម៌ ហើយបង្អួតក្នុងបណ្ដាញសង្គមផងដែរ។ វីដេអូទាំងអស់នេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយការ​បង្ហោះភ្លាមៗ។
 
លោកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏តែងតែ​រិះគន់ផងដែរ​ ចំពោះ​ការ​បង្ហោះ​វីដេអូមួយ​ចំនួន ​ដើម្បី​យក​ Views, Likes, Shares។ ទាក់ទង​នឹង​វីដេអូ​នារីម្នាក់​ខាំ​ស្បែកជើងជ្រលក់អំបិលម្ទេស លោកស្រី ស៊ីណាត ចាត់ទុក​ថា ជា​ទង្វើ​អសីលធម៌​ក្នុង​សង្គម ដែលជះផល​អាក្រក់​ដល់​តម្លៃជាតិ។
 
«សូមកុំខ្វល់តែចំនួន Views និង Likes ហើយបង្អាប់ជាតិសាសន៍ខ្លួនដូច្នេះ។ ខ្ញុំឃើញថៃចុះព័ត៌មាន ហើយយើងនេះរហូតដល់ប្រទេសកម្ពុជាមួយទាំងមូល មិនដែលអត់ស៊ីរហូតដល់ស៊ីស្បែកជើង»។ នេះជាការ​សម្តែង​ការហួស​ចិត្ត ​របស់​លោកស្រី ស៊ីណាត ដោយ​ស្នើ​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។
 
អាងអីសុំទោស

កន្លងមក ​ម្ចាស់​វីដេអូ​មិន​តិ​ចនោះឡើយ ​ដែល​រង​ការព្រមាន​ពីអាជ្ញាធរ។ ជាក់ស្តែង​ កាលពីដើម​ខែមេសា កន្លងមក ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្តាល បាន​ហៅបុរសម្នាក់​ រហស្សនាម «គ្រូតឿ» ទៅអប់រំ និង​ធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលអសីលធម៌នៅលើបណ្ដាញសង្គម។
 
ការព្រមាននេះ បាន​កើត​ឡើង​ បន្ទាប់ពីគ្រូតឿ  បានថតវីដេអូបង្ហោះតាមបណ្ដាញសង្គម ដោយ​មានសកម្ម​ភាព​ស៊ីអាចម៌គោ និងទង្វើ​ប្លែកៗ ដែលអសីលធម៌ជាច្រើន។ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ថា ៖«បើមនុស្សមិនមែនចេះស៊ីអាចម៌គោនោះទេ។ បើមនុស្សចេះស៊ីអាចម៌គោ ចប់ហើយ។ គាត់ចង់បាន Like ចង់បាន share ចង់ល្បី តែគាត់មិនគិតថា វាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធាណៈ។ អ៊ីចឹងយើងហៅគាត់មកនេះ គ្រាន់តែណែនាំឱ្យគាត់ ធ្វើអីឱ្យមានសេចក្ដីថ្លៃថ្នូរជាមនុស្ស»។
 
មាន​ករណី​ច្រើន​ទៀត​ដែល​បាន​កើតឡើង ហើយ​ម្ចាស់​មាតិកា គ្រាន់តែ​ចេញមុខ​​ផ្សាយ​ផ្ទាល់ ឬ​ថត​វីដេអូ​ថ្មី ដើម្បី​បង្ហាញ​ការ​សោកស្តាយ និង​សុំទោស​ទាក់ទង​នឹ​ងវីដេអូអសីលធម៌​របស់ខ្លួន។ អ្នក​ខ្លះ​បានលុប​វីដេអូ​ដើមចេញ អ្នក​ខ្លះ​បន្ត​រក្សាទុក។ ប៉ុន្តែទោះបីជាមាន​ការលុប​ចេញ​យ៉ាងណាក៏ដោយ ក៏​វីដេអូទាំងនោះ ត្រូវ​ទាញ​យក (Download) ហើយ​បង្ហោះ​បន្ត​ដោយ​បុគ្គល​ដទៃ។
 

ឥទ្ធិពល​ដល់​ក្មេងៗ ដែលអាចត្រាប់តាមទង្វើ​អាក្រក់

ត្រី​មួយ​ត្រក ស្អុយ​មួយ​ស្អុយ​ទាំងអស់? ពេល​ខ្លះ មិនអាចជៀសផុតនោះ​ឡើយសម្រាប់អ្នកដែល​ប្រកប​របរ អាជីព ឬធ្វើសកម្មភាព​ដូចគ្នា ក្នុងករណី​មាន​ក្រុមណា​មួយប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ដោយ​តែងតែ​មាន​ការ​វាយ​តម្លៃជារួមថា អ្នក​បង្កើត​មាតិកា ឬអ្នកធ្វើវីដេអូ Prank សុទ្ធតែ​បំពុល​សង្គម។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីៗមិនដូចគ្នានោះឡើយ ព្រោះយើងក៏សង្កេតឃើញមាន​ការផលិត​វីដេអូបែបអប់រំ ការសម្តែង​រឿងខ្លី ដំណើរកម្សាន្ត ការធ្វើ​ម្ហូប, ការញ៉ាំអាហារ និង​សកម្មភាព​សប្បុរសធម៌ ជាច្រើន​ផងដែរ ហើយ​វីដេអូទាំងនោះ សុទ្ធតែទទួលបាន​នូវការ​គាំទ្រ និង​សរសើរ​លើកទឹក​ចិត្ត។
 
ជាអ្នក​ជំនាញ​ក្នុង​វិស័យ​បច្ចេកវិទ្យា លោក ជី សុផាត ក៏ជាអ្នក​បង្កើតមាតិកាម្នាក់នៅលើ​បណ្តាញ​សង្គម​ផងដែរ។ លោក​ទទួល​ស្គាល់ថា ការ​ផលិត​វីដេអូ​ប្លែកៗ វីដេអូបែបបញ្ឆោត ពិតជាទាក់ទាញ​ការចូលទស្សនា ប៉ុន្តែ​វាបង្ក​ផល​ប៉ះពាល់​ផ្នែក​សីលធម៌ ជាពិសេស​ដល់​ក្មេងៗ។
 
«កាត់ខ្សែទូរសព្ទ បោកទូរសព្ទ សុទ្ធតែជាទង្វើអសីលធម៌ ដែល​យុវជន​មិនគួរ​ជ្រើសរើស​យក​ទៅ​លេងសើចនោះឡើយ។ ខ្ញុំដឹងថាហ្នឹងជាការ Prank ប៉ុន្តែពេលខ្លះ ទូរសព្ទ​ ឬឧបករណ៍ប្រើប្រាស់ណាចាស់ៗក៏ដោយ វាមិន​ត្រឹមតែ​ប៉ះ​​ពាល់​​ដល់រូបភាពនោះទេ តែវាអាចនឹងប៉ះពាល់ដល់ឯកសារបុគ្គលក្នុងទូរសព្ទ​»។ នេះជាការគូស​បញ្ជាក់​របស់​លោក សុផាត។ លោក បន្ត​ថា បើ​ប្រភេទ​វីដេអូ​បែប​នោះ​ ទទួល​បានការចាប់អារម្មណ៍​ច្រើន​ពី​អ្នកទស្សនា ដូច្នេះវានឹងញាំងឲ្យ​មានមនុស្សផ្សេងបង្កើតបែបនោះច្រើន ហើយមិនយល់ថាវាខុស ឬប៉ះពាល់នោះទេ។
 
អ្នកជំនាញ​បច្ចេកវិទ្យា​រូបនេះ រៀបរាប់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ថា នៅកម្ពុជាមិនទាន់មាន​ការ​បែងចែក​ច្បាស់​លាស់​លើ​មាតិកា រវាងក្មេង និងមនុស្ស​ចាស់​ឡើយ​​ ដូច្នេះរាល់វីដេអូដែល​ផលិត​ឡើង​សុទ្ធតែមាន​ឥទ្ធិពល​ បើទោះបីវាជាការសម្តែង​ក៏ដោយ។
 


លោក ជី សុផាត អ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា និងជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម

លោក ជី សុផាត ណែនាំដូច្នេះថា៖«ខ្ញុំក៏អាចនឹងឃើញខ្លឹមសារទាំងអស់ហ្នឹងដែរ។ អ្វីដែលខ្ញុំធ្វើ គឺខ្ញុំ Report Page នោះឱ្យភ្នាក់ងារហ្វេសប៊ុកបានឃើញ។ ខ្ញុំមិនព្យាយាមទៅឆ្លើយឆ្លង ចែករំលែកនោះទេ។ បើរបៀបនៃការចែករំលែករបស់ខ្ញុំ គឺខ្ញុំធ្វើបែបផ្សេង នេះក្នុងនាមខ្ញុំដែលធ្លាប់មើល ឬក៏ប្រតិបត្តិក្នុងការចូលរួមអភិវឌ្ឍខ្លឹមសារ ឬក៏កិច្ចការដែលល្អ។ ព្រោះមុខងារ Report នៅក្នុងហ្វេសប៊ុក ជាកន្លែងជូនដំណឹងទៅម្ចាស់ក្រុមហ៊ុន ឬកម្មវិធីទាំងអស់ហ្នឹងដូចជា Facebook Youtube ឬក៏ Twitter ជាដើម»។
 
ចំណែកឯ កញ្ញា លាង សុភ័ក្រផល្លគុណ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូប ក៏មើលឃើញពីកំណើននៃការផលិតវីដេអូក្នុងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន មានទាំងហ្វេសប៊ុក TikTok និង Instagram​ ជាដើម។ និន្នាការផលិតវីដេអូនេះ បានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ម្ចាស់អាជីវកម្ម និងផ្ដល់ឱកាសដល់យុវជន អ្នកចូលចិត្តការផលិតវីដេអូផងដែរ។
 


 កញ្ញា លាង សុភ័ក្រផល្លគុណ អ្នកប្រើប្រាស់បណ្ដាញសង្គម

ផល្លគុណ ប្រើប្រាស់បណ្ដាញសង្គមច្រើន ព្រោះទាំងការងារ និងការកម្សាន្តគឺនៅលើបណ្ដាញសង្គម ពិសេសហ្វេសប៊ុកនោះឯង។ យុវតីវ័យ២២ឆ្នាំរូបនេះ ធ្លាប់បានមើលវីដេអូច្រើនប្រភេទលើបណ្ដាញសង្គម ហើយក្នុងចំណោមនោះ មានមួយចំនួនចូលចិត្ត និងខ្លះយល់ថា មិនគប្បី និងប៉ះពាល់ផងដែរ។ ផល្លគុណ គិតថា មិនមែនតែគេនោះឡើយ ប៉ុន្តែប្រហែលអ្នកដទៃក៏យល់ដូចគ្នាផងដែរ។ 
 
កញ្ញា​ សុភ័ក្រផល្លគុណ លើកឡើងបែបនេះ៖ «វីដេអូលើហ្វេសប៊ុកហ្នឹងខ្ញុំយល់ថា វាមានឥទ្ធិពល។ បើនិយាយពីផលប្រយោជន៍ វាធ្វើឱ្យមនុស្សមួយចំនួនអាចបង្ហាញទេពកោសល្យ គំនិតថ្មីៗ ទៅមនុស្សផ្សេងៗបាន។ បើនិយាយពីផលប៉ះពាល់ ខ្ញុំសុំលើកឧទាហរណ៍វីដេអូប្រភេទ Prank មួយចំនួន ដែលគាត់ធ្វើដោយមិនគិតពីផលប៉ះពាល់ ឥទ្ធិពល គោលបំណងច្បាស់លាស់ទៅអ្នកមើល វាអាចជះឥទ្ធិពលដល់សង្គម ពិសេសក្មេងៗ ព្រោះយើងដឹងហើយក្មេងៗអាយុចាប់ពី១០ឆ្នាំឡើង កាន់ទូរសព្ទចុចមើលគ្រប់គ្នាហើយ។ អ៊ីចឹង វាមិនមែនជាគំរូល្អទេ ដែលក្មេងៗឃើញវីដេអូទាំងអស់ហ្នឹង ពួកគាត់អាចនឹងយកគំរូតាម កាយវិការមិនសមរម្យណាមួយពីហ្នឹង»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com