ជាតិ
អាស៊ាន
លោក ហង់ ជួនណារ៉ុន ប្រាប់យុវជនអាស៊ានត្រៀមទទួលអនាគតការងារថ្មីក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០
25, Jul 2022 , 9:55 pm        
រូបភាព
 លោក ហង់ ជួនណារ៉ុន ឡើងថ្លែងសន្ទរកថានាពិធីបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
លោក ហង់ ជួនណារ៉ុន ឡើងថ្លែងសន្ទរកថានាពិធីបើកកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
សៀមរាប៖ កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ កំពុងចាប់ផ្តើមហើយនៅខេត្តសៀមរាប។ ក្នុងពិធីបើក លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យយុវជនអាស៊ាន អភវិឌ្ឍន៍សមត្ថភាពឱ្យកាន់តែខ្លាំងឡើង ពិសេសផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដើម្បីត្រៀមទទួលអនាគតការងារថ្មីក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ឬ៤.០។

 
«យុវជនក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទ៤.០ ៖កាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតសាកល» ជានេះប្រធានបទនៃកម្មវិធី កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្មវិធីនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៥ និង២៦ ខែកក្កដា នាខេត្តសៀមរាប។
 
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លើកឡើងថា បដិវត្តន៍ឧស្សាហកម្មទី៤ បានបន្តជះឥទ្ធិពលសេដ្ឋកិច្ចពិភពលោក និងកម្លាំងពលកម្ម។ ក្នុងន័យនេះ រដ្ឋសមាជិកអាស៊ានកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់អំពីរបៀបរៀបចំយុវជនសម្រាប់អនាគតថ្មីនៃការងារ និងសម្រាប់ការសម្របខ្លួន និងការទទួលយកឧស្សាហកម្ម៤.០។
 
«បដិវត្តន៍ឧស្សាហកម្មទី៤ គឺផ្លាស់ប្ដូរជាមូលដ្ឋាននូវរបៀបរស់នៅ ធ្វើការ និងទំនាក់ទំនងគ្នាទៅវិញទៅមក ដែលត្រូវបានកំណត់លក្ខណៈដោយចំណុចប្រសព្វនៃរបកគំហើញបច្ចេកវិទ្យាដែលកំពុងរីកចម្រើន គ្របដណ្ដប់លើវិស័យយ៉ាងធំទូលាយ ដូចជាបញ្ញាសិប្បនិមិត្ត (AI) មនុស្សយន្ត អ៊ិនធឺណិត រថយន្តស្វ័យប្រវត្តិ ការបោះពុម្ព3D ណាណូបច្ចេកវិទ្យា ជីវបច្ចេកវិទ្យា វិទ្យាសាស្រ្ដសម្ភារ ការផ្ទុកថាមពលជាដើម»។ នេះជាការរៀបរាប់របស់លោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន។ 
 
លោករដ្ឋមន្រ្តីបានបន្តប្រាប់ទៅយុវជនអាស៊ានទៀតថា តាមការស្ទង់មតិនៃវេទិកាសេដ្ឋកិច្ចពិភពលោកនាពេលកន្លងមកបានបង្ហាញថា អ្នកវិនិយោគត្រូវការទាំងជំនាញរឹង និងជំនាញទន់ ជាពិសេសជំនាញនាសតវត្សទី២១ រួមទាំងការប្រើប្រាស់ឧបករណ៍ឌីជីថលផង។ ហេតុនេះហើយ ទើបប្រព័ន្ធអប់រំគួរត្រូវបានកែទម្រង់ ដើម្បីដោះស្រាយបញ្ហាមិនស៊ីគ្នានឹងជំនាញ ដើម្បីរៀបចំយុវជនសម្រាប់អនាគតការងារ។ «ជាមួយនឹងការផ្លាស់ប្ដូរទិដ្ឋភាពបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ជំនាញចាស់នឹងរលាយបាត់ ចំណែកជំនាញថ្មីនឹងលេចឡើងភ្លាមៗ។ តើយើងអាចអប់រំយុវជនយើងសព្វថ្ងៃនេះឱ្យត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត នឹងទទួលបានជំនាញនិងរៀនអំពីបច្ចេកវិទ្យាដែលមិនទាន់មានបានដែរឬទេ»? នេះជាសំណួរដែលលោករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន ចោទទៅក្រុមយុវជនអាស៊ាន។
 
ថ្លែងចំពោះមុខយុវជន និងអ្នកចូលរួមប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នាសណ្ឋាគារសុខាសៀមរាប លោករដ្ឋមន្រ្តីក្រសួងអប់រំ មានក្ដីរំពឹងថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ នឹងផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់យុវជនអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក ដែលបានជះឥទ្ធិពលដល់អនាគតរបស់ពួកគេ ដែលរាប់ចាប់ពីវិទ្យាសាស្រ្ដ បច្ចេកវិទ្យា នាវនុវត្តន៍ និងអនាគតការងារ រហូតដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រែប្រួលអាកាសធាតុ និងផ្លាស់ប្ដូររវាងមនុស្ស និងធ្វើឱ្យពួកគេត្រៀមខ្លួននាពេលអនាគត។
 
អគ្គលេខាធិការអាស៊ាន លោក លីម ជុកហ៊ុយ (Lim Jock Hoi) បានកោតសរសើរដល់ការដឹកនាំរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំ និងកំណត់យកឆ្នាំ ២០២២ ជាឆ្នាំយុវជនអាស៊ាន រួមជាមួយនឹងព្រឹត្តិការណ៍ដែលលើកទឹកចិត្តឱ្យមានការចូលរួមរបស់យុវជនក្នុងការពិភាក្សាអំពីវិធីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដូចទៅនឹងកិច្ចសន្ទនាយុវជនអាស៊ាននៅពេលនេះ។ លោកអគ្គលេខាធិការក៏កោតសរសើរចំពោះសាធារណៈរដ្ឋកូរ៉េ ចំពោះការប្ដេជ្ញាចិត្ត ក្នុងការបង្កើតឱ្យមានការរៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ាន-កូរ៉េ ឱ្យបានទៀងទាត់ជាព្រឹត្តិការណ៍សំខាន់សម្រាប់យុវជនអាស៊ាន-កូរ៉េ។ 
 
ទោះបីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ាន និងពិភពលោកក្ដី តែលោកអគ្គលេខាធិការអាស៊ាន មានសុទិដ្ឋិនិយមថា វានឹងល្អប្រសើរឡើងវិញ តាមរយៈការពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។ ហើយយុវជន គឺជាតួអង្គដ៏សំខាន់សម្រាប់ធ្វើរឿងនេះ។ តែសំណួរសួរថា តើយុវជនបានត្រៀមខ្លួនរួចហើយឬនៅ ក្នុងការប្រឈមមុខ និងទទួលបច្ចេកវិទ្យាទាំងនោះ? 
 
គួរបញ្ជាក់ថា ដើម្បីអបអរភាពជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងឆ្នាំនៃយុវជនអាស៊ាន ២០២២ ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ តាមរយៈគម្រោង 9th ASEAN-Korea Frontiers Forum ក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន រួមគ្នារៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះឡើង។ កិច្ចសន្ទនានេះធ្វើឡើងក្នុងបំណង បង្កើតវេទិកាសម្រាប់យុវជនអាស៊ាន និងយុវជនមកពីសាធារណៈរដ្ឋកូរ៉េ ក្នុងការចូលរួមកិច្ចពិភាក្សាគោលនយោបាយដ៏មានអត្ថន័យ ជាមួយនឹងរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណៈកូរ៉េ និងដៃគូសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រើន៕
 
 
 
 

Tag:
 កិច្ចសន្ទនាយុវជនអាស៊ានលើកទី១
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com