ជាតិ
សេដ្ឋកិច្ច
៣០ឆ្នាំជាទីប្រឹក្សា, លោក Jean Morel វាយតម្លៃសុខភាពសេដ្ឋកិច្ចកម្ពុជាឡើងវិញ
26, Jul 2022 , 9:59 am        
រូបភាព
លោក Jean Morel មានតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង និងជាទីប្រឹក្សាសេដ្ឋកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាផងអស់រយៈពេល៣០ឆ្នាំ។
លោក Jean Morel មានតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង និងជាទីប្រឹក្សាសេដ្ឋកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាផងអស់រយៈពេល៣០ឆ្នាំ។
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២២នេះ លោក Jean Morel មានតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង និងជាទីប្រឹក្សាសេដ្ឋកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាផងអស់រយៈពេល៣០ឆ្នាំ។ ក្នុងរយពេល៣០ឆ្នាំកន្លងមកនេះ លោកបានសង្កេតឃើញថា សុខភាពសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាមានភាពប្រសើរឡើងច្រើន បើប្រៀបធៀបទៅនឹងកាលពី៣០ឆ្នាំមុន។ តែទោះជាយ៉ាងណាក្តី លោកនៅតែសម្តែងក្តីព្រួយបារម្ភច្រើនចំពោះប្រជាជនដែលមានប្រាក់ចំណូលទាប។ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចគួរជាទីចាប់អារម្មណ៍ ប៉ុន្តែការបែងចែកផ្លែផ្កានៃកំណើនស្ថិតនៅជាបញ្ហានៅឡើយ។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអានបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ
(Thmeythmey.com) និងលោក លោក Jean Morel ទីប្រឹក្សាសេដ្ឋកិច្ចសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ផង និងរដ្ឋាភិបាលកម្ពុជាផងក្នុងរយៈពេល៣០ឆ្នាំកន្លងមកដូចតទៅ៖

លោក គី សុខលីម៖ តើកាលពីពេលណា និងតើហេតុអ្វីបានជាលោកត្រូវបានជ្រើសរើសឲ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចប្រចាំនៅប្រទេសកម្ពុជា? 

លោក Jean Morel៖ កាលនោះ គឺនៅក្នុងខែតុលាឆ្នាំ១៩៩១ ក្រោយកិច្ចព្រមព្រៀងទីក្រុងបារីស លោក ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានស្នើសុំលោក Roland Dumas រដ្ឋមន្រ្តីក្រសួងការបរទេសនៃរដ្ឋការប្រធានាធិបតី Francois Mietterand ឲ្យបញ្ជូនអ្នកជំនាញសេដ្ឋកិច្ចម្នាក់ដើម្បីជួយស្តាសេដ្ឋកិច្ចកម្ពុជាជាទូទៅ និងជាពិសេសជួយដោះស្រាយបញ្ហាអតិផរណា និងការបាត់បង់តម្លៃលុយរៀលធៀបនឹងប្រាក់ដុល្លារ។ ក្រោយការស្នើសុំពីនាយករដ្ឋមន្រ្តីកម្ពុជាភ្លាម លោក Roland Dumas ក៏បានយល់ព្រម ហើយក៏បានធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ចបារាំងដើម្បីស្វែងរកអ្នកជំនាញសេដ្ឋកិច្ច។ គុណសម្បត្តិដើម្បីអាចធ្វើការជូនលោក ហ៊ុន សែន ត្រូវមានច្រើន។ ប៉ុន្តែ មន្រ្តីជំនាញរូបនោះ ត្រូវមានបទពិសោធនៅអាស៊ីផង និងមានបទពិសោធធ្វើការនៅក្នុងខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្រ្តីបារាំងផង។

លក្ខខណ្ឌ និងបទពិសោធន៍របស់ខ្ញុំផ្នែកការប្រើប្រាស់(Consumption), បទពិសោធផ្នែកត្រួតពិនិត្យតម្លៃនៃការប្រើប្រាស់ និងបទពិសោធបង្រៀននៅក្នុងប្រទេសថៃ ខ្ញុំក៏ត្រូវបានរដ្ឋាភិបាលជ្រើសរើសដើម្បីឲ្យធ្វើការជូនលោក ហ៊ុន សែន។ នៅក្នុងឆ្នាំ១៩៩២ ខ្ញុំបានចេញដំណើរមកប្រទេសកម្ពុជា។ ខ្ញុំនៅចាំបានថា ខ្ញុំមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី១៥ខែកក្កដាឆ្នាំ១៩៩២ ជាមួយនឹងទិដ្ឋាការពិសេស។ កាលនោះ ទីស្តីការគណៈរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំការិល័យឲ្យខ្ញុំមួយនៅក្នុងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅលើដងវិថីសហព័ន្ធរុស្ស៊ី។ 
 
លោក គី សុខលីម៖ សូមលោកនិយាយប្រាប់ខ្ញុំបន្តិចពីស្ថានភាពសេដ្ឋកិច្ចក្នុងទសវត្សរ៍៩០នាពេលដែលលោកមកដល់កម្ពុជាភ្លាម? 

លោក Jean Morel៖ នៅពេលដែលខ្ញុំមកដល់ប្រទេសកម្ពុជាភ្លាម ស្ថានភាពសេដ្ឋកិច្ចកាលនោះ គឺគួរឲ្យព្រួយបារម្ភមែនទែន។ សង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំមិនមែនកំទេចតែផលិតកម្មកសិកម្ម និងឧស្សហកម្មបុរាណប៉ុណ្ណោះទេ។ ប៉ុន្តែអតិផរណា គឺជារឿងដ៏សោកសៅបំផុតសម្រាប់ជីវភាពប្រជាជន ហើយជាពិសេស ពេលនោះ អតិផរណាកាន់តែធ្ងន់ធ្ងបន្ថែមទៀតជាមួយនឹងការមកដល់នៃទាហានការពារសន្តិភាពមួកខៀវអង្គការសហប្រជាជាតិ។ ខ្ញុំនៅចាំបានថា លុយរៀលបានធ្លាក់ថ្លៃពី៥០០រៀលទល់នឹង១ដុល្លារ មកដល់១០០០រៀល រួចហើយ២០០០រៀលក្នុង១ដុល្លារ។ 
 
ការមកដល់នៃជនបរទេសកាលនោះ ធ្វើឲ្យតម្លៃប្រាក់រៀលកាន់តែធ្លាក់ថ្លៃ ព្រោះ រាល់ការទូទាត់របស់ពួកគេធ្វើឡើងជាលុយដុល្លារ។ ថ្លៃឈ្នួលផ្ទះសម្បែងហក់ឡើងកប់ពពកនៅក្នុងតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រីឯនៅតាមបណ្តាខេត្តវិញ អសន្តិសុខកើតឡើងស្ទើរគ្រប់ទីកន្លែង។ កងកម្លាំងមួកខៀវនៃអង្គការសហប្រជាតិ ដែលចាយវាយជាប្រាក់ដុល្លារមុនគេ ហើយបន្តិចម្តង ពួកគេហ្នឹងហើយដែលធ្វើឲ្យមាននិន្នាការដុល្លារូបនីយកម្មហ៊ុំព័ទ្ធសេដ្ឋកិច្កម្ពុជាតែម្តងទៅ។ នៅក្នុងទីផ្សារ ការដោះដូរជារបស់របរនៅកើតឡើងនៅឡើយនៅតាមជនបទ ព្រោះ ក្រដាសប្រាក់រៀលមិនទាន់មានវត្តមានគ្រប់ទីកន្លែងនៅឡើយទេ។ 
 
ពេលនោះ គ្មានចរន្តអគ្គិសនី គឺជារឿងទូទៅ និងធម្មតាទៅហើយ។ អគ្គិសនីកម្ពុជាអាចផ្តល់ចរន្តអគ្គិសនីបានតែពីរ ឬបីម៉ោងក្នុងមួយថ្ងៃ ពេលព្រឹក ឬល្ងាចប៉ុណ្ណោះ។ 
ងាកកមើលគ្រោះធម្មជាតិវិញ ទឹកជំនន់ ក៏ទឹកជំនន់ ជំនន់រួចហើយ ភាពរាំងស្ងួតកើតឡើង។ កម្រិតនៃភាក្រីក្ររបស់ប្រជាជនកម្ពុជា គឺស្ថិតនៅកម្រិតខ្ពស់ជាងគេនៅលើលោកយើងនេះ។ 
 
លោក គី សុខលីម៖ បើគិតត្រឹមឆ្នាំ២០២២ លោកមានវត្តមាននៅក្នុងប្រទេសកម្ពុជា៣០ឆ្នាំគត់ ហើយលោកក៏បន្តធ្វើជាទីប្រឹក្សាកិត្តិយសឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តទៀត តើលោកវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងដូចម្តេចទៅវិញនៅពេលនេះ? 

លោក Jean Morel៖ មែនហើយ ក្នុងរយៈពេល៣០ឆ្នាំនេះ ការអភិវឌ្ឍសេដ្ឋកិច្ចបានឆ្លងកាត់ច្រើនដំណាក់កាលណាស់។ ដំណាក់កាលដែលលំបាកជាងគេ គឺក្នុងទសវត្សរ៍៩០។ ពេលនោះ គឺជាពេលវេលាដែលកម្ពុជាងាកចេញពីសេដ្ឋកិច្ចផែនការ ឬសេដ្ឋកិច្ចប្រមូលផ្តុំ មកបង្កើតសេដ្ឋកិច្ចទីផ្សារ។ តែទោះជាយ៉ាងណាក៏ដោយ ក៏កម្ពុជាបានបង្កើតច្បាប់ជាច្រើន ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ច ដូចជា ការបង្កើតច្បាប់ស្តីពីការវិនិយោគ ការបង្កើតសភាពាណិជ្ជកម្មកម្ពុជា ការបង្កើតគោលនយោបាយអភិវឌ្ឍវិស័យទេសចរណ៍ ការកែទម្រង់វិស័យដីធ្លី។ល។ ជាលទ្ធផលនៃកំណែទម្រង់ជាច្រើនក្នុងទសវត្សរ៍កន្លងមក, ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ថេរតែម្តង។ នៅក្នុងវិស័យអប់រំវិញ កម្ពុជា ក៏បានបង្កើតសកលវិទ្យាល័យដែលមានគុណភាព និងបានបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេងជាច្រើនផងដែរ។ ក្រោយមក ធនធានមនុស្សទាំងនេះ បានបង្កើតក្រុមហ៊ុនសហគ្រាសជាច្រើន។ ចំណុចល្អមួយទៀតដែលត្រូវបានគេសង្កេតឃើញដែរនោះ គឺថា កម្ពុជាបានកាត់បន្ថយពីសេដ្ឋកិច្ចពឹងលើការនាំចូល មកជាសេដ្ឋកិច្ចឆ្ពោះទៅកាន់ការនាំចេញកាន់តែច្រើនឡើង។ ទោះជាយ៉ាងណា កូវីដ-១៩ បានបង្កផលប៉ះពាល់ដល់វិស័យមួយចំនួនធំ ជាពិសេស វិស័យទេសចរណ៍។ 
 
កំណើនសេដ្ឋកិច្ចពិតជាប្រសើរមែនហើយ។ តែវាបានបង្កើតវិសមភាពក្នុងសង្គម ព្រោះ ការអភិវឌ្ឍអនុញ្ញាតឲ្យអ្នកមានធនធានច្រើនទទួលបានផលលាភច្រើន។ ជាការពិត ចំនួនអ្នកវណ្ណៈកណ្តាលកើនឡើង តែអ្នកក្រីក្រក៏កាន់តែមានចំនួនកើនឡើងច្រើនផងដែរ។ ម្យ៉ាងទៀត អ្នកក្រីក្រទាំងនោះ ស្ថិតនៅក្រៅប្រព័ន្ធចរន្តនៃការអភិវឌ្ឍ។ ហើយបញ្ហានេះ កើតឡើងកាន់តែច្រើនតាំងពីការរាតត្បាតនៃមេរោគកូវីដមក។ 
 
លោក គី សុខលីម៖ ខ្ញុំសូមសួរបញ្ជាក់ឡើងវិញបន្តិច កំណើនសេដ្ឋកិច្ចបានកើនឡើងមែន ចុះការបែងចែកកំណើនសេដ្ឋកិច្ចមានសមភាពឬទេលោក? 

លោក Jean Morel៖ ជាការពិត ក្នុងរយៈពេលកន្លងមកនេះ កម្ពុជាបានផលិតធនធាន និងទ្រព្យសម្បត្តិច្រើនណាស់ក្នុងគ្រប់វិស័យសម្រាប់ប្រទេសជាតិមួយនេះ។ ប៉ុន្តែ ការបែងចែកកំណើនមិនមានសមភាពទេ ហើយក៏មិនជាទីគាប់ចិត្តដែរ។ មានហេតុផលពីរយ៉ាងដែលយាយីបញ្ហានេះ។ អំពើពុករលួយនៅបន្តមានវត្តមាន និងម្យ៉ាងទៀត កម្មករ និយោជិក មិនទាន់ត្រូវបានគាំពារពេញទំហឹងពីរដ្ឋនៅឡើយ។ មែនហើយ សេដ្ឋកិច្ចនៃប្រទេសមួយនេះ ប្រសើរខ្លាំងមែនទែនផ្អែកលើទិដ្ឋភាពសេដ្ឋកិច្ចនោះ ប៉ុន្តែ ប្រទេសនេះ នៅមានកិច្ចការជាច្រើនថែមទៀតដែលត្រូវកែលម្អរ និងបន្តធ្វើនាពេលអនាគត។ 
 
លោក គី សុខលីម៖ តើលោកអត្ថធិប្បាយយ៉ាងដូចម្តេចដែរជុំវិញសុខមាលភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា បើទោះបីជាមានកំណើនសេដ្ឋកិច្ចនោះ? 

លោក Jean Morel៖ បាទ! គុណភាពជីវិតរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងច្រើនដែរហើយ។ ហើយចំណាត់ថ្នាក់កម្ពុជាដែលធ្លាប់ស្ថិតនៅក្នុងចំណោមប្រទេសក្រីក្រ ក៏កាន់តែទទួលបានចំណាត់ថ្នាក់ប្រសើរឡើងដែរ។ សិទ្ធិការងារកាន់តែប្រសើរ និងទទួលបានការគោរព។ គោលនយោបាយធានារ៉ាប់រង និងសុខភាព បាន និងកំពុងដាក់ឲ្យដំណើរការ។ 
 
លោក គី សុខលីម៖ ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាផង និងទីប្រឹក្សាសម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងតាំងពី៣០ឆ្នាំមកហើយ តើលោកមានសារអ្វីបន្ថែមទៀតទៅកាន់រដ្ឋាភិបាលកម្ពុជា? 

លោក Jean Morel៖ អ្វីដែលខ្ញុំចង់ឃើញ និងជាគំនិតខ្ញុំ គឺថា គេគួរចែកឲ្យដាក់រវាងអំណាចនយោបាយ និងអំណាចសេដ្ឋកិច្ច។ ហើយរឿងនេះ គេត្រូវចាប់ផ្តើមធ្វើពីមន្រ្តីរាជការមុនគេបង្អស់។ គេត្រូវជ្រើសរើសរវាងថា តើត្រូវធ្វើជំនួញ ឬត្រូវធ្វើនយោបាយ។ ប្រសិនបើនរណាម្នាក់ ចង់មានចង់បានខ្លាំង អ្នកនោះ ត្រូវចាកចេញពីមុខងារសាធារណៈ។  ទាក់ទងនឹងវិស័យអប់រំ ខ្ញុំសំណូមពរឲ្យបង្កើតឲ្យមានសញ្ញាបត្របញ្ចប់ថ្នាក់បឋមសិក្សា។ សញ្ញាបត្រនេះមើលទៅតូចតាចទេ។ តែវាមានតម្លៃសម្រាប់បុគ្គលដែលសិក្សានៅក្នុងកម្រិតហ្នឹង ហើយពួកគេក៏មានតម្លៃក្នុងសង្គមដែរ។ ទាក់ទងទៅនឹងបញ្ហាបរិស្ថាន រដ្ឋាភិបាលត្រូវចាប់ផ្តើមគិតគូហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិក បង្រៀនពលរដ្ឋឲ្យចេះសម្អាតបរិស្ថាន កុំបោះសំរាមចោលគ្រប់ទីកន្លែង។ គួរហាមឃាត់ការប្រើប្រាស់ទីកន្លែងសាធារណៈក្នុងគោលដៅឯកជន ដូចជា ការធ្វើរោងការនៅតាមផ្លូវសាធារណៈជាដើម៕ 


Tag:
 សេដ្ឋកិច្ច
  សង្គម
  សេដ្ឋកិច្ចកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com