អន្តរជាតិ
អាស៊ាន
អាស៊ាន អាម៉េរិក និងសម្ព័ន្ធមិត្ត ថ្កោលទោសមីយ៉ាន់ម៉ា ដែលប្រហារជីវិតមនុស្ស៤នាក់
26, Jul 2022 , 10:15 am        
រូបភាព
អាស៊ាន នៅថ្ងៃទី២៥ ខែកក្កដា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញពីក្តីតក់ស្លុត និងសោកសៅយ៉ាងក្រៃលែង លើការប្រហារជីវិតមនុស្សចំនួន ៤រូប ដោយក្នុងនោះរួមមានសកម្មជនគាំទ្រប្រជាធិបតេយ្យផង។ បើតាមសេចក្តីថ្លែងការណ៍នេះ អាស៊ានបានហៅការអនុវត្តទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា ជាទង្វើមិនអាចអត់ឱនបាន។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក រួមទាំងសម្ព័ន្ធមិត្តបានចេញសេចក្តីប្រកាសរួមមួយ ដោយចាត់ទុកការប្រហារជីវិតនោះ មិនគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។



 
ការចុះផ្សាយរបស់កាសែតរដ្ឋ the Global New Light of Myanmar នៅថ្ងៃទី២៥ ខែកក្កដា អាជ្ញាធររបស់យោធាមីយ៉ាន់ម៉ា បានប្រហារជីវិតមនុស្សចំនួន៤រូប ក្នុងនោះរួមមានសកម្មជនប្រជាធិបតេយ្យចំនួន ២រូប នៅចុងសប្តាហ៍មុន ដោយផ្អែកលើច្បាប់ប្រឆាំងភេរវកម្ម និងច្បាប់ព្រហ្មទណ្ឌ។ ការប្រហារជីវិតលើកដំបូងនៅមីយ៉ាន់ម៉ា ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ បានធ្វើឱ្យអាស៊ាន មានភាពសោកសៅ និងតក់ស្លុតយ៉ាងខ្លាំង ខណៈរដ្ឋមន្រ្តីការបរទេសអាម៉េរិក និងសម្ព័ន្ធមិត្ត បានថ្កោលទោសយោធាមីយ៉ាន់ម៉ាយ៉ាងខ្លាំង។ 
 
«ការអនុវត្តទោសប្រហារជីវិត តែមួយសប្តាហ៍មុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ជាទង្វើមិនអាចអត់ឱនបានធ្ងន់ធ្ងរណាស់ ព្រោះវាបានទាញថយក្រោយនូវវឌ្ឍនភាព»។ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍បែបនេះ នៅថ្ងៃទី២៥ ខែកក្កដា ដោយបន្ថែមថា ទង្វើបែបនោះ បានបញ្ជាក់ពីកង្វះឆន្ទៈគាំទ្រ កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជាពិសេសប្រធានអាស៊ាន ក្នុងការកសាងភាពជឿជាក់ និងទំនុកចិត្តនៅក្នុងប្រទេស។ 
 
បន្ថែមពីនេះ អាស៊ានបានអំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានការអត់ធ្មត់ និងចៀសវាង ដើម្បីបង្ការជម្លោះកុំឱ្យរីកកាន់តែធំ។ មិនតែប៉ុណ្ណោះ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានជំរុញឱ្យអាជ្ញាធរក្រុងណៃពិដោ ចាត់វិធានការជាក់ស្តែង ដើម្បីអនុវត្តការឯកភាព ៥ចំណុច ដែលបានដាក់ចេញកាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ។ 
 
ក្នុងថ្ងៃដដែលនោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អូស្រ្តាលី កាណាដា ជប៉ុន នូវែលសេឡង់ ន័រវែស កូរ៉េខាងត្បូង អង់គ្លេស និងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោសទោសការប្រហារជីវិតនៅមីយ៉ាន់ម៉ា និងចាត់ទុកជាការបំពានសិទ្ធិមនុស្ស រួមទាំងនីតិរដ្ឋ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ប្រទេសខាងលើ ក៏បានជំរុញឱ្យរបបសឹកដោះលែងអ្នកជាប់ឃុំ ដោយមិនសមហេតុផលទាំងអស់ រួមទាំងអនុវត្តការឯកភាព ៥ចំណុចរបស់អាស៊ានផង ដើម្បីឈានទៅដល់ការចរចាប្រកបដោយសន្តិភាព និងបង្ការហិង្សាក្នុងប្រទេស។ 
 
មកទល់ពេលនេះ ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា មានភាពស្មុគស្មាញខ្លាំង ដោយសារកម្លាំងយោធា តែងប៉ះទង្គិចជាមួយកម្លាំងការពារប្រជាជន (PDF) របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬរដ្ឋាភិបាលស្រមោល៕ 
 

Tag:
 អាម៉េរិក
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com