ជាតិ
គ្រឿងញៀនជិត ៦០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នៅខេត្តព្រះសីហនុ
26, Jul 2022 , 12:19 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឡើងអានលិខិតសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា។ រូបភាព៖ NACD
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ឡើងអានលិខិតសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា។ រូបភាព៖ NACD
ដោយ៖ ញឹក សំអូន

ព្រះសីហនុ៖ គ្រឿងញៀនជិត ៦០គីឡូក្រាម ដែលរឹបអូសបានពីជនសង្ស័យកន្លងមក ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ដុតបំផ្លាញចោល ​នាព្រឹក​ថ្ងៃទី២៦​ ខែកក្កដា​ ស្ថិតនៅភូមិ១​ សង្កាត់​១​ ក្រុងព្រះសីហនុ​ ។

 
អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ​ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ក្រោមប្រធានបទ​« ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌​» និងដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជិត ៦០គីឡូក្រាម​។
 
វត្ថុតាងជាគ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោលជិត ៦០គីឡូក្រាម ក្នុងនោះប្រមូលបាននៅក្នុងខេត្តព្រះសីហនុ មានជាង ២០គីឡូក្រាម, ខេត្តកំពង់ស្ពឺជាង ៣១ គីឡូក្រាម និងខេត្តកំពតជាង ០៥គីឡូក្រាម។ នេះបើតាមលោក​ សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ។
 


ក្នុងអង្គពិធីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា៖«រាជរដ្ឋាភិបាលកម្ពុជា មានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀន ដោយប្រកាន់​យក​​នូវតុល្យភាពរវាងបញ្ហាសុខភាព មនុស្សធម៌ និងវិធានការច្បាប់ព្រមទាំងចាត់ទុកអ្នកប្រើ​គ្រឿងញៀន ​គឺជាជនរងគ្រោះដែលត្រូវ​ទទួលបានការយកចិត្តទុកដាក់​ព្យាបាល ស្តារនីតិសម្បទា ជាជាងទទួល​នូវការចោទប្រកាន់តាមផ្លូវច្បាប់ ស្របតាមប្រធានបទប្រចាំឆ្នាំ​របស់​អង្គការយូ អ៊ិន អូ ឌី ស៊ី (UNODC) ដោយឈរលើគោលការណ៍ សុខភាព និង មនុស្សធម៌​ ជា​មូលដ្ឋាន បើទោះបី​ស្ថិត​ក្នុង​កាលៈ​ទេសៈ​លំបាក និងប្រឈមយ៉ាងណាក្តី»។
 
ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ ក៏បានថ្លែងថា​ គ្រឿងញៀន​នៅតែជាបញ្ហា ដែលតម្រូវឱ្យអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអ្នកពាក់ព័ន្ធគ្រប់មន្ទីរ​ អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ និងបង្កើននូវទំនួលខុសត្រូវ ទប់ស្កាត់​​រាល់​ការ​​លួច​បង្វែរពី​ជំនួញស្របច្បាប់ យកទៅ​កែច្នៃ​ផលិត​គ្រឿង​ញៀន​​ខុសច្បាប់នៅ​ក្នុង​ប្រទេស​កម្ពុជា៕
 

Tag:
 គ្រឿងញៀន
  ដុតបំផ្លាញ
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com