ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
កម្ពុជា ចាប់ផ្តើមអនុវត្តលើកដំបូង ក្នុងការអនុញ្ញាតឲ្យអ្នកទោសរស់នៅក្រៅពន្ធនាគារ ដោយភ្ជាប់លក្ខខណ្ឌ
26, Jul 2022 , 2:45 pm        
រូបភាព
មន្រ្តីពន្ធាគារ ចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩និងជំងឺផ្សេងទៀត នៅពន្ធនាគារខេត្តកោះកុង កាលពីខែមករា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ
មន្រ្តីពន្ធាគារ ចុះផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩និងជំងឺផ្សេងទៀត នៅពន្ធនាគារខេត្តកោះកុង កាលពីខែមករា ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធនាគារ
ដោយ៖ ទេពញាណ 
 
ជាជំហានដំបូង អ្នកទោសត្រឹម១៧នាក់ប៉ុណ្ណោះ ដែលត្រូវដោះលែង ដោយមានភ្ជាប់លក្ខខណ្ឌតាមខ្លួនពួកគេ ហើយពួកគេ ត្រូវស្ថិតក្រោមក្រសែភ្នែករបស់សមត្ថកិច្ចតាមមូលដ្ឋាន។ មន្រ្តីសង្គមស៊ីវិល រំពឹងថា ការដោះលែងនេះ នឹងអនុវត្តដោយមានតម្លាភាព។



បន្ទាប់ពីសិក្សានិងស្រង់ពិសោធន៍តាមបណ្តាប្រទេសមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំរួចមក កម្ពុជា អាចឈានដល់ការសាកល្បងជាលើកដំបូង ក្នុងការដោះលែងអ្នកទោស (ទណ្ឌិត) ឲ្យរស់នៅក្រៅពន្ធនាគារ ដោយភ្ជាប់ជាមួយលក្ខខណ្ឌចាំបាច់មួយចំនួន ដែលពួកគេត្រូវប្រកាន់ភ្ជាប់។ គេ បានដឹងព័ត៌មានអំពីការចាប់ផ្តើមអនុវត្តគោលការណ៍ដោះលែងអ្នកទោសដោយមានលក្ខខណ្ឌនេះ តាមរយៈការប្រកាសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយចំនួន រួមទាំងសមិទ្ធផលនានា នៅស្រុកអង្គស្នូល ខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ 
 
សម្តេចរដ្ឋមន្រ្តី លើកឡើងថា សម្រាប់លើកដំបូងនេះ អ្នកទោស១៧នាក់ ត្រូវបានជ្រើសរើសឲ្យរស់នៅក្រៅពន្ធនាគារដោយមានលក្ខខណ្ឌ។ សម្តេច បន្តថា មានលក្ខខណ្ឌចម្បង២ ដែលអ្នកទោស អាចមានឱកាសទទួលបានការដោះលែងដោយមានលក្ខខណ្ឌ គឺទី១ បានកែខ្លួនក្នុងអំឡុងពេលឃុំ និងទី២ ទោសដែលនៅសល់ មិនលើសពី៦ខែ។ សម្តេច បន្ថែមថា ចំណែកលក្ខខណ្ឌ ដែលភ្ជាប់នឹងខ្លួនពួកគេ ដើម្បីឲ្យពួកគេប្រកាន់ខ្ជាប់ពេលត្រូវបានដោះលែង មានតែ១ប៉ុណ្ណោះ គឺប្រព្រឹត្តអំពើល្អ ហើយពួកគេ នឹងត្រូវចាប់បញ្ជូនទៅពន្ធនាគារវិញ បើប្រព្រឹត្តបទល្មើស។ 
 
បើតាមប្រសាសន៍របស់រដ្ឋមន្រ្តីមហាផ្ទៃ គោលបំណងនៃអនុវត្តគោលការណ៍ដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌនេះ គឺដើម្បីកាត់បន្ថយភាពណែនតាន់តាប់ក្នុងពន្ធនាគារ។ សម្តេច បញ្ជាក់ថា៖«អគ្គនាយកដ្ឋានពន្ធនាគារ តាមដានរឿងនេះ បើល្អ យើងបន្តធ្វើតទៅទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងពន្ធនាគារ»។ 
 
លោក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់ថា អ្នកទោសទាំង១៧នាក់នោះ ត្រូវបានដោះលែងឲ្យទៅរស់នៅតាមផ្ទះរបស់ពួកគេរៀងៗខ្លួន មិនមែនអនុញ្ញាតឲ្យពួកគេរស់នៅជុំគ្នាឡើយ។ លោក បន្តថា ពួកគេ នឹងស្ថិតក្នុងការឃ្លាំមើលរបស់សមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគាររូបនេះ សង្កត់ធ្ងន់ថា៖«បើ [ពួកគាត់] ធ្វើខុសលក្ខខណ្ឌ សមត្ថកិច្ច នឹងចាប់វាយខ្នោះយកមកវិញ»។ 
 
លោក អំ សំអាត មន្រ្តីនៃអង្គការលីកាដូ ថ្លែងថា ការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ និងការអនុវត្តទោសសហគមន៍ ជាដើម គឺជាការចង់បានរបស់អង្គការសង្គមស៊ីវិលកន្លងមក ព្រោះអង្គការសង្គមស៊ីវិល យល់ថា អាចជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។ លោក មានមតិថា តាមពិត ចំពោះការដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ មានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជារួចមកហើយ ប៉ុន្តែអ្វីដែលសំខាន់ គឺសមត្ថកិច្ច ត្រូវអនុវត្តនីតិវិធីឲ្យបានល្អ ពេលអ្នកទោស ត្រូវបានដោះលែងដោយមានលក្ខខណ្ឌនេះ។
  
តាមរយៈសារព័ត៌ព័ត៌មានថ្មីៗ មន្រ្តីធ្វើការផ្នែកសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលរូបនេះ ជំរុញថា៖«មិនថាជាអ្នកណា មិនថាជាអ្នកមាននិន្នាការនយោបាយខាងណាទេ ត្រូវអនុវត្ត [ការដោះលែងនេះ] ដោយតម្លាភាព»។
 
ថ្វីបើមានចែងក្នុងក្រមព្រហ្មទណ្ឌ តែការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌនេះ ពុំត្រូវបានយកមកអនុវត្តនៅកម្ពុជានោះទេ​ នាពេលកន្លងមក។ លោក នុត សវនា រម្លឹកថា កម្ពុជា ចាប់ផ្តើមសិក្សាពីការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនេះ តាំងឆ្នាំ២០១៥មក ហើយប្រទេសដែល កម្ពុជា បានបញ្ជូនមន្រ្តីទៅសិក្សា និងដកស្រង់បទពិសោធ មានជប៉ុន និងថៃ ជាដើម។ 
 
លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ ពន្យល់ពីនីតិវិធីថា មុនដំបូង ខាងពន្ធនាគារ ជ្រើសរើសឈ្មោះអ្នកទោស រៀបចំបញ្ជូនទៅក្រសួងយុត្តិធម៌ ដើម្បីពិចារណា ហើយក្រោយពិចារណារួច ក្រសួងយុត្តិធម៌ នឹងបញ្ជូនបន្តទៅតុលាការ ដើម្បីពិចារណា ក្នុងការដោះលែងអ្នកទោសទាំងនោះ ដោយភ្ជាប់លក្ខខណ្ឌ។ លោក ពន្យល់ទៀតថា ពេលពួកគេ ត្រូវបានចៅក្រម សម្រេចដោះលែងដោយភ្ជាប់លក្ខខណ្ឌហើយ ដែនសមត្ថកិច្ចក្នុងការគ្រប់គ្រងពួកគេ គឺស្ថិតលើព្រះរាជអាជ្ញា។ 
 
បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ ដោយពាក់កណ្តាល ជាអ្នកជាប់ឃុំ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នេះបើតាមលោកអគ្គនាយករងដដែល។ 
 
ភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកង្វល់ធំ១របស់រដ្ឋាភិបាលកម្ពុជា។ រដ្ឋាភិបាល ហាក់បង្ហាញពីការប្រឹងប្រែងរបស់ខ្លួនដែរ ក្នុងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដូចជា ការសាងសង់អគារពន្ធនាគារបន្ថែម និងការលើកលែងទោស ជាដើម តែបញ្ហានេះ នៅតែមិនទាន់អាចដោះស្រាយបាន។  
 
នៅកម្ពុជា អ្នកទោស មានឱកាស៥ដងក្នុង១ឆ្នាំ ដែលទទួលបានការដោះលែង តាមរយៈការលើកលែងទោសពីព្រះមហាក្សត្រ គឺ ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ ពិធីបុណ្យអុំទូក និងពិធីបុណ្យ៧មករា។ ទោះកម្ពុជា មានការលើកលែងទោសដល់អ្នកទោសដល់ទៅ៥ដងក្នុង១ឆ្នាំក្តី តែភាពចង្អៀតណែតក្នុងពន្ធនាគារ នៅតែជាបញ្ហាចោទដដែល ដូច្នេះហើយ ទើបរដ្ឋាភិបាល រិះរកមធ្យោបាយផ្សេងទៀត ដូចជា ការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌនាពេលនេះ ជាអាទិ៍។  
 
ក្រមព្រហ្មទណ្ឌកម្ពុជា មិនត្រឹមមានចែងពីការដោះលែងអ្នកទោសដោយភ្ជាប់លក្ខខណ្ឌនោះទេ តែក៏មានចែងពីទោសសហគមន៍ដែរ។ ចំពោះទោសហគមន៍ កម្ពុជា មិនទាន់អាចយកមកអនុវត្តបាននៅឡើយទេ។ ទោសសហគមន៍នេះ គឺជាគោលការណ៍១ ដែលតុលាការ អនុញ្ញាតឲ្យអ្នកទោស អាចរស់នៅជុំគ្នាក្នុងសហគមន៍ណាមួយ ហើយស្ថិតក្រោមតាមដានរបស់សមត្ថកិច្ច៕ 
 

Tag:
 ដោះលែងដោយភ្ជាប់លក្ខខណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com