កីឡាជាតិ
ជាតិ
ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូណេស៊ី តាមជើងយន្តហោះពិសេស
26, Jul 2022 , 5:39 pm        
រូបភាព
លោក ហ៊ុន ម៉ានី សំណេះសំណាលជាមួយអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា និងប្រតិភូកីឡា មុនចេញដំណើរ ទៅទីក្រុងសូឡូ
លោក ហ៊ុន ម៉ានី សំណេះសំណាលជាមួយអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា និងប្រតិភូកីឡា មុនចេញដំណើរ ទៅទីក្រុងសូឡូ
ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ១៦៥នាក់ និង១៤នាក់ជាមន្ដ្រីគណៈកម្មាធិការរៀបចំការព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ បានចេញដំណើរទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២៦ កក្កដានេះ។ លោក ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជូនដំណើរប្រតិភូ និងអត្តពលិក។



ប្រតិភូ ទាំងអស់ ធ្វើដំណើរតាមជើងយន្តហោះពិសេស តាមរយៈការរៀបចំឱ្យពីសំណាក់រដ្ឋាភិបាលកម្ពុជា។ សម្ដច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានផ្ដល់ជើងហោះហើរពិសេស ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា។ ការធ្វើដំណើរនោះ មិនមានការផ្ទេរ ប្ដូរជើងហោះហើរទេ ដោយហោះត្រូវហោះពី អាកាសយានដ្ឋានភ្នំពេញអន្ដរជាតិ ទៅទីក្រុងសូឡូ ដោយផ្ទាល់តែម្ដង។ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines នឹងសម្រួលដល់ការធ្វើដំណើរទៅមក ដោយឥតគិតថ្លៃ ដែលត្រូវចេញដំណើរនៅថ្ងៃទី២៦ ខែកក្កដា និងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី០៧ ខែសីហា។
 
ការប្រកួតនៅប្រទេសឥណ្ឌូណេស៊ីនេះ មានសារសំខាន់ណាស់សម្រាប់កម្ពុជា ទាំងអត្ដពលិក មន្ដ្រីរៀបចំការប្រកួត និងអ្នកបច្ចេកទេស ដើម្បីទទួលបានបទពិសោធន៍ សម្រាប់ត្រៀមរៀបចំការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា នាអំឡុងខែមិថុនា ឆ្នាំ២០២៣។ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចែកចេញជា៣ប្រភេទ ក្នុងនោះប្រតិភូកីឡាទី១ ជាក្រុមអត្ដពលិក និងគ្រូបង្វឹក សម្រាប់ទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍នេះ។ 
  

លោក ហ៊ុន ម៉ានី សំណេះសំណាលជាមួយអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា និងប្រតិភូកីឡា មុនចេញដំណើរ ទៅទីក្រុងសូឡូ

ក្រុមប្រតិភូទី២ គឺជាក្រុមការងារ និងមន្ត្រីបច្ចេកទេស ទៅរៀន និងដកស្រង់បទពិសោធន៍ ដើម្បីរៀបចំការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា។
ក្រុមប្រតិភូទី៣ គឺជាក្រុមសម្តែង ដើម្បីទទួលទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ា ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះបន្ទាប់។
 
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះ ចាប់ធ្វើនៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ដោយម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ដាក់១៤ប្រភេទកីឡដើម្បីប្រកួត។ ក្នុងចំណោម១៤ប្រភេទកីឡានោះ កម្ពុជា បញ្ជូនអត្ដពលិកប្រកួតលើ ១១ប្រភេទកីឡា រួមមាន កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, អ៊ុក, Boccia, វាយសី, លើកទម្ងន់, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) និង វាយកូនឃ្លីលើតុ៕
 

Tag:
 អាស៊ានប៉ារ៉ាហ្គេម
  Asean Para Games
© រក្សាសិទ្ធិដោយ thmeythmey.com