ជាតិ
ពីនេះ ពីនោះ
ភូមិវាល ជាភូមិអស់មីនដំបូងគេ ក្នុងខេត្តកំពង់ស្ពឺ
26, Jul 2022 , 6:59 pm        
រូបភាព
ពិធីប្រកាសភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាភូមិអស់មីន។ រូបភាពពីគេហទំព័រអាជ្ញាធរមីន។_
ពិធីប្រកាសភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាភូមិអស់មីន។ រូបភាពពីគេហទំព័រអាជ្ញាធរមីន។_
អាជ្ញាធរមីន បានប្រកាសភូមិវាល ស្រុកគងពិសី ជាភូមិអស់មីនដំបូងគេក្នុងខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ មើលឃើញថាការបោះសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងមូលដ្ឋានខ្លួន បានការពារជីវិតពលរដ្ឋអាចយកដីបម្រើផ្នែកកសិកម្ម និងទេសចរណ៍។

 អាជ្ញាធរមីន បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការបោសសម្អាតមីន ក្នុងភូមិវាល ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺនៅថ្ងៃទី២៣ ខែកក្កដា។តាមរយៈសកម្មភាពខាងលើនេះ បានប្រែក្លាយភូមិវាល​​ជាភូមិអស់មីនដំបូងគេក្នុងខេត្តកំពង់ស្ពឺ។ ការបោសសម្អាតមីនក្នុងភូមិវាល ក្រោមជំនួយពីអង្គការខ្មែរថែមអន្តរជាតិ។

ចំណែកអាជ្ញាធរមីនកម្ពុជា បានប្រគល់ភារកិច្ច ទៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម។ សកម្មភាពខាងលើនេះ អនុវត្តចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ លើចម្ការមីន២ទីតាំង ទំហំ ៤៩,៨៥ម៉ែត្រការ៉េ។ 
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សកម្មភាពបោសសម្អាតមីនក្នុងភូមិវាលនេះ កម្លាំងជំនាញបានរកឃើញមីនប្រឆាំងមនុស្សចំនួន ៧គ្រាប់, សំណល់ជាតិផ្ទុះពីសង្គ្រាម៤គ្រាប់ និង អំបែង ចំនួន ២២០បំណែក។
 
ជុំវិញការបោសសម្អាតមីនក្នុងភូមិវាល ខេត្តកំពង់ស្ពឺ​នេះ លោក វ៉ី សំណាងប្រាប់ ThmeyThmey25 តាមទូរស័ព្ទថាដូច្នេះ៖ «នៅពេលដែលគេប្រកាសថា(ភូមិវាល)ជាភូមិអស់មីនអាជ្ញាធរសប្បាយចិត្តណាស់ ព្រោះយើងនឹងមានផ្ទៃដីបង្កបង្កើនផលនិងផ្ទៃដីសម្រាប់បងប្អូនយើងគាត់អាចយកធ្វើអ្វីក៏បានដែរ»។
 
លោកបន្ថែមទៀត លើសពីវិស័យទេសចរណ៍ និងការពារជីវិតមនុស្ស សម្រាប់ខេត្តកំពង់ស្ពឺការសម្អាតមីននេះ នឹងធ្វើឱ្យដីទាំងនោះអាចផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋ ក្នុងការប្រើប្រាស់ជាដីកសិកម្មកសិឧស្សាហកម្ម ជាដើម។
 
យោងតាមរបាយការណ៍ ពីអភិបាលខេត្តកំពង់ស្ពឺ នៅខេត្តកំពង់ស្ពឺ
មានចម្ការមីន ៤០៦ចម្ការ,ចម្ការគ្រាប់បែក គ្រាប់បែកចង្កោម ៨៥ចម្ការនិងចម្ការសំណល់ជាតិផ្ទុះសង្គ្រាម ៦៥ចម្ការ សរុបផ្ទៃដីជាង ៦៦លាន ម៉ែត្រការ៉េនៅតាមក្រុង-ស្រុក ចំនួន៨។ 
 
ចាប់ពីឆ្នាំ១៩​៧៩ ដល់ខែកក្កដា ឆ្នាំ២០២២ នៅទូទាំងខេត្តកំពង់ស្ពឺ ចម្ការមីនចម្ការគ្រាប់បែក គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន ១៦៨ចម្ការត្រូវបានបោសសម្អាតរួចរាល់ លើផ្ទៃដីសរុបជាង១៣លានម៉ែត្រការ៉េ ឬស្មើនឹង ២០,៤១ភាគរយ។ក្នុងសកម្មភាពបោសសម្អាតនេះ មន្ត្រីជំនាញរកឃើញមីនប្រឆាំងមនុស្សចំនួន ២ ២២៧គ្រាប់មីនតោនចំនួន ១១គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៣ ២៤៧គ្រាប់។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បានអំពាវនាវដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៨០ភាគរយផ្សេងទៀត ដែលមិនទាន់បោសសម្អាត ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ​នេះ៕
 
 

Tag:
 ThmeyThmey25
  យុទ្ធភណ្ឌមិនទាន់ផ្ទុះ
  អាជ្ញាធរមីន
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com