ជាតិ
សេដ្ឋកិច្ច
កម្ពុជាដាក់គោលដៅសម្រេចអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច ៥,៥ភាគរយ នៅឆ្នាំ២០៣០
26, Jul 2022 , 8:59 pm        
រូបភាព
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ។ រូបពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ។ រូបពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយ ៖ ធន់ សេងហុង 
 
 
កម្ពុជាដាក់គោលដៅសម្រេចអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច ៥,៥ភាគរយ នៅឆ្នាំ២០៣០ ។ សមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីសម្រេចបានគោលដៅទាំងនេះ។

 
លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី២៦កក្កដា ថា ដើម្បីសម្រេចគោលដៅនេះ ត្រូវបង្កើនសមត្ថភាពធនធានមនុស្ស ជាមួយនិងយុទ្ធនាការលើកកម្ពស់ចំណេះដឹងសាធារណៈ ,បន្តលើកទឹកចិត្តក្រុមហ៊ុនធានារ៉ាប់រង អភិវឌ្ឍផលិតឱ្យសាមញ្ញ និងងាយយល់ ។ ជាពិសេសពង្រីកសេវាកម្មចែកចាយផលិតផលធានារ៉ាប់រងផងដែរ។
 
ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានសង្កត់ធ្ងន់ថា ៖« ជាពិសេសការរួមចំណែករបស់ Insur Tech (បច្ចេកវិទ្យាឌីជីថលធានារ៉ាប់រង)ដែលអនុញ្ញាតឱ្យធានារ៉ាប់រងលក់តាមប្រព័ន្ធអនឡាញ នាំឱ្យមានភាពងាយស្រួលដល់ពលរដ្ឋ ក្នុងការស្វែងរកទិញផលិតផលធានារ៉ាប់រង និងស្វែងយល់ពីវាបានច្រើន ហើយក៏មានជម្រើសច្រើនក្នុងការសម្រេចចិត្ត»។ 
 
ជុំវិញបញ្ហាវិស័យធានារ៉ាប់រងកំពុងជួបប្រទះ នោះគឺទីផ្សារធានារ៉ាប់រងនៅកម្ពុជាក្មេងខ្ចី ខណៈធនធានមនុស្សនៅក្នុងវិស័យនេះ មានចំនួនតិចនៅឡើយ។ លោក ហ៊ុយ វ៉ាថារ៉ូ បន្ថែមថា៖« បើយើងមើលលើធនារ៉ាប់រងទូទៅមានអាយុប្រហែល ២០ឆ្នាំ ចំណែកធានារ៉ាប់រងអាយុជីវិតវិញមានអាយុខ្ទង់ ១០ឆ្នាំ ប្រៀបធៀបទីផ្សារធានារ៉ាប់រងនៅប្រទេសជិតខាងមិនក្រោមពី៥០ឆ្នាំទេ។ ទន្ទឹមនេះ ដោយសារការរីកចម្រើនក្នុងវិស័យនេះលឿន ចឹងការអប់រំ បណ្តុះបណ្តាលធនធានមនុស្សទៅលើមុខវិជ្ជាធានារ៉ាប់រងមិនទាន់តម្រូវការ»។ 
 
សន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា ស្របពេលទីផ្សារធានារ៉ាប់រ៉ងនៅមានទំហំតូច ហើយច្បាប់វិនិយោគក៏មានភាពអំណោយផល ដែលវិនិយោគិនបរទេសអាចកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយពុំចាំបាច់ចងភាគហ៊ុនជាមួយវិនិយោគិនក្នុងស្រុក។ ទាំងនេះគឺជាសក្តានុពលក្នុងវិស័យធានារ៉ាប់រង សម្រាប់វិនិយោគិនដែលចង់ធ្វើអាជីវកម្មលើវិស័យនេះ។ នេះបើតាម លោក វ៉ាថារ៉ូ ។ 
 
ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងប្រមាណ ៣០០លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា អត្រា ១,១ ភាគរយ និងដង់ស៊ីតេធានារ៉ាប់រង ចំនួន ១៨,៧៥ដុល្លារ ក្នុងមនុស្សម្នាក់ ។ សូចនាករនេះ​ បានបង្ហាញថា ទីផ្សារធានារ៉ាប់រងនៅម្ពុជា មានទំហំតូចនៅឡើយ។ ដោយមើលឃើញពីសក្តានុពលនៃការអភិវឌ្ឍក្នុងវិស័យនេះ និយ័តករធានារ៉ាប់រងកម្ពុជានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានកំណត់គោលដៅ សម្រេចឱ្យបានអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច ៥,៥ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៣៥ដុល្លារ ក្នុងមនុស្សម្នាក់ នៅឆ្នាំ២០៣០។ 
 
គួរបញ្ជាក់ថា បច្ចុប្បន្នមានគ្រឹះស្ថានធនារ៉ាប់រង សរុប ៩៤ ។ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៤, ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១៨ ,ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ ,ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន​ ១ ក្រុមហ៊ុនជើងសាធានារ៉ាប់រងចំនួន ១៨ ,ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងចំនួន ៣៤ និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រងចំនួន ២។
ហើយក្នុងឆ្នាំ ២០២១ ទីផ្សារធានារ៉ាប់រង បានបង្កើតការងារដល់ពលរដ្ឋធ្វើការពេញម៉ោងចំនួន ៣ ៥០០នាក់ និងអ្នកធ្វើការក្រៅម៉ោងប្រមាណ ១ម៉ឺននាក់។ នេះបើយោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា៕
 

Tag:
 ធានារ៉ាប់រង ហ៊ុយ វ៉ាថារ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com