ជាតិ
សង្គមជាតិ
រដ្ឋ ចំណាយអស់៧៤៤លានដុល្លារហើយ ផ្តល់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងកូវីដ-១៩
26, Jul 2022 , 9:59 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ រដ្ឋ បានចំណាយថវិកាអស់៧៤៤,៦០លានដុល្លារហើយ ផ្តល់ឲ្យពលរដ្ឋក្រីក្រ និងពលរដ្ឋងាយរងគ្រោះដោយសារកូវីដ-១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញថ្ងៃទី២៦ កក្កដា ឆ្នាំ២០២២។

 
យោងតាម​លទ្ធផល​នៃ​ការ​អនុវត្ត​កម្ម​វិធីឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និងងាយរងគ្រោះក្នុង​អំឡុង​ពេលកូវីដ​១៩​ដោយគិតចាប់ពី​ថ្ងៃទី២៥ ​មិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៤ កក្កដា ឆ្នាំ២០២២ រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយថវិការសរុប៧៤៤,៦០​លានដុល្លារ ទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជិត៧សែននាក់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋទៅបើកប្រាក់ឧបត្ថម្ភរបស់​ខ្លួន​នៅ​ក្នុង​ខែ​កក្កដា​នេះ នៅ​តាម​បញ្ជរ​​វីង ដោយ​មិនចាំបាច់ទៅសាលាឃុំ-សង្កាត់ជាថ្មីឡើយ ចំពោះ​គ្រួសារ​ក្រីក្រ​ដែល​បាន​ផ្ទៀងផ្ទាត់​រួច​ហើយកាលពីខែមិថុនា។
 
ចំណែកឯគ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ដែល​មាន​ប័ណ្ណ​សម​ធម៌​មាន​សុពល​ភាព ហើយមិនទាន់បានទៅផ្ទៀងផ្ទាត់កាលពីខែមិថុនា និង​គ្រួសារ​ក្រីក្រ​ដែល​ទើប​ទទួល​បាន​ប័ណ្ណ​សមធម៌​ថ្មី ចាំបាច់ត្រូវទៅផ្ទៀងផ្ទាត់នៅសាលាឃុំសង្កាត់ មុន​នឹង​ទទួល​បាន​ការ​បើក​ប្រាក់​ឧបត្ថម្ភ​ពីរដ្ឋាភិបាល​សម្រាប់ខែកក្កដានេះ។ នេះបើតាមក្រសួងសង្គមកិច្ចដដែល។ 
 
សូមរម្លឹក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់ឲ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះក្នុង​អំឡុង​ពេលនៃជំងឺកូវីដ១៩នេះ កាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២០។ នៅក្នុង​ដំណាក់​កាលទី១​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥៣​ម៉ឺនគ្រួសារ ស្មើ​នឹង​ប្រជាពល​រដ្ឋ​ជាង​២​លាន​នាក់ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពលរដ្ឋ​ក្រីក្រ​និងងាយរងគ្រោះ។ 
 
ដោយឡែក នៅ​ក្នុង​ដំណាក់​កាល​ទី២​នេះ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈក្រសួង​ផែនការ​បាន​ចាត់​ទុក​គ្រួសារក្រីក្រនិងងាយរងគ្រោះប្រមាណ​ជាង​១៩​ម៉ឺន​នាក់ ស្មើ​នឹង​ជាង​៥ម៉ឺន​គ្រួសារ​បន្ថែម​ទៀត ដែលនឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ​ពីរដ្ឋា​ភិបាល​កម្ពុជា​។ ប៉ុន្តែ​ក្នុង​នោះ ក្រសួង​ផែន​ការ​ក៏​បាន​រក​ឃើញ​ពលរដ្ឋ​ជាង​៤ពាន់គ្រួសារ បានបន្លំខ្លួនធ្វើជាក្រីក្រ ដើម្បី​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពីរដ្ឋាភិបាល​នេះ​ផង​ដែរ​៕
 
 
 
 
 

Tag:
 កូវីដ-១៩
  ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com