អន្តរជាតិ
លោក ហោ ណាំហុង៖ ភាគីខាងក្រៅ មិនគួរធ្វើអន្តរាគមន៍ក្នុងសមុទ្រចិនខាងត្បូងឡើយ
27, Jul 2022 , 9:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅថ្ងៃទី២៥ ខែកក្កដា បានថ្លែងថា ភាគីខាងក្រៅមិនគួរធ្វើអន្តរាគន៍ក្នុងសមុទ្រចិនខាងត្បូង ឬញុះញង់ឱ្យមានជម្លោះ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ។ ទន្ទឹមនេះ លោក ហោ ណាំហុង បានសង្ឃឹមថា អាស៊ាន និងចិន នឹងអាចសម្រេចបានការចរចា ដើម្បីឈានទៅរកក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC)។



 
ក្រសួងការបរទេសចិន នៅថ្ងៃទី២៥ ខែកក្កដា បានរៀបចំសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ ដើម្បីរំឮកខួបលើកទី២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC)។ តាមរយៈវេទិកាមួយនេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា  បានជំរុញឱ្យប្រទេសនៅក្រៅតំបន់ កុំចូលមកពាក់ព័ន្ធ ឬញុះញង់បង្កឱ្យមានជម្លោះក្នុងតំបន់។ 
 
«ខ្ញុំយល់ថា ភាគីខាងក្រៅមិនគួរធ្វើអន្តរាគន៍ក្នុងសមុទ្រចិនខាងត្បូង ឬញុះញង់ឱ្យមានជម្លោះគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ»។ លោក ហោ ណាំហុង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ដោយសារការអនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូងមកដល់ពេលនេះ ភាគីពាក់ព័ន្ធមានភាពរីករាយ និងពុំមានជម្លោះធ្ងន់ធ្ងរនៅក្នុងដែនទឹកមួយនោះឡើយ។ 
 
យ៉ាងណាមិញ អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះ មិនបានសំដៅដល់ប្រទេសណាមួយទេ។ កន្លងមក អាម៉េរិក បានបង្ហាញជំហរនៅខាងបណ្តារដ្ឋអាស៊ីអាគ្នេយ៍ប្រឆាំងចិន ដែលបានទាមទារសមុទ្រចិនខាងត្បូងស្ទើរតែ ៩០ភាគរយ ដោយផ្អែកហេតុផលច្បាប់ និងប្រវត្តិសាស្រ្ត។ 
 
ដោយក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងកំពុងស្ថិតក្នុងការចរចា​ អ្នកការទូតជើងចាស់រូបនេះ បានបង្ហាញក្តីសង្ឃឹមថា​ អាស៊ាន និងចិន អាចសម្រេចបានកិច្ចចរចា ដើម្បីឈានទៅរក COC សម្រាប់ដំណោះស្រាយប្រកបដោយសន្តិវិធី និងបញ្ឈប់ការអន្តរាគមន៍ពីសំណាក់បរទេស ក្នុងសមុទ្រចិនខាងត្បូងទៀត។ 
 
គួររំឭកថា DOC ត្រូវបានដាក់ចេញនៅក្នុងកិច្ចប្រជុំអាស៊ាននាក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០២ ដោយកាលនោះកម្ពុជាទើបតែចូលជាសមាជិកអាស៊ាន បានរយៈពេលទើបតែ ៣ឆ្នាំប៉ុណ្ណោះ។ រដ្ឋជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង មានដូចជា ចិន ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងព្រុយណេ៕ 
 

Tag:
 សមុទ្រចិនខាងត្បូង
  អាស៊ាន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com