ជាតិ
កម្ពុជា-សិង្ហបុរី​ សិក្សាពីការជំរុញជើងហោះហើរ ដើម្បីទាក់ទាញទេសចរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
28, Jul 2022 , 7:59 am        
រូបភាព
លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ និងលោក ថុង អ៊ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី
លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ និងលោក ថុង អ៊ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី
ដោយ:
ភ្នំពេញ៖ រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋមន្ត្រីទេសចរណ៍សិង្ហបុរី ជួបពិភាក្សាគ្នាដើម្បីជំរុញទេសចររវាងប្រទេសទាំងពីរ។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានលើកឡើងពីការជំរុញជើងហោះហើររវាងកម្ពុជានិងសិង្ហបុរី ដើម្បីទាក់ទាញទេសចរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។


រយៈពេល ៦ខែឆ្នាំ២០២២នេះ ​ទេសចរអន្តរជាតិមួយចំនួនធំចូលមកកម្ពុជាតាមរយៈជើងហោះហើរពីប្រទេសសិង្ហបុរី ព្រោះកម្ពុជានិងសិង្ហបុរីមានជើងហោះហើរជាមួយគ្នាជាប្រចាំ។ ក្រៅពីទេសចរពីសិង្ហបុរី ជើងហោះពីប្រទេសនេះក៏បាននាំទេសចរពីបណ្ដាតំបន់អឺរ៉ុបមកកម្ពុជាដែរ។
 
ក្នុងជំនួបរវាង លោក ទិត ចន្ថា រដ្ឋមន្ត្រីស្ដីទីក្រសួងទេសចរណ៍ និងលោក ថុង អ៊ីដវីន (Tong Edwin) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី នៅទីស្ដីការក្រសួងទេសចរណ៍ថ្ងៃទី២៦ កក្កដា ភាគីទាំងពីរបានលើកឡើងពីការជំរុញជើងហោះហើរបន្ថែមទៀត សម្រាប់ទទួលទេសចរក្នុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។
 
បើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ លោក ទិត ចន្ថា ចាត់ទុកប្រទេសសិង្ហបុរីជាច្រកទ្វារអាកាសយ៉ាងសំខាន់សម្រាប់ទេសចរពីសិង្ហបុរីដោយផ្ទាល់ និងបណ្ដាប្រទេសផ្សេងៗទៀត។
ការណ៍នេះបើសិង្ហបុរីបង្កើនជើងហោះហើរមកកម្ពុជា នោះភ្ញៀវអន្តរជាតិចូលមកកម្ពុជាក៏កើនឡើងដែរ។ «នៅពេលស៊ីហ្គេម នឹងមានតម្រូវការធ្វើដំណើរមកកាន់កម្ពុជាច្រើនណាស់ ហើយសង្ឃឹមថាសិង្ហបុរីបង្កើនការហោះហើរ»។ នេះជាការលើកឡើងរបស់លោក ទិត ចន្ថា។​
 
សូមជម្រាបថា​ ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ខ្លាំង ប្រទេសសិង្ហបុរីបានកាត់បន្ថយជើងហោះហើរមកកម្ពុជា។​ ប៉ុន្តែនាពេលបច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរប្រទេសសិង្ហបុរី បានតភ្ជាប់ជើងហោះហើរមកកម្ពុជាវិញជាច្រើន៕
 

Tag:
 ThmeyThmey25
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com