ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
សុខ សុធារ័ត្ន ប្រែជន្លេនពីសត្វគួរឱ្យរអើម ជាអាជីវកម្មជីសរីរាង្គ
28, Jul 2022 , 8:59 am        
រូបភាព
កញ្ញា សុខ សុធារ័ត្ន ស្ថាបនិកជន្លេន(រូបកណ្តាល) ជាមួយប្តីប្រពន្ធកសិករមួយគូនៅខេត្តកំពង់ឆ្នាំងកំពុងផលិតជីកំប៉ុស្តពីអាចម៍ជន្លេន។រូបថត៖ហ្វេសប៊ុកផេក ជន្លេន
កញ្ញា សុខ សុធារ័ត្ន ស្ថាបនិកជន្លេន(រូបកណ្តាល) ជាមួយប្តីប្រពន្ធកសិករមួយគូនៅខេត្តកំពង់ឆ្នាំងកំពុងផលិតជីកំប៉ុស្តពីអាចម៍ជន្លេន។រូបថត៖ហ្វេសប៊ុកផេក ជន្លេន
ភ្នំពេញ៖ ជន្លេន ជាសត្វគួរឱ្យរអើមមួយប្រភេទ ដែលរស់នៅក្នុងដី។ ប៉ុន្តែជន្លេន មានអត្ថប្រយោជន៍ណាស់សម្រាប់កសិករ ដោយអាចម៍របស់ជន្លេនជាជីសរីរាង្គដ៏ល្អសម្រាប់បន្លែ និងដំណាំផ្សេងៗ។ កញ្ញា សុខ សុធារ័ត្ន បានយកជន្លេន សម្រាប់ផលិតជីសរីរាង្គ ដើម្បីកាត់បន្ថយការប្រើប្រាស់ជីគីមី។

 
ដាក់គោលដៅកាត់បន្ថយការប្រើជីគីមី

ក្នុងការធ្វើស្រែចម្ការ កសិករភាគច្រើន ប្រើជីគីមីស្ទើតែ១០០ភាគរយទៅហើយ។ កសិករខ្លះ ក៏មានលាមកសត្វសម្រាប់ដាក់ស្រែ ចម្ការ និងដំណាំរបស់ពួកគេ។ ការប្រើជីគីមី បានក្លាយជាទម្លាប់មួយរបស់កសិករ ទោះបីមានការបណ្ដុះបណ្ដាលពីបច្ចេកទេសផលិតជីកំប៉ុស្ដ និងជីសរីរាង្គ។ 
 
ការប្រើប្រាស់ជីគីមីច្រើន បានធ្វើឱ្យជន្លេន បាត់បង់ពីដីរបស់កសិករ។ ជន្លេន មិនមានច្រើនដូចប៉ុន្មានឆ្នាំមុននោះទេ។ កត្តាដ៏តូចមួយនេះ បានធ្វើឱ្យដីរបស់កសិករកាន់តែគ្មានជីវជាតិបន្តិចៗម្ដងៗពីមួយឆ្នាំទៅមួយឆ្នាំ។ 
 
មានបរិញ្ញាបត្រផ្នែកក្សេត្រសាស្រ្ត កញ្ញា សុខ សុធារ័ត្ន បានជម្នះចិត្តរបស់ខ្លួនធ្វើការជាមួយជន្លេន ដែលជាសត្វមួយប្រភេទមនុស្សទូទៅរអើម។ ដោយមើលឃើញពីគុណសម្បត្តិរបស់ជន្លេន តរុណវ័យ២៨ឆ្នាំរូបនេះ សម្រេចចិត្តបង្កើតអាជីវកម្មជន្លេនក្នុងឆ្នាំ២០១៨។ ការប្ដេជ្ញាចិត្តបង្កើតអាជីវកម្មនេះ ជាផ្នែកមួយជំរុញស្មារតី សុធារ័ត្ន ឱ្យស្និតស្នាលជាមួយគម្រោងជន្លេន។
 
គម្រោង «ជន្លេន» របស់សុធារ័ត្ន អាចជួយកសិករមានចំណូល និងកាត់បន្ថយការប្រើប្រាស់ជីគីមី។ កសិករ ក៏ទទួលបានការបណ្ដុះបណ្ដាល ដើម្បីអាចកែច្នៃជីសរីរាង្គ និងមានជំនាញផ្នែកកសិកម្មបន្ថែម។ ដំណើរការបានជាង៤ឆ្នាំ គម្រោង «ជន្លេន» អាចផលិតជីសរីរាង្គបានប្រមាណ១០តោនក្នុងមួយខែ។ 
 
ការប្រើប្រាស់ជីគីមីលើដំណាំ និងបន្លែផ្សេងៗច្រើន ធ្វើឱ្យប៉ះពាល់សុខភាពសាធារណ។ សុធារ័ត្ន ចង់កែប្រែការប្រើប្រាស់ជីគីមីរបស់កសិករដើម្បីធ្វើស្រែ និងដំណាំ ដោយជំនួសជីសរីរាង្គ។ សុធារ័ត្ន ដាក់គោលដៅជួយកសិករឱ្យមានសមត្ថភាពកែច្នៃជីសរីរាង្គដោយខ្លួនឯង។ កសិករ នឹងអាចកាត់បន្ថយជីគីមីតាមរយៈជីសរីរាង្គពីជន្លេន។ 


ជីកំប៉ុស ធ្វើជីអាចន៍ជន្លេន។ រូបថត៖ហ្វេសប៊ុកផេក ជន្លេន

«យើងប្រមូលកាកសំណល់តាមរយៈការចិញ្ចឹមជន្លេន។ បន្ទាប់មក ពេលដែលយើងប្រើអាជន្លេន បកទៅដីវិញ គឺធ្វើឱ្យរុក្ខជាតិស្រូវយកជីវជាតិក្នុងដីហ្នឹង។ ទីមួយ៖ ដី ​ដែលមានក្នុងតំបន់ហ្នឹងកាន់តែល្អឡើងៗ ដោយសារសម្បូរសត្វជន្លេន និងសត្វល្អិតផ្សេងៗ ជួយឱ្យមានដង្ហើមនៅក្នុងដី។ ទីពីរ៖  ដី មានសំណើម ដែលជួយកាត់បន្ថយការប្រើប្រាស់ទឹក និងជីច្រើន»។ សុធារ័ត្ន រៀបរាប់ពីអត្ថប្រយោជន៍របស់ជន្លេនដូច្នេះ។ 
 
កសិករ មិនសូវចាប់អារម្មណ៍គម្រោង «ជន្លេន»

ការទាញកសិករពីការប្រើប្រាស់ជីគីមី មិនមែនជារឿងងាយស្រួលនោះឡើយ។ សុធារ័ត្ន បានទៅសហគមន៍មួយនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីពន្យល់ពីគម្រោងជន្លេន ទៅកសិករ។ ប៉ុន្តែកសិករតែមួយគ្រួសារប៉ុណ្ណោះ បានចាប់អារម្មណ៍គម្រោងជន្លេនរបស់សុធារ័ត្ន។ គម្រោងជន្លេន បានបណ្ដុះបណ្ដាលកសិករមួយគ្រួសារ ពីបច្ចេកទេសផ្សេងៗ ផ្ដល់ជាគំនិត និងសម្ភារៈ។ កសិករ ដែលសហការជាមួយគម្រោងជន្លេន ក៏បានចំណូលពីការផលិតអាចម៍ជន្លេននេះ។ 
 
«វាពិតជាពិបាក! វាហាក់ដូចជាខុសគោលដៅគ្នា ពីព្រោះយើងចង់ជួយគាត់មែនទែន។ យើងដឹងថា មានតែចំណូលទេ ដែលគាត់សប្បាយចិត្តធ្វើការជាមួយយើង។ បើមិនបានចំណូល គាត់នឹងទៅធ្វើការងារផ្សេង ដូចជា កម្មករជាដើម។ រឿងនេះហើយ ដែលខ្ញុំត្រូវជម្នះជាមួយខ្លួនឯង»។ សុធារ័ត្ន រៀបរាប់ពីធ្វើការជាមួយកសិករដំបូងដូច្នេះ។ 
 
បច្ចុប្បន្ន អាជីវកម្មរបស់ សុធារ័ត្ន កំពុងអនុវត្តលើសហគមន៍មួយដែលមាន៥គ្រួសារក្នុងខេត្តកំពង់ឆ្នាំង។  ៥គ្រួសារនេះ មានសមត្ថភាពប្រមូលអាចន៍ជន្លេនបានប្រហែល ១០តោនរៀងរាល់ខែ។ យុវតីរូបនេះ រៀបរាប់ពីផលលំបាកថា កសិករតិចតួចប៉ុណ្ណោះ ដែលចាប់អារម្មណ៍អាជីវកម្មរបស់ខ្លួន។ កសិករ ភាគច្រើនបន្តប្រើប្រាស់វិធីសាស្រ្តចាស់ និងមិនចង់សម្របខ្លួនទៅនឹងបរិយាកាសថ្មីឡើយ។ 
 
សុធារ័ត្ន មិនមែនអង្គុយធ្វើការតែពីការិយាល័យនោះទេ។ សហគ្រិនវ័យក្មេងរូបនេះ ចុះទៅសហគមន៍ដោយផ្ទាល់ ដើម្បីពន្យល់ពីគំនិតរបស់ខ្លួនទៅសហគមន៍ និងពិនិត្យការងារជាមួយកសិករ។ ក្រៅពីសហគមន៍ក្នុងខេត្តកំពង់ឆ្នាំ សុធារ័ត្ន កំពុងពិនិត្យលទ្ធភាពសហការជាមួយសហគមន៍ដ៏ទៃទៀត។ ប៉ុន្តែកសិករ ត្រូវការពេលច្រើនដើម្បីយល់ពីអាជីវកម្មជន្លេននេះ។ 


កញ្ញា សុធារ័ត្ន ជាទីប្រឹក្សារបស់កសិករផង និងជាមិត្តរបស់កសិករផង។ សុធារ័ត្ន យកចិត្តទុកដាក់លើ ការងាររបស់ខ្លួន និងសហគមន៍ដែលផលិតជីសរីរាង្គពីជន្លេន។ រូបថត៖ ជន្លេន  

សុធារ័ត្ន រៀបរាប់ទាំងញញឹមដូច្នេះ៖ «នៅពេលខ្ញុំជួបជាមួយកសិករដែលចូលចិត្តគំនិតរបស់ខ្ញុំ វាធ្វើឱ្យខ្ញុំក្លាហានដើម្បីបន្ត។ នោះហើយជាមូលហេតុ ដែលខ្ញុំបានព្យាយាមផ្តល់ចំណេះដឹងដល់ពួកគាត់ ក៏ដូចជាជួយពួកគាត់បង្កើនប្រាក់ចំណូល»។
 
ចង់ឱ្យកសិករ មានជំនាញបន្ថែម

ពាក្យថា បោះបង់ គ្មានទេ សម្រាប់សហគ្រិនវ័យក្មេងរូបនេះ ទោះបីកសិករមិនសូវយល់ពីគម្រោងរបស់ខ្លួនច្រើននាក់ក៏ដោយ។ ចិត្តជាសហគ្រិន សុធារ័ត្ន មិនចង់បានតែប្រាក់ចំណេញនោះទេ ប៉ុន្តែយុវតីរូបនេះ ចង់ឃើញកសិករ អាចបង្កើតរបរថ្មីដោយខ្លួនឯង។ 
 
«ជន្លេន ផ្តល់ឱ្យកសិករក្នុងស្រុកនូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ឧបករណ៍ និងការបណ្តុះបណ្តាលបច្ចេកទេសមួយចំនួន។ តាមរយៈគម្រោងនេះ កសិករយល់ព្រមចិញ្ចឹមជន្លេន និងផលិតអាចន៍ជន្លេន ហើយខ្ញុំជួយពួកគេស្វែងរកទីផ្សារ»។ សុធារ័ត្ន និយាយពីការសហការជាមួយកសិករ។ 


កសិកររបស់គម្រោងជន្លេន កំពុងផលិតជីសរីរាង្គពីជន្លេន។ កសិករ អាចប្រើជីសរីរាង្គដែលខ្លួនផលិត ប្រើប្រាស់លើដំណាំផ្ទាល់ខ្លួន និងទទួលបានចំណូលបន្ថែមពីជន្លេន។  រូបភាព៖ ជន្លេន

ក្រៅពីរកទីផ្សារ និងដើរតួជាផ្សាររបស់កសិករ សុធារ័ត្ន ចង់ឃើញកសិករមានជំនាញបន្ថែម។ «គាត់ មានចំណូលមួយផ្នែកដោយការលក់ជីសរីរាង្គ។ ប៉ុន្តែបើគាត់មានការស្វែងយល់បន្ថែមពីការធ្វើកសិកម្មនិរន្តរភាពចម្រុះ មានបន្លែ ត្រី វាជាផ្នែកមួយនៃការបង្កើនចំណូលបន្ថែម។ ខ្ញុំសប្បាយចិត្តនឹងជួយគាត់»។  
 
ស្ថាបនិកជន្លេនរូបនេះ ចង់ឱ្យកសិករធ្វើកសិកម្មបែបនិរន្ត​រភាពចម្រុះ ដោយមិនពឹងផ្អែកតែស្រែចម្ការមួយ។ កញ្ញា សុធារ័ត្ន ប្រឹងស្វែងយល់ពីសក្ដានុពលរបស់កសិករនីមួយៗ ដើម្បីផ្ដល់ជាគំនិតលើការប្រកបរបរកសិកម្មផ្សេងទៀត។ កសិករទាំងនោះ អាចយកជីសរីរាង្គពីគម្រោងជន្លេន ទៅប្រើប្រាស់លើរបរកសិកម្មផ្សេងរបស់ខ្លួន ដោយមិនគិតថ្លៃ។ 
 
«កសិករ ដែលសហការជាមួយខ្ញុំ អាចយកជីទៅប្រើប្រាស់បាន។ ខ្ញុំ មិនទៅខ្វល់ទេ ហេតុអ្វីពូ (កសិករ) ប្រើជីរបស់ខ្ញុំ?។ ពួកគាត់ អាចដាំបន្លែផ្សេងៗ ដើម្បីបង្កើនចំណូល។ ខ្ញុំព្យាយាមស្វែងយល់ពីគាត់ ដើម្បីឱ្យគាត់ធ្វើកសិកម្មអ្វីមួយជាគោលបន្ថែមទៀត»។ 
 
បញ្ហាប្រឈមរបស់ ជន្លេន

ការប្រើប្រាស់ជីសរីរាង្គ មិនទាន់ពេញនិយម និងជាជម្រើសទីមួយ របស់កសិករនោះទេ។ កសិករ នៅតែអនុវត្តរបៀបធ្វើកសិកម្ម ដោយពឹងផ្អែកលើជីគីមី។ បច្ចុប្បន្ន ជីសរីរាង្គរបស់ជន្លេន ទទួលបានការគាំទ្រច្រើនតែនៅភ្នំពេញប៉ុណ្ណោះ។ អ្នកភ្នំពេញភាគច្រើន ទិញជីសរីរាង្គពីជន្លេន ដើម្បីដាក់ដំណាំតាមផ្ទះរបស់ខ្លួន ដូចជាបន្លែតាមផ្ទះ រុក្ខជាតិលម្អតាមផ្ទះ និងការិយាល័យផ្សេងៗ។ 
 
«បច្ចេកទេស នៅតែមានបញ្ហា! អាហ្នឹង ខ្ញុំមិនអាចជម្នះវាបានភ្លាមនោះទេ។ វាខុសប្លែកពីគេវិនិយោគជារោងចក្រ ជាសហគ្រាសខ្លួនគេ។ អ៊ីចឹង អ្វីៗ គឺគ្រប់គ្រងបានស្រួល។ ប៉ុន្តែនៅពេលដែលយើង (ជន្លេន) ចង់ឱ្យសហគមន៍ល្អប្រសើរ វាមិនអាចបានដូចអ្វីដែលយើងដាក់គោលដៅហ្នឹងទេ។ ខ្ញុំគិតថា វានឹងជួបដដែលៗ»។ 
 
ការបង្កើតអាជីវកម្ម ជួបបញ្ហាប្រឈមផ្សេងៗគ្នា។ ប៉ុន្តែសហគ្រិន តែងតែមានដំណោះស្រាយរៀងៗខ្លួន ដើម្បីឱ្យអាជីវកម្មនោះ បន្តជីវិតទៅមុខជានិច្ច។ ការកំណត់ទីផ្សារគោលដៅច្បាស់លាស់ ជាដំណោះស្រាយមួយរបស់ជន្លេន។ ការណ៍នេះ បានជាជន្លេនផ្ដោតសំខាន់លើទីផ្សាររុក្ខជាតិលម្អក្នុងរាជធានីភ្នំពេញ។ 
 
ការចំណាយលើច្រវ៉ាក់ផលិតកម្ម ក៏ជាបញ្ហាមួយរបស់ជន្លេន។ ជីសរីរាង្គរបស់ជន្លេន ត្រូវបានលក់ក្នុងតម្លៃថ្លៃបន្តិច ដើម្បីឆ្លើយតបការចំណាយ។ ជាមួយគ្នានេះ តម្លៃដឹកជញ្ជូនថ្លៃ ក៏បង្កបញ្ហាដល់ជន្លេន ក្នុងការពង្រីកទីផ្សាររបស់ខ្លួនតាមបណ្ដាខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា។
 
ផ្លូវដើរលើវិថីអាជីវកម្ម

«ក្នុងនាមជាសហគ្រិន វាជារឿងមួយដ៏ល្អបំផុត។ ហេតុអ្វីបានជាខ្ញុំនិយាយអ៊ីចឹង? ដោយសារយើងតែងតែផ្ដោតលើធនធានរបស់ខ្លួនឯង ដូចជា ធនធានមនុស្ស ថវិកា និងលទ្ធភាពធ្វើដោយខ្លួនឯង គឺជាជំហានដំបូង ដែលយើងតែងតែមាន»។ នេះជាការឆ្លើយតបភ្លាមៗរបស់ សុធារ័ត្ន។ 


សុធារ័ត្ន នាំភ្លៀវទៅសហគមន៍ផលិតជីសរីរាង្គ ដើម្បីស្វែងយល់ពីគម្រោងរបស់ជន្លេន និងការងាររបស់កសិករ។ រូបភាព៖ ជន្លេន 

គ្រប់អាជីវកម្មខ្នាតតូច សុទ្ធតែត្រូវការដៃគូវិនិយោគដើម្បីពង្រីកអាជីវកម្មឱ្យកាន់តែធំ។ ប៉ុន្តែការវិនិយោគទាំងនោះ ត្រូវបានសហគ្រិនវ័យក្មេងរូបនះ គិតយ៉ាងប្រចក្ស ដើម្បីឱ្យត្រូវតាមគោលការណ៍អាជីវកម្មរបស់ខ្លួន។ 
 
សហគ្រិនវ័យក្មេងរូបនេះ ថ្លែងដូច្នេះ៖ «ទោះបីជាគេមានលុយ ទោះបីជាគេមានធនធានប៉ុណ្ណា ប៉ុន្តែបើវាអត់ជាអម្រែក អាហ្នឹងជាដំណើរការល្អសម្រាប់យើងជ្រើសរើស។ វាអត់រាំងស្ទះដំណើរការរបស់យើង ពីព្រោះក្នុងនាមជាសហគ្រិន មានតែគោលដៅ ដែលយើងកំណត់ទេ ដែលយើងយល់ច្បាស់។ ប៉ុន្តែក្នុងន័យអាជីវកម្ម វាតែងតែវិវត្តទៅមុខជានិច្ច»។ 
 
បច្ចុប្បន្ន យុវតីរូបនេះ បានសហការជាមួយដៃគូផ្នែកបន្លែ ផ្លែឈើនៅសៀមរាប ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនមានទីផ្សារកាន់តែធំ។ លើសពីនេះ សុធារ័ត្ន ក៏បើកអាជីវកម្មរុក្ខជាតិលម្អផ្ទាល់ខ្លួនផងដែរ ដើម្បីមានចំណូលបន្ថែម៕ 

Tag:
 ជីវព័ត៌មាន
  ជន្លេន
  ជីសរីរាង្គ
  អាជីវកម្ម
  ជន្លេន
  កញ្ញា សុខ សុធារ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com