ជាតិ
សិល្បះ
ក្រសួង​វប្បធម៌​ ​ពិចារណាកោះហៅ​អ្នក​​​យក​កុមារ​ថត​រឿង​ស្នេហា មាន​ខ្លឹម​សារ​ទាក់ទង​នឹង​ផ្លូវ​​ភេទទៅ​អប់រំ​
28, Jul 2022 , 9:29 am        
រូបភាព
លោក ចំរើន វ៉ាន់ថា ទី​ប្រឹក្សាអម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​ ​កំពុង​ពិចារណា​​ហៅ​ក្រុមផលិតរឿង​មិនសមរម្យនោះ​ ទៅ​​អប់​រំ​ណែនាំ​​។
លោក ចំរើន វ៉ាន់ថា ទី​ប្រឹក្សាអម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​ ​កំពុង​ពិចារណា​​ហៅ​ក្រុមផលិតរឿង​មិនសមរម្យនោះ​ ទៅ​​អប់​រំ​ណែនាំ​​។
ភ្នំពេញ៖ មហាជន​បាន​កំពុង​រិះ​គន់វីដេអូ​ខ្លី​ ដែល​យក​កុមារទៅ​ថត​រឿង​ស្នេហា និង​មាន​ខ្លឹម​សារ​ទាក់​ទង​នឹង​ផ្លូវ​ភេទ​​។ លោក​ ប៉ុក បូរក្ស ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ត​ ថា ​រឿង​នោះ​មាន​ខ្លឹម​សារ​ប្រាស់​ចាក​ពី​ការ​អប់រំ​ពិត​មែន​។ ឯលោក ចំរើន វ៉ាន់ថា ទី​ប្រឹក្សាអម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​ ​កំពុង​ពិចារណា​ថា​នឹង​ហៅ​ក្រុម​នោះ​ ទៅ​​អប់​រំ​ណែនាំ​ឬ​យ៉ាង​ណា ព្រោះ​​បើ​ពិនិត្យ​លើ​អង្គហេតុ​ ពិបាក​ដាក់​បន្ទុក​។



ក្នុង​ពេល​ថ្មី​ៗ​នេះ សាធារណជន​ មាន​ការ​ប្រតិកម្ម​ខ្លាំង ចំពោះ​វីដេអូមួយ​ចំនួន​ ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុម​មនុស្ស​មួយ​ក្រុម​។ វីដេអូ​ទាំង​នោះ​ បាន​ឱ្យ​កុមារ​សម្ដែង​​រឿង​បែប​ស្នេហា ក៏​មាន​ដែរ​ឈុត​ដែល​បង្ហាញ​ខ្លឹម​សារ​ពាក់​ព័ន្ធ​នឹង​ផ្លូវ​ភេទ ដោយ​​ខុស​នឹង​វ័យដែល​កុមារ​គួរ​សម្ដែង​។ មហាជន​យល់​ថា​ ការ​ធ្វើ​បែប​​នោះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ ពិសេស​យុវជន​និង​កុមារ​​។​ 
 
លោក ចំរើន វ៉ាន់ថា ទី​ប្រឹក្សាអម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា បើ​មើ​ល​ទៅ​ចរិត​របស់​សាច់​រឿង ពិត​ជា​ដូច​អ្វី​ដែល​សាធារណជន​បាន​រិះ​គន់​មែន​។ ប៉ុន្តែ​បើ​​ពិនិត្យ​ទៅ​លើ​អង្គហេតុ​ លោក​មើល​ឃើញ​ថា ពិបាក​នឹង​ដាក់​បន្ទុក​លើ​​រឿង​នោះ​។ ពិបាក​ដាក់​បន្ទុក ក៏​ព្រោះ​​វីដេអូ​នោះ​មិន​បាន​ប្រើ​ពាក្យពេចន៍​ដែល​មាន​​ន័យ​ចំ ប៉ុន្តែ​វា​ជា​ន័យ​ធៀប ហើយ​ក៏​មិន​បាន​បង្ហាញ​រូប​ភាព​អាស​អាភាស​ដែរ​​។ 

លោក ចំរើន វ៉ាន់​ថា​ ពន្យល់​បន្ថែម​៖​«បើមើល​ជា​ចរិត គឺ​ដូច​ការ​រឹះគន់មែន​ហើយ​ ប៉ុន្តែ​បើ​ពិនិត្យ​ជា​រួម​លើ​អង្គហេតុ ពិបាក​ដាក់​បន្ទុក។ គាត់​ប្រើ​ពាក្យ​ប្រៀបធៀប​​ ហើយ​មិន​មាន​រូប​ភាព​អាសអាភាសឡើយ​។ ​ពេល​ខ្លះ​គាត់​ធ្វើ​ទៅ​ ដោយ​ការ​យល់​មិន ឬ​អាច​មាន​បំណងធ្វើ​បែប​នោះ​តែ​ម្ដង។ ខ្ញុំ​កំពុង​ពិចារណា​ថា គួរ​ហៅ​គាត់​មក​អប់រំ​ ឬ​យ៉ាងណា​? ក្រសួង​ធ្លាប់​ផ្សព្វ​ផ្សាយ និង​អប់រំច្រើន​ ហើយ​ប្រមុខ​រដ្ឋាភិបាល​ក៏​ធ្លាប់​លើក​ពី​បញ្ហា​ការ​ប៉ះ​ពាល់​វប្បធម៌​ជាតិ​ដែរ»​​​។ 
 
​ចំណែក​លោក​ ប៉ុក បូរក្ស ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ត​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា វីដេអូដែល​ត្រូវ​បាន​សាធារណជន​រិះ​គន់​នោះ ពិត​ជា​មាន​ខ្លឹម​សារ​ប្រាស់​ចាក​សីលធម៌ មិន​​ឆ្លុះ​បញ្ចាំង​ពី​ការ​អប់​រំពិត​​មែន បើ​ទោះ​បី​ជា​វីដេអូនោះ ​បាន​សរសេរ​ចំណង​ជើងថា​ជា​វីដេអូ​អប់រំ​ក្ដី​។ លោក​ថា​ការ​ផលិតវីដេអូ​បែប​នោះ នឹង​ផ្ដល់​ផល​ប៉ះ​ពាល់​​ខ្លាំង ​ព្រោះ​ការ​ផ្សាយ​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម មាន​ភាព​ទូលំ​ទូលាយ​​។ 
 
លោក ប៉ុក បូរក្ស​ ពន្យល់​បន្ថែម​៖«ខ្លឹម​សារនិង​រូប​ភាព​ ភាគ​ច្រើន​មាន​ន័យ​ប្រាស់​ចាកពី​សីលធម៌​ និង​ប្រពៃណី​ខ្មែរ ដែល​សង្គមអាច​​ទទួល​យក​បាន​។ នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ យើង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ ហើយ​វា​ជះ​ឥទ្ធិ​ពល​ខ្លាំង​ទៅ​ក្នុង​សង្គម ពិសេស​យុវជន និង​កុមារ​​ដែល​គាត់​បាន​មើល​រឿង​ខ្លី​ហ្នឹង​​។ ក្នុង​ករណី​នេះ​យើង​នឹង​សុំ​គោល​ការ​ណែនាំ ដើម្បី​កោះ​ហៅ​គាត់​មក​អប់​រំ​ (អាច​ឱ្យ​កែតម្រូវ​ ឬ​លុប​ចោលវីដេអូ​នោះ​​តែ​ម្ដង ប្រសិន​បើ​រូប​នោះ​ធ្ងន់​ធ្ងរ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សង្គម​ខ្លាំង»​។  
 


លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត​

ប្រធាន​នាយក​ដ្ឋាន​ភាព​យន្ត​រូប​នេះបន្ថែម​ថា ពាក់​ព័ន្ធ​នឹងការ​ផលិត​​ខ្សែ​ភាព​យន្ត ក្រសួង​វប្បធម៌​មាន​គោល​ការណែនាំ ដោយ​បាន​កំណត់​​កម្រិត​នៃ​​ការ​ទទួល​យក​បាន​របស់​សង្គម​។ ​កំណត់​កម្រិត​ដែល​អាច​អនុញ្ញាត​ឱ្យ​ក្មេង​តូច​អាច​មើល​បាន​ ឬ​វីដេអូ​បែប​ណា ដែល​ក្មេង​អាយុ​១៥​-១៨ អាច​មើល​បាន​។ 
 
លោក បូរក្ស ក៏​បាន​រំលឹក​ផង​ដែរ​ថា កន្លង​មក​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និង​ក្រសួង​កិច្ច​ការ​នារី បាន​សហការគ្នា​រៀប​ចំ​សិក្ខាសាលាអប់រំ​ ពាក់​ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​​ ផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គមខ្លះ​ហើយ​​ ដើម្បី​ទប់​ស្កាត់កុំ​ឱ្យ​មាន​ការ​ផលិត​វីដេអូ ឬ​មាតិកា ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូររបស់​​វប្បធម៌​ជាតិ​។
 
លោក បូរក្ស បាន​សង្កត់​ធ្ងន់​ថា ក្រសួង​មិន​ចង់​គ្រប់​គ្រង​ការ​ផលិត​វីដេអូ ឬ​ការ​បង្កើត​មាតិកា​នៅ​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​សង្គម​ ដូច​ការ​ផ្សាយ​នៅ​តាម​ទូរទស្សន៍​ និង​នៅ​តាម​រោង​កុន​ឡើយ​ ព្រោះ​ការ​ផលិត​មួយ​ចំនួន​ ក៏​​មាន​ខ្លឹម​សារ​ល្អ​ដែរ​។ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​ផលិត​មួយ​ចំនួន ​​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះ​ពាល់ដល់​វប្បធម៌ជាតិ​ និង​សីលធម៌​សង្គម​​។ 
 
«​សំខាន់​គឺ​ការ​អប់រំ​ណែនាំ​ឱ្យ​បាន​ច្រើន។​ ក្នុង​ករណី​ការ​ផលិត​មួយ​ចំនួន ​ដែល​មានការ​លើស​លួ​ស និង​​មាន​ការ​ប៉ះ​ពាល់​ខ្លាំង​ យើង​នឹង​កោះ​ហៅផលិត​ករ ឬ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផលិត​ហ្នឹង​ មក​អប់រំ​ណែនាំ​។ ប្រហែល​កន្លង​ទៅ ​កា​រ​ផ្សព្វ​ផ្សាយ​មិន​ទាន់​បាន​ទូលំ​ទូលាយ ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​អ្នក​ផលិត​ថ្មី​ជា​និច្ច ​ដែល​ធ្វើ​ឱ្យ​ខុស​ឆ្គង​។ យើង​នឹង​​ព្យាយាម​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​»។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក ប៉ុក បូរក្ស​។
 
ប្រធាន​នាយក​ដ្ឋាន​ភាពយន្ត​រូប​នេះ បាន​លើក​ឡើង​បន្ថែម​ថា រាល់​ការ​ធ្វើ​អ្វី​មួយ​តែង​តែ​មាន​មុខ​ពីរ​ ហើយ​ការ​ផលិត​វីដេអូ ឬ​ភាព​យន្ត​ក៏​ដូច​គ្នា​។ ​​លោក បូរក្ស ​​អះអាង​ថា ​វីដេអូ​​ដែល​ឆ្លង​កាត់​ការ​ពិនិត្យ​ និង​ដើរ​តាម​គោល​ការ​របស់​ក្រសួង ​កម្រ​នឹង​ខុស​ណាស់ ព្រោះ​ក្រសួង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្វី​ទៅ​ជា​ភាព​អាក្រាត អ្វី​ទៅ​ជា​ភាព​ស៊ីច​ស៊ី និង​អ្វី​ទៅ​ជា​ភាព​ទទួ​ល​យក​បាន​របស់​សង្គម​។ ​

លោក​បន្ថែម​៖«រឿង​នោះ​គាត់គិត​ថា​ជា​រឿង​អប់រំ ប៉ុន្តែ​សង្គម​មិន​អាច​ទទួល​យក​បាន​ ថា​ជា​រឿង​អប់រំ​ឡើយ​ ព្រោះរូប​ភាព​បាន​បង្ហាញ​ទៅ​ផ្លូវ​អាក្រក់​បាត់​ទៅ​ហើយ​​។ នេះ​គឺ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ និង​អសីលធម៌​។ ខ្ញុំ​សង្ឃឹម​ថា​ពួក​គាត់​និង​កែ​ប្រែ​ នៅ​ពេល​ទទួល​បាន​ការ​អប់រំ។ កន្លង​ទៅ​​ផលិត​ករ​មួយ​ចំនួន​ ដែល​ទទួល​បាន​ការ​អប់រំហើយ គាត់​បាន​ព្យាយាម​អនុវត្ត​បាន​ត្រឹម​ត្រូវ​ច្រើន»។ ​
 
កន្លង​មក​លោក​ ចំរើន​ វ៉ាន់​ថា ធ្លាប់​បានប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​អំពី​ការ​បង្កើត​ “ក្រមប្រតិបត្តិវប្បធម៌​" ដែល​ក្រម​នេះ​មាន​អំណាច​​​គ្រប​ដណ្ដប់​លើ​​សាធារណជន​ណា ដែល​នៅ​​ក្រៅ​ចង្កោម​អ្នក​សិល្បៈ​ ហើយ​​ធ្វើ​សកម្ម​ភាព​ប៉ះ​ពាល់​ដល់​តម្លៃ​សិល្បៈ​ វប្បធម៌ និង​ប្រពៃណី​ជាតិ​។ 
 
ប៉ុន្តែ​ក្នុង​បទ​សម្ភាស​ចុង​ក្រោយជា​មួយ​សារព័ត៌​មាន​ថ្មីៗ ក្នុង​អំឡុង​ខែកក្កដា​នេះ​​ លោក ចំរើន​ វ៉ាន់​ថា បាន​បញ្ជាក់​ថា ​“ក្រមប្រតិបត្តិវប្បធម៌​"នោះ​ ​ទំនង​ជា​ពុំ​អាច​ចេញ​ទៅ​រួច​ ព្រោះ​ការ​កោះ​ហៅ​សាធារណជនណា​មួយ ​ដែល​បាន​ប្រព្រឹត្ត​កំហុស ពុំ​មែន​ជា​អំណាច​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ឡើយ​។ ទីប្រឹក្សា​អម​ក្រសួង​វប្បធម៌រូប​នេះអះ​អាង​ថា​ ការ​ស្វែង​​រក​អត្តសញ្ញាណ​បុគ្គល​ណា​ម្នាក់ តាម​រយៈបណ្ដាញ​សង្គម​​​មាន​ការ​​ពិបាក គឺ​ត្រូវ​ការ​​សមត្ថកិច្ច​ជំនាញ​ទើប​អាច​ធ្វើ​ទៅ​រួច​​។
 
«​ពី​មុន​យើង​បាន​គិត​ថា​ យើង​បង្កើត​ក្រម​នេះ​។ ប៉ុន្តែ​ក្រោយ​ពី​យើង​ពិភាក្សា​គ្នា យើង​ពិបាក​នឹង​អនុវត្តន៍ ព្រោះ​ក្រសួង​វប្បធម៌ មិន​មាន​អំណាច​អ្វី​ទៅ​កោះ​ហៅ​គេ​ទេ​ យើង​នៅ​តែ​ត្រូវ​ការ​ក្រសួង​ពាក់​ព័ន្ធ​ ដែល​មាន​អំណាច​តាម​តួនាទី​របស់​គាត់ ដើម្បី​សហការ​គ្នា​​។ បើ​ទោះ​បី​ជា​ក្រម​នេះ​ ពុំ​ទាន់​អាច​ចេញ​បានក៏​ដោយ​ ក៏​ក្រសួងវប្បធម៌ ​នៅ​តែ​ធ្វើ​ការ​ជា​មួយ​ក្រសួង​ពាក់​ព័ន្ធ​នានា​ដដែល នៅ​ពេល​សាធារណជន​ណា បង្ហាញ​សកម្ម​ភាព​ប៉ះ​ពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូ​រ ​របស់​សិល្បៈ​វប្បធម៌​ជាតិ​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ចំរើន​ វ៉ាន់​ថា​។ 
 
សូម​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២ ក្រុម​ប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ​ ត្រូវ​បាន​បង្កើត​ឡើង​​ ដើម្បី​ពិនិត្យ​ វាយ​តម្លៃ និង​សម្រេច​លើ​ការ​ដាក់​ពិន័យ ឬ​ផ្ដល់​ការ​លើក​សរសើរ​ ចំពោះ​សកម្ម​ភាព​ទាំង​ឡាយ​ណា​ ពាក់​ព័ន្ធ​នឹង​សិល្បៈ​ ប្រពៃណី ទំនៀម​ទម្លាប់ និង​សីលធម៌​សង្គម​ សំដៅ​ចូល​រួម​លើក​ស្ទួយ​អត្តសញ្ញា​ណ​វប្បធម៌​ សេច​ក្ដី​ថ្លៃ​ថ្នូរ​ និង​កិត្យា​នុភាព​ជាតិ​​។ 


 រូប​ភាព​នេះ​ត្រូវ​បាន​ស្រង់​ចេញ​ពី​ឈុត​មួយ​ ក្នុង​រឿង​ខ្លី ដែល​ត្រូវ​បាន​មហាជន​រិះ​គន់

ក្រុម​លេខាធិការដ្ឋាន​ នៃ​​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ មាន​ភារកិច្ច​ពិនិត្យ​តាម​ដាន​ ប្រមូល​ព័ត៌​មាន​និង​សកម្ម​ភា​ព​ទាំង​ឡាយ ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សិល្បៈ​ ប្រពៃណី​ ទំនៀម​ទម្លាប់​ល្អ​របស់​ជាតិ​ និង​សីលធម៌​សង្គម​​។ ពិនិត្យ​សិក្សា​លើ​អង្គហេតុ​ អង្គ​ច្បាប់​ និង​លើក​យោបល់ជូន​ក្រុម​ប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ​ ដើម្បី​ពិនិត្យ​ វាយ​តម្លៃ​ និង​សម្រេច​។ រៀប​ចំ​សំណុំ​ឯកសារជូន​ក្រុម​ប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ​ ដើម្បី​ពិនិត្យ​និង​សម្រេច​ក្នុង​ការ​ដាក់​ពិន័យ ឬ​ការ​លើក​សរសើរ​។ 
 
អប់​រំ​ ណែនាំ ទប់ស្កាត់ និង​/ឬ​ដាក់​ពិន័យ​ ចំពោះ​អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់សិល្បៈ ប្រពៃណី ទំនៀម​ទម្លាប់​ល្អ​របស់​ជាតិ​ និង​សីលធម៌​សង្គម​ តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ពិន័យ ​និង​លើក​សរសើរ​។ ផ្ដល់​លិខិត​សរសើរ​ និង​/ឬគ្រឿង​ឥស្សរិយយស​ លើក​ទឹក​ចិត្ត​ជូន​អ្នកដែល​បាន​ធ្វើ​សកម្ម​ភាព​ រួម​ចំណែក​ លើក​កម្ពស់​សិល្បៈ ប្រពៃណី ទំនៀម​ទម្លាប់​ល្អ​របស់​ជាតិ​ និង​សីលធម៌​សង្គម​ តាម​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ពិន័យ​និង​លើក​សរសើរ​។ 
 
សហការ​និង​សម្រប​សម្រួល​ជា​មួយ​ភាគី​ពាក់​ព័ន្ធ ក្នុង​ការ​ប្រមូល​ព័ត៌​មាន​ ការ​វិភាគ​ ការ​វាយ​តម្លៃ ការ​អប់រំផ្សព្វ​ផ្សាយ និង​ការ​អនុវត្ត។ តាម​ដាន​នឹង​ដោះ​ស្រាយ​វិវាទផ្សេង​ៗ ពាក់​ព័ន្ធ​សកម្ម​ភាព​សិល្បៈ ប្រពៃណី ទំនៀម​ទម្លាប់ និង​សីលធម៌​សង្គម​។ ធ្វើ​របាយ​ការណ៍ អំពី​សភាព​ការណ៍​ និង​វឌ្ឍនភាព​ការ​ងារ ជូន​ក្រុម​ប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ​។ បំពេញ​ការ​ងារ​ផ្សេង​ៗ​ទៀត ដែល​ប្រធាន​ក្រុម​ប្រឹក្សា​ពិន័យ​ និង​លើក​សរសើរ​ប្រគល់​ជូន​៕
 

Tag:
 សិល្បៈ​
  ភាព​យន្ត​
  រឿង​ខ្លី
  ស្នេហា
  ផ្លូវ​ភេទ​
© រក្សាសិទ្ធិដោយ thmeythmey.com