កីឡាជាតិ
ជាតិ
ពាន​សម្តេច ហ៊ុន សែន៖ ក្រុមលីគ១ សុទ្ធតែទទួលជ័យជម្នះដោយគ្មានគ្រាប់តបតពីក្រុមលីគ២
27, Jul 2022 , 6:02 pm        
រូបភាព
ព្រះខ័នរាជស្វាយរៀង (ក្រហម) ឈ្នះសូលទីឡូ ១-០។ រូបថត Preah Khan Reach Svay Rieng FC
ព្រះខ័នរាជស្វាយរៀង (ក្រហម) ឈ្នះសូលទីឡូ ១-០។ រូបថត Preah Khan Reach Svay Rieng FC
ព្រះខ័នរាជស្វាយរៀង វិសាខា បឹងកេត និងណាហ្គាវើលដ៍ សុទ្ធតែទទួលបានជ័យ​ជម្នះ​រៀងៗខ្លួន លើក្រុមមកពីលីគ២ នា​ជំនួបជើងទី១ ក្នុងការប្រកួតពានសម្ដេច ហ៊ុន សែន លើកទី១៦ ក្នុងវគ្គជម្រុះថ្នាក់ជាតិ ១៦ក្រុមចុងក្រោយ ថ្ងៃទី​២៧ ខែ​កក្កដានេះ។

 
សម្រាប់ការប្រកួតនៅកីឡដ្ឋាន ហនុមាន ទឹកដីខេត្តសៀមរាប សូលទីឡូអង្គរ ទទួលរងសម្ពាធជាខ្លាំង ពីក្រុមព្រះខ័នរាជ ស្វាយរៀង ដែលជាក្រុមភ្ញៀវ។ ក្រុមភ្ញៀវនេះ មានឱកាសជាច្រើនលើកតែ ត្រូវបាន ខ្សែការពារ និងអ្នកចាំទីរបស់ម្ចាស់ផ្ទះសង្គ្រោះជាច្រើនលើក។ នាចុងតង់ទី១ ព្រះខ័នរាជ ស្វាយរៀង បន្ដសម្រុកកាន់តែខ្លាំង។ សូលទីឡូអង្គរ មានឱកាស ជា២ ទៅ៣លើក​ ដែលតែមិនបានឆ្លងផុតតំបន់គ្រោះថ្នាក់ក្រុមភ្ញៀវទេ។ លទ្ធផលមិនមានគ្រាប់នេះ បន្ដរហូតដល់ចប់តង់ទី១។
 
លុះចូលដល់តង់ទី២ ព្រះខ័នរាជ ស្វាយរៀង សម្រុកបន្ថែមទៀត។ ចូលដល់នាទី៦៦ ឡុង ភារ៉ាត់ របស់ព្រះខ័នរាជ ស្វាយរៀង ទទួលបានបាល់ពីមិត្តរួមក្រុម រួចអូសផុតខ្សែការពារ ហើយក៏ស៊ុតបញ្ចូលទី នាំឲ្យក្រុមនាំមុខសូលទីឡូអង្គរ ១-០។ 
 
នៅតង់ទី២នេះ ម្ចាស់ផ្ទះ មិនមានឱកាសច្រើនដូចតង់ទី១ទេ ដោយស្ទើរតែ៧០%ហើយ ដែលក្រុមភ្ញៀវគ្រប់គ្រងបាល់នៅតំបន់ប្រយុទ្ធ។ ចូលដល់នាទី៨៦ ប្រាក់ មុនីឧត្ដម​ របស់ព្រះខ័នរាជ ស្វាយរៀង ទទួលបានបាល់ហ្វីឃីក តែត្រូវអ្នកចាំទីរបស់សូលទីឡូអង្គរ ជួយសង្គ្រោះបាន។ លទ្ធផលបញ្ចប់តង់ ព្រះខ័នរាជ ស្វាយរៀង យកឈ្នះ ម្ចាស់ផ្ទះ សូលទីឡូអង្គរ ១-០ នៅកីឡដ្ឋានហុនមាន។
 
ជាមួយគ្នានេះដែរ វិសាខា យកឈ្នះលើ ម្ចាស់ផ្ទះក្រុមបាល់ទាត់ខេត្ដសៀមរាប លទ្ធផល ៦-០ នៅទីលានបាល់ទាត់ខេត្តសៀមរាប។ អ្នកដែលសម្រេចបានគ្រាប់​បាល់បញ្ចូលទី​សម្រាប់​វិសាខា មាន កែវ​ សុខផេង រកបាន៣គ្រាប់ ស៊ិន កក្កដា បន្ថែម​បាន២គ្រាប់ និង សារ ទី រួមចំណែក​១គ្រាប់។
 
 ចំណែកនៅកីឡដ្ឋាន Cambodian Airway បឹងកេត យកឈ្នះលើ ISI ដង្កោសែនជ័យ លទ្ធផល ២-០ ដែលសម្រេចបាន​ដោយ តាំង ប៊ុនឆៃ និងសៀង ចន្ធា នៅតង់ទីមួយ។
 
នៅកីឡដ្ឋាន AEU ឯណោះវិញ ណាហ្គាវើលដ៍ ឈ្នះ ម្ចាស់ផ្ទះ អាស៊ីអ៊ឺរ៉ុបយូណាយធីត ក្នុង​លទ្ធផល៤-០ ដែលជាការស៊ុត​បាល់បញ្ចូលទី​របស់​ នុប តុលា ២គ្រាប់ ខណៈ ហេង ទីណា និង នេន សុធារដ្ឋ រកបានម្នាក់១គ្រាប់។
 
ការប្រកួតរវាង៤គូនេះ នៅជើងទី២ នឹងធ្វើនៅថ្ងៃទី ១០ ខែសីហា ដោយក្រុមលីគកំពូល ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតម្ដង៕
 
 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com