ជាតិ
មន្រ្តី បារម្ភកសិករបោះបង់ដំណាំស្រូវ ដោយសារថ្លៃផលិតឡើងថ្លៃ
28, Jul 2022 , 10:52 am        
រូបភាព
ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ បានដាំស្រូវឡើងវិញ ក្រោយខូចខាតដោយសារជំនន់ទឹកភ្លៀង។ រូបពី មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ បានដាំស្រូវឡើងវិញ ក្រោយខូចខាតដោយសារជំនន់ទឹកភ្លៀង។ រូបពី មន្ទីរកសិកម្មខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក គង់ គា បារម្ភកសិករបោះបង់មុខរបរធ្វើស្រែ ដោយសារតម្លៃប្រេងឥន្ធនៈ និងជីថ្នាំកសិកម្មឡើងថ្លៃខ្ពស់ ខណៈស្រូវវិញមានតម្លៃទាប។ បច្ចុប្បន្ន ស្រូវមានតម្លៃប្រហែល៧០០រៀលក្នុងមួយគីឡូក្រាម តែជីថ្នាំកសិកម្មឡើងថ្លៃគុណនឹងពីរ។

 
ការដាំស្រូវវស្សាឆ្នាំ២០២២នេះ មានសភាពយឺតយ៉ាវ និងពុំទាន់សម្រេចតាមផែនការរបស់ក្រសួងកសិកម្មនៅឡើយ ដោយសារបញ្ហាភ្លៀងធ្លាក់ជាប់តាំងពីដើមឆ្នាំមក។  តំបន់មួយចំនួន មិនអាចបង្កបង្កើនផលបាន។ ទន្ទឹមនេះ កត្តាប្រេងឥន្ធនៈ និងជីថ្នាំកសិកម្មឡើងថ្លៃទ្វេដង កំពុងបង្ខំឱ្យកសិករមួយចំនួនបោះបង់របរធ្វើស្រែផងដែរ។
 
ឆ្នាំ២០២២នេះ ស្រូវ មានតម្លៃប្រហែល ៧០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ទាំងនេះ គឺជាមូលហេតុនាំឱ្យកសិករមួយចំនួនរារែកលែងចង់បន្តធ្វើស្រែនៅឆ្នាំបន្ទាប់។ 
 
លោក គង់ គា ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖ «កសិករមួយចំនួនត្រូវចំណាយច្រើនលើថ្លៃជី ប្រងសាំង ហើយលទ្ធផលចំណេញតិច។ អ៊ីចឹង នឹងធ្វើឱ្យកសិករកាត់បន្ថយ ហើយខ្លះបោះបង់ការដាំដុះស្រូវនៅឆ្នាំក្រោយ។ ម្យ៉ាងទៀត នៅពេលយើង សម្រុកនាំស្រូវចេញទៅប្រទេសជិតខាង អាចធ្វើឱ្យបញ្ហាតម្លៃអង្ករក្នុងស្រុកអាចកើនឡើងផងដែរនៅឆ្នាំ២០២៣»។
 
ប្រធាននាយកដ្ឋានដំណាំស្រូវ សន្និដ្ឋានថា បច្ចុប្បន្ន ប្រសិនបើ ស្រូវអាចទទួលបានតម្លៃ៩០០រៀលក្នុងមួយគីឡូក្រាម កសិករនឹងមិនបោះបង់របរធ្វើស្រែចោលនោះទេ។ យ៉ាងណា ការឡើងថ្លៃប្រេងឥន្ធនៈ និងជីថ្នាំកសិកម្មនេះ ត្រូវបានលោក គង់ គា បញ្ជាក់ថា ជាបញ្ហាសកល ដែលបណ្ដាលមកវិបត្តិកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
 
លោក ជា ស៊ាង កសិករធ្វើស្រែម្នាក់នៅឃុំព្រែកក្ដី ស្រុកកោះធំ ខេត្តកណ្ដាល បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ របរធ្វើស្រែរបស់លោកពុំសូវសមប្រកបនោះទេ ខណៈលោកបានកាត់បន្ថយដីដាំស្រូវពី៤,៥ហិកតា មកត្រឹម១,៥ហិកតាវិញ។ មូលហេតុដែល កសិកររូបនេះ សម្រចចិត្តបោះបង់ ដោយសារបញ្ហាប្រឈមមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុធ្វើឱ្យស្រូវខូច តម្លៃទីផ្សារស្រូវទាប។
 
លោក ជា ស៊ាង អះអាងថា កសិករខ្លះក្នុងឃុំព្រែកក្ដី បានសម្រេចលក់ដីស្រែរបស់ពួកគេចោល ក្រោយរងការខាតបង់ជាច្រើនលើក។ លោក ជា ស៊ាង បន្ថែមដូច្នេះ៖« ដើមទុនផលិតធំ ហើយដល់ពេលបានផលមកទូទាត់ទៅចំណេញបានតិច អ៊ីចឹង បានកសិករយើងគាត់កាត់បន្ថយធ្វើស្រែច្រើន។ ឥឡូវ ជីប្រេង ថ្នាំឡើងថ្លៃទាំងអស់។ បើដូចពួកខ្ញុំធ្វើស្រែជាប់ទន្លេវិញ ភ្លៀងមកបន្តិចលិចខូចស្រូវអស់ អ៊ីចឹង ខាតច្រើនម៉ង»។
 
កសិករទូទាំងឃុំព្រែកក្ដី សុទ្ធតែត្រូវពឹងផ្អែកលើការងារធ្វើស្រែទាំងអស់។ លោក ជា ស៊ាង ស្នើឱ្យក្រសួងកសិកម្ម ជួយដោះស្រាយបញ្ហាតម្លៃទីផ្សារស្រូវ ជាពិសេសកាត់បន្ថយថ្លៃប្រេងឥន្ធនៈ ជីថ្នាំកសិកម្ម ដើម្បីឱ្យកសិករមានទឹកចិត្តធ្វើស្រែបន្តទៀត។ ក្នុងបរិបទនេះ លោកចង់ឱ្យតម្លៃស្រូវឡើងដល់ ១ ៤០០ ទៅ១ ៥០០រៀលក្នុងមួយគីឡូក្រាម ដែលអាចឱ្យកសិកររកប្រាក់ចំណេញបាន។
 
យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកសិកម្ម គិតមកដល់ថ្ងៃទី២៥ ខែកក្កដានេះ ការដាំដុះស្រូវវស្សា សម្រេចជាង ៧៧ភាគរយ ស្មើនឹង ២០៣ ៧៦៤ ៣ហិកតា នៃផែនការ ២៦១ ៩៥០ ០ហិកតា ដោយយឺតជាង៣៤២ ៦៥៩ហិកតា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
 
ក្នុងនោះ ការដាំដុះស្រូវស្រាល សម្រេចបាន ៧២២ ២៩១ហិកតា។ ស្រូវកណ្ដាល សម្រេចបាន ៩២៣ ៥២៣ហិកតា។ ស្រូវធ្ងន់សម្រេចបាន ៣៦២ ៩៩៨ហិកតា។ ស្រូវចម្ការសម្រេចបាន ១៥ ៧៣៥ហិកតា និងស្រូវឡើងទឹក មានចំនួន ១៣ ០៩៦ហិកតា៕  
 
 

Tag:
 ក្រសួងកសិកម្ម
  ជីថ្នាំកសិកម្ម
  ការដាំដុះស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com