ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការកំពូល ច្រានចោលសំណើសុំនៅក្រៅឃុំពីសំណាក់លោក សៀម ភ្លុក
28, Jul 2022 , 11:52 am        
រូបភាព
តុលាការកំពូល មិនអនុញ្ញាតឲ្យលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ នៅក្រៅឃុំបណ្តោះអាសន្នតាមសំណើរបស់លោកឡើយ។ ការបដិសេធរបស់តុលាការកំពូល ធ្វើឡើងក្នុងសវនាការ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។


លោក ជូង ជូងី មេធាវីរបស់លោក សៀម ភ្លុម មិនទាន់អាចផ្តល់ហេតុផល ដែលតុលាការកំពូលបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក សៀម ភ្លុក ឡើយ។ លោក មិនទាន់អាចជម្រាបពីហេតុផលបាន ដោយសារលោក ពុំទាន់ទទួលបានសាលដីការបស់តុលាការកំពូលអំពីការបដិសេធនេះ បើទោះជាលោក បានស្តាប់តុលាការកំពូល ប្រកាសសាលដីកាហើយក៏ដោយ។ 
 
លោកមេធាវីរូបនេះ បញ្ជាក់ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២៨ ខែកក្កដាថា៖«យើង គ្រាន់តែស្តាប់សម្តីរបស់គេ  ដូច្នេះ ខ្ញុំ មិនអាចប្រាប់បានទេ ខ្លាចខុស ទាល់តែទទួលបានសាលដីកា ទើបខ្ញុំ អាចប្រាប់បាន»។
 
ក្រោយតុលាការជាន់ខ្ពស់ទាំង២ថ្នាក់ គឺសាលាឧទ្ធរណ៍ និងតុលាការកំពូល បដិសេធសំណើសុំនៅក្រៅឃុំ លោកមេធាវី ជូង ជូងី ស្វះស្វែងរកមធ្យោបាយតាមផ្លូវច្បាប់បន្តទៀត ដើម្បីជួយកូនក្តីរបស់លោក។ លោក អះអាងថា លោក នឹងត្រឡប់ទៅដាក់សំណើនៅតុលាការជាន់ទាបវិញ គឺតុលាការរាជធានីភ្នំពេញ ដើម្បីសុំឲ្យដោះលែងកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ន។
បើតាមព័ត៌មានពីលោកមេធាវី សំណុំរឿងរបស់លោក សៀម ភ្លុក មិនទាន់ឈានដល់ដំណាក់កាលជំនុំជម្រះនោះទេ ដោយស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅឡើយ។ 
 
សូមរម្លឹកថា លោក សៀម ភ្លុក ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០២២ ក្រោមបទចោទ ក្លែងបន្លំ និងបទចោទប្រើប្រាស់លិខិតក្លែង។ លោក ត្រូវបានចោទពីបទចោទប្រកាន់ទាំងនេះ ដោយសារក្រសួងមហាផ្ទៃ រកឃើញថា លោក និងមន្រ្តីផ្សេងទៀតរបស់លោក បានក្លែងបន្លំស្នាមមេដៃ ក្នុងការបង្កើតគណបក្សបេះដូងជាតិ។ ក្រសួងមហាផ្ទៃ សម្រេចមិនចុះគណបក្សបេះដូងជាតិចូលក្នុងបញ្ជីគណបក្សនយោបាយនោះទេ៕ 
 

Tag:
 សៀម ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com